ខ្មែរប៉ុស្ដិ៍ Close

ខេត្តបាត់ដំបងជាខេត្តដែលឈានមុខគេក្នុងការនាំអង្ករចេញទៅក្រៅប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 63
ខេត្តបាត់ដំបងជាខេត្តដែលឈានមុខគេក្នុងការនាំអង្ករចេញទៅក្រៅប្រទេស ខេត្តបាត់ដំបងជាខេត្តដែលឈានមុខគេក្នុងការនាំអង្ករចេញទៅក្រៅប្រទេស

អាជ្ញាធរខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តដែលឈានមុខគេក្នុងការនាំចេញអង្ករទៅក្រៅប្រទេស ដែលបានរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ផ្ទៃដីអនុវត្តការដាំដុះស្រូវសរុបមានចំនួនជាង ៣៨ ម៉ឺនហិកតា ទទួលបានទិន្នផលសរុបចំនួនជាង ១លានតោន ស្មើនឹងជាង៣តោនក្នុង១ហិកតា។ ស្បៀងសល់ជាអង្ករចំនួនជាង ៥សែនតោន និងគិតជាស្រូវចំនួនជាង៧សែនតោន។ ជាមួយគ្នានេះ ខេត្តបាត់ដំបងបាននាំអង្ករចេញទៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនបៃតងកម្ពុជាប្រមាណជាង៧ម៉ឺនតោន។ លោកបានបន្តទៀតថា ខេត្តបាត់ដំបងបាន បង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបានចំនួន ១៨ ៣៨៩ ហិកតា ស្មើនឹង ៥.៦៩% នៃផែនការដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ ចំនួន ៣២៣ ២០០ ហិកតា។

លោកបានបញ្ជាក់ថា សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដោយសារមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដីនិងដីដែលមានជីវជាតិខ្ពស់និងប្រព័ន្ធស្រោចស្រពសំបូរបែប។ ខេត្តបាត់ដំបងមានប្រភពទឹកនិងប្រព័ន្ធបង្ហូរទឹកជាច្រើនកន្លែង ដែលជាចំណុចខ្លាំងសម្រាប់វិស័យកសិកម្ម។

សំឡេង៖«ខេត្តបាត់ដំបងជាខេត្តមួយដែលល្បីល្បាញលើវិស័យកសិកម្ម បានជាប់ឈ្មោះជាជម្រុកស្រូវក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយសារខេត្តបាត់ដំបងមានប្រភពទឹកមានស្ទឹងបី ឆ្លងកាត់ សំខាន់ៗ ស្ទឹងមោង ស្ទឹងសង្កែ និងស្ទឹងមង្គលបុរី។ ក្នុងនោះខេត្តបាននាំអង្ករចេញតាមរយៈក្រុមហ៊ុនមូលដ្ឋាននៅក្នុងខេត្តបាត់ដំបងយើងមានក្រុមហ៊ុនជាង ១៥អាចនាំអង្ករ រយៈពេល ៤ ខែនេះបានជាង ១០ម៉ឺនតោនបើប្រៀបធៀបជាមួយទិន្នផលនាំចេញទូទាំងប្រទេសស្មើនឹង៣៣ភាគរយ សម្រាប់ការនាំចេញទូទាំងប្រទេសឆ្នាំនេះនៅតែឈានមុខក្នុងការនាំចេញអង្ករក្នុងខេត្តបាត់ដំបងរបស់យើង»។

យោងតាមរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគនិងរោចក្រធំៗនៅក្នុងខេត្ត មានដូចជា រោងម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃ ដំឡូងមីនិងពោត រោងចក្រស៊ីម៉ង់ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែជើងនិងរោងចក្រ សហគ្រាស គ្រឹះស្ថានផ្សេងៗទៀតចំនួន ៦១៩ ដែលបានផ្តល់ការងារដល់កម្មករចំនួនជាង១៤០០០នាក់៕

អត្ថបទទាក់ទង