ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថាន ៖ បទល្មើសធនធានធម្មជាតិជិត៩ពាន់ករណី ត្រូវបានបង្រ្កាបក្នុងឆ្នាំ២០២០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 65
ក្រសួងបរិស្ថាន ៖ បទល្មើសធនធានធម្មជាតិជិត៩ពាន់ករណី ត្រូវបានបង្រ្កាបក្នុងឆ្នាំ២០២០ ក្រសួងបរិស្ថាន ៖ បទល្មើសធនធានធម្មជាតិជិត៩ពាន់ករណី ត្រូវបានបង្រ្កាបក្នុងឆ្នាំ២០២០

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ពេញមួយឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សទាំង១.២០០នាក់ នៃក្រសួងបរិស្ថាន បានចុះល្បាតសរុបចំនួន ២៧.៥៨៨លើក ដោយក្នុងការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌ បានបង្ក្រាបបទល្មើសបានចំនួន៨.៩១៧ករណី ដែលភាគច្រើនជាបទល្មើស លួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វនិងការដាក់ អន្ទាក់ចាប់សត្វ។

ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែមករា លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំកន្លងទៅនេះ សំណុំរឿងបទល្មើសធនធានធម្មជាតិ ដែលត្រូវបានបញ្ជូនទៅកាន់តុលាការ មានចំនួន ៦០៥ករណី ខណៈការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសមានចំនួន៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន២.៩៤៦ករណី។

លោកបានបន្តថាក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សនៃ ក្រសួងបរិស្ថាន បានរឹបអូសរណារយន្តបានចំនួន៤.០០៤ គ្រឿង ដោយមានការកើន ឡើងប្រមាណ៥០០គ្រឿង បើធៀបនឹងឆ្នាំ២០១៩ ដែលត្រូវបានរឹបអូសចំនួន៣.៤៩៤ គ្រឿង។ ចំណែកអន្ទាក់ដែលត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ មានចំនួន ៤៣.២៧០អន្ទាក់ គឺកើនឡើងជិត៤.០០០អន្ទាក់។ ដោយឡែក រថយន្តចំនួន២១៥គ្រឿង ដែលប្រព្រឹត្តបទល្មើស ត្រូវបានរឹបអូស និងគោយន្តចំនួន៦១១គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០គ្រឿង ត្រូវបានដកហូតផងដែរ។ ទន្ទឹមគ្នានោះ មន្ត្រីឧទ្យានុរក្ស ក៏បានដកហូត កាំភ្លើងកែច្នៃ ដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន៧៣៧ ដើម និងដកហូតឈើ បានចំនួន២.៧១៨ម៉ែត្រគូប។

លោកបានមានប្រសាសន៍ថា ការបង្ក្រាប និងទប់ស្កាត់បទល្មើសមានការកើនឡើង គឺបានបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់ មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាច នឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើនិងជីវៈចម្រុះ។ ឯកឧត្តម អះអាងថា បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូច ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តសហការជាមួយសហគមន៍ តំបន់ការពារធម្មជាតិ និងអង្គការដៃគូចុះអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ ដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀត សំដៅថែរក្សា និងការពារធនធានធម្មជាតិ ដែលកម្ពុជានៅមានឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

អត្ថបទទាក់ទង