ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរបាត់ដំបងកំពុងរៀបចំពង្រីកតំបន់ទេសចរណ៍បន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 49
អាជ្ញាធរបាត់ដំបងកំពុងរៀបចំពង្រីកតំបន់ទេសចរណ៍បន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន អាជ្ញាធរបាត់ដំបងកំពុងរៀបចំពង្រីកតំបន់ទេសចរណ៍បន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ ដំបង បាននិងកំពុងរៀបចំតំបន់ទេសចរណ៍នានា នៅជុំវិញខេត្តបន្ថែមទៀត ដើម្បី ទាក់ទាញភ្ញៀវជាតិ និងអន្តរ ជាតិ មកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើន ពិសេសពេលបិទបញ្ចប់វិបត្តិជំងឺកូវីដ-១៩ តាមរយៈកែលម្អនូវតំបន់ទេសចរណ៍ទាំងអស់នេះ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អប្រសើរ ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំ ពាក្យរដ្ឋបាលខេត្តបាត់ដំបង លើកឡើងថា គោលដៅរបស់អាជ្ញាធរខេត្ត គឺចង់ឲ្យភ្ញៀវទេសចរចេញពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ទៅលេងខេត្តសៀម រាប បង្ហួសមកលេងកម្សាន្តនៅខេត្តបាត់ដំបង ឬចេញពីភ្នំពេញតាមផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង បន្តទៅលេងកម្សាន្តនៅខេត្តសៀមរាប ឬ ខេត្តផ្សេងៗទៀត ។

លោកបានបន្តថា ក្នុងការធ្វើឲ្យមានភាពទាក់ទាញ និងឲ្យសម្រេចគោលដៅនោះ គឺខេត្តបានរៀបចំតំបន់ទេសចរ ណ៍ក្នុងទិសទាំង៤ ជុំវិញក្រុងបាត់ដំបង ដូចជានៅទិសខាង ត្បូង មានប្រាសាទបាណន់ រៀបចំបន្ថែមនូវភោជនីយដ្ឋាន រៀបចំតំបន់បៃតង និងទីតាំងជិះឡូរីនៅជើងភ្នំបាណន់ជាដើម, ទិសខាងជើង មានប្រាសាទឯកភ្នំ តាមរយៈការ រៀបចំផ្លូវភ្លោះពីទីរួមខេត្ត ការស្ដារបឹងធម្មជាតិជុំវិញប្រាសាទ មានបឹងរលួស និងបឹងតាគម រួមទាំងការដាំដើម ឈើរាប់រយដើមនិងកែលម្អទី តាំងទេសចរណ៍មួយចំនួន ។

លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា ទាំង៤ជ្រុង ជុំវិញក្រុងបាត់ដំបងនេះ ធ្វើម៉េចឲ្យក្លាយជាដែកឆក់ ហើយប្រជា ពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ មកខេត្ត បាត់ដំបង អាចមានទីកន្លែងកម្សាន្តច្រើន ។

គួរបញ្ជាក់ថា នៅខេត្តបាត់ ដំបង មានតំបន់ទេសចរណ៍ជាច្រើន ដូចជារមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិ កសិទេសចរណ៍ ទេសចរណ៍កែច្នៃ សហគមន៍ទេសចរណ៍ជាដើម ដោយកាលមិនទាន់ផ្ទុះមានជំងឺកូវីដ-១៩ ខេត្តនៅភូមិភាគពាយព្យប្រទេសមួយនេះ ក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តរាប់ម៉ឺននាក់ ៕

អត្ថបទទាក់ទង