សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៩ចំណុច ដើម្បីធានាការលើកម្ពស់សិទ្ធិរបស់កុមារ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៩ចំណុច ដើម្បីធានាការលើកម្ពស់សិទ្ធិរបស់កុមារ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ
ដើម្បីចូលរួមអបអរសាទរខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែមិថុនា នេះ បានសរសេរសារលិខិតមួយ ផ្ញើជូនបងបងប្អូនជនរួមជាតិ និងក្មួយៗ ចៅៗ កុមារា កុមារីជាទីស្រលាញ។
នៅក្នុងសារលិខិតសម្តេចតេជោ បានគូសបញ្ជាក់ថា « «រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាយកចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន៩ចំណុច ដើម្បីធានាដល់ការលើកម្ពស់សិទ្ធិរបស់កុមារ និងធានាថាកុមារទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។ ការងារអាទិភាពទាំង៩ចំណុចនោះរួមមាន៖
១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ។ ជាពិសេសកុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់នៃ ការរើសអើង ការផាត់ចេញពីសង្គមនិងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិ ដើមភាគតិច កុមារមានពិការភាព)។
២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរក្នុង ការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការ ចែករំលែកចំណេះដឹង បទពិសោធស្តីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។
៣៖ សូមលើកទឹកចិត្តដល់កុមារ និងសហគមន៍ ដើម្បីត្រៀមខ្លួន និងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំងជម្នះរាល់ការលំបាកនានា។
៤៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រ ឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនិងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ ដោយបន្តពង្រឹងសេវាគាំពារនិងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបំណិនជីវិត។
៥៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្សនិងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញនិងក្រៅ ប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។
៦៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើក កម្ពស់ការយល់ដឹងនិងផ្លាស់ប្ដូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅក្នុងសហគមន៍ ជា ពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្ដូរសហគមន៍របស់ពួកគេ។
៧៖ សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី/ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្អួត ការផ្ដល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារនិងសហគមន៍ ជាពិសេសកុមាររងគ្រោះ ដោយឪពុកម្តាយ ទុកចោល កុមារដែលទទួលរងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។
៨៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់ កុមារគ្រប់វិស័យ។
៩៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្ត សិទ្ធិកុមារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ៕









