ខ្មែរប៉ុស្ដិ៍ Close

លោក នេត្រ ភក្រ្តា ៖ យើងរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
លោក នេត្រ ភក្រ្តា ៖ យើងរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លោក នេត្រ ភក្រ្តា ៖ យើងរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ

ក្នុងឱកាសនៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២១ នេះ ក្រសួងបរិស្ថាននិងរដ្ឋបាលក្រុងសួងនៃខេត្តត្បូងឃ្មុំ បានសហការដាំដើមឈើ ប្រភេទឈើប្រណិត និងដើមផ្កាដើម្បីបង្កើនភាពបៃតង សម្រាប់ក្រុង និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់និងចូលរួមការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

គួរបញ្ជាក់ថា «ជីវៈចម្រុះនិងសុខភាពមនុស្ស» ដែលគឺជា ប្រធានបទនៃការប្រារព្ធទិវាបរិស្ថាន ឆ្នាំ២០២១ នេះ។ កូនឈើប្រណិតចំនួនជាង ១៥០០ ដើមក្នុងនោះមានកូនឈើគ្រញូងចំនួន ៤០០ ដើម ដើមធ្នុងជាង ២០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន ៥០០ដើម និងផ្កាអន្ធនេល ចំនួន ៤០០ ដើមត្រូវបានដាំនៅតាមផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដោយ មានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋជិត ១០០ នាក់។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាសកម្ម ភាពនៃការដាំដើមឈើនិងដើមផ្កាប្រភេទកម្រនៅថ្ងៃនេះ គឺជាសកម្មភាពមួយដ៏ល្អប្រពៃដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងធនធានធម្មជាតិ ហើយរួមគ្នាដាំដើមឈើបន្ថែមនៅក្នុងសហគមន៍ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃ ជីវៈចម្រុះគ្រប់ប្រភេទ។

លោករដ្ឋលេខាធិការមានប្រសាសន៍ថា ៖ «ការរួមគ្នាដាំដើមឈើតាមសហគមន៍ និងទីប្រជុំជន មិនមែនបង្កើតភាពបៃតង ជាម្លប់ និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទេប៉ុណ្ណោះទេ តែបានចូលរួមថែរក្សានិងអភិរក្សប្រភេទឈើ ប្រណីតសំខាន់នៅក្នុងសហគមន៍ និងចូលរួមបង្កើនវត្តមានឈើប្រណីតក្នុងប្រទេសកម្ពុជា និងជាការបន្សល់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅរៀងរាល់ឆ្នាំ កូនឈើប្រណិតរួមមានប្រភេទឈើគ្រញូង បេង នាងនួន ធ្នុង គគីរ ឈើទាលជាច្រើនសែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជាទាំងតាមផ្លូវសាធារណៈ តាមសាលារៀន វត្តអារាម និងនៅតាមតំបន់ព្រៃរិចរិលនានា។ លោករដ្ឋលេខាធិការបានហៅសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះថាជា ចលនាស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ និងការចូលរួមយ៉ាងផុសផុលនៃការដាំស្តារព្រៃឈើឡើងវិញ គឺជាកាយវិកានៃការគោរពស្រឡាញ់ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។

ជាមួយគ្នានេះលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ដើមឈើដែលយើងទាំងអស់គ្នាបានដាំនៅថ្ងៃនេះគឺមានន័យថាកម្ពុជានឹងមានដើមឈើថ្មី បន្ថែមលើធនធានព្រៃឈើដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្ស។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើបន្ថែម និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជា។

បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ដាន ប្រទេសកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះប្រព័ន្ធតំបន់ការពារពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះជាង ៧០ កន្លែង មានផ្ទៃដីជាង ៧,៣ លានហិកតាស្មើប្រមាណជាង ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមយុត្តាធិការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។

លោកបានថ្លែងថាផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧ ភាគរយនៃផ្ទៃដីប្រទេស។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាំដុះព្រៃឈើបន្ថែមថ្មីនេះគឺបានដើរតួនាទីសំខាន់ដើម្បីបង្កើតបរិស្ថានបៃតងសម្រាប់ភូមិឃុំ សហគមន៍ និងដើម្បីជាដំណោះស្រាយចំពោះបញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុជាក់ស្តែងដូចជារដូវវស្សាចាប់ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលនៃរបបទឹកនៃទន្លេមេគង្គ និងទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជាពលរដ្ឋជាដើម។

សូមរំលឹកដែរថា ក្រុងសួងនៃខេត្តត្បូងឃ្មុំគឺជាក្រុងមួយក្នុងចំណោមក្រុង ស្រុកនៃប្រទេសកម្ពុជាដែលសកម្មលើការបង្កើតគម្របបៃតង និងចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិដោយ ក្នុងនោះ បើតាមការបញ្ជាក់រវស់លោក ជា ណារ៉ុន អភិបាលនៃគណៈអភិបាលក្រុងសួង ដើមឈើប្រណីតរួមមានដើមគ្រញូង ធ្នុង នាងនួនរួមនឹងដើមផ្កាក្ងោកលឿង និងដើមអន្ធនេលជាង ៣០០០ ដើមហើយដែលត្រូវបានដាំនៅតាមដងផ្លូវនានាក្នុងក្រុងសួង។ រដ្ឋបាលក្រុងនឹងបន្តដាំដើមឈើបន្ថែមទៀតនៅឆ្នាំខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលក្រុងសួងក៏បានថ្លែងអំណរគុណចំពោះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋបាលក្រុង និងផ្តល់នូវកូនឈើប្រណីតរួមនឹងដើមផ្កាក្ងោកពណ៌លឿង និងដើមអន្ធនេលដើម្បីដាំក្នុងក្រុងផងដែរ៕