ខ្មែរប៉ុស្ដិ៍ Close

ក្រុមគោព្រៃកម្ពុជាចាប់ផ្តើមហ្វឹកហាត់ត្រៀមយកឈ្នះម្ចាស់ផ្ទះបារ៉ែន (មានវីដេអូ)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 82
ក្រុមគោព្រៃកម្ពុជាចាប់ផ្តើមហ្វឹកហាត់ត្រៀមយកឈ្នះម្ចាស់ផ្ទះបារ៉ែន (មានវីដេអូ) ក្រុមគោព្រៃកម្ពុជាចាប់ផ្តើមហ្វឹកហាត់ត្រៀមយកឈ្នះម្ចាស់ផ្ទះបារ៉ែន (មានវីដេអូ)

បន្ទាប់ពីចំណាយពេល ៣៨ម៉ោង សម្រាប់ការហោះហើរ និងរង់ចាំនៅតាមអាកាសយានដ្ឋាននានា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសបារ៉ែនហើយ កាលពីថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានចាប់ផ្តើមការហ្វឹកហាត់ នៅថ្ងៃបន្ទាប់ ដើម្បីត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។

ក្រុមជម្រើសជាតិកម្ពុជាមានកីឡាករ ២៤នាក់ ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda រួមទាំងគ្រូជំនួយត្រូវបានធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ នៅប្រទេសបារ៉ែន ប៉ុន្តែលទ្ធផលអវិជ្ជមាន ដែលធ្វើឱ្យក្រុមជម្រើជាតិកម្ពុជាអាចចាប់ផ្តើមហ្វឹកហាត់ ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន មុនគេ នាវេលាម៉ោង ១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១។ ក្រុមកម្ពុជានឹងត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។

សូមរម្លឹកថា កាលពីជំនួបជើងទី១ ក្នុងពូល Cនេះបានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ ទល់នឹង ១, ក្រុមម្ចាស់ផ្ទះកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ ទល់នឹង ៤ និងពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរបូតគ្រាប់បាល់រហូតដល់ ០ ទល់នឹង ១៤។

ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលC នេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង កម្ពុជា)។

ដូច្នេះហើយ ៣ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជាប្រកួតបង្គ្រប់កិច្ច ដែល៣ក្រុមត្រូវប៉ះជាមួយក្រុមកម្ពុជា នាដើមខែមិថុនា ខាងមុខឆាប់ៗនេះ សុទ្ធសឹងជាក្រុមខ្លាំងៗ ប្រចាំទ្វីបអាស៊ី ។ បើគិតលើចំណាត់ថ្នាក់ប្រចាំទ្វីបអាស៊ី បច្ចុប្បន្ន គឺក្រុមអ៊ីរ៉ង់ ឈរលេខ២ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៣១), អ៊ីរ៉ាក់ លេខ៨ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៦៨) និងក្រុមបារ៉ែន ឈរលេខ១៦ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៩៨) ខណៈកម្ពុជា ឈរលេខ៣៨ (ចំណាត់ថ្នាក់ពិភពលោក ១៧៤) ៕

បញ្ជីការប្រកួតជម្រុះវើលខាប់ជុំទី២ ដែលកម្ពុជានៅសល់ក្នុងដៃ
បញ្ជីការប្រកួតជម្រុះវើលខាប់ជុំទី២ ដែលកម្ពុជានៅសល់ក្នុងដៃ