ខ្មែរប៉ុស្ដិ៍ Close

ក្រុមគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល A នៃព្រឹត្តិការណ៍ U23 AFF Championship 2022

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
ក្រុមគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល A នៃព្រឹត្តិការណ៍ U23 AFF Championship 2022 ក្រុមគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល A នៃព្រឹត្តិការណ៍ U23 AFF Championship 2022

យោងតាមលទ្ធផលលទ្ធផលចាប់ឆ្នោតចែកពូលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមគោព្រៃកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយទីម័រខាងកើត ហ៊្វីលីពីន និងព្រុយណេ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (U23 AFF Championship 2022) ដោយមាន១១ប្រទេស ដែលគ្រោងនឹងប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ចំពោះពូល B មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ និងពូល C មាន៣ក្រុម គឺថៃ វៀតណាម និងសិង្ហបុរី។ សូមបញ្ជាក់ថា នេះជាមោទនភាពជាតិ ដែលពហុកីឡដ្ឋានជាតិមរតកតេជោទទួលធ្វើម្ចាស់ផ្ទះដំបូង ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

នេះក៏ជាគោលដៅ នៃការត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ផងដែរ។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្លាប់បញ្ជាក់កាលពីពេលថ្មីៗនេះថា សម្រាប់ការប្រកួតផ្លូវការ ជើងឯកអាស៊ានអាយុក្រោម២៣ឆ្នាំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺការប្រកួតដំបូង នាដើមឆ្នាំ២០២២ បន្ទាប់ពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ។ ព្រឹត្តិការណ៍នេះ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត គឺជាផ្លូវតែមួយក្នុងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្តង។ ចំពោះអាយុរបស់កីឡាករក្នុងព្រឹត្តិការណ៍ នឹងមានខ្លះអាចចូលរួមលេងក្នុងស៊ីហ្គេម ឆ្នាំ២០២៣បាន ដោយស៊ីហ្គេម ប្រើប្រាស់ឈុតអាយុក្រោម ២២ឆ្នាំ។ នេះគឺជាការបង្កើនកម្រិតគុណភាពបច្ចេកទេស របស់ក្រុមជម្រើសជាតិផង និងត្រៀមខ្លួនក្នុងការរៀបចំផង ដោយសារពហុកីឡ ដ្ឋានជាតិមរតកតេជោ គឺជាកីឡដ្ឋានថ្មីដ៏ធំមហាសាល។ ដូច្នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងបានដកស្រង់បទពិសោធន៍ដំបូង សម្រាប់ការរៀបចំការប្រកួតជាផ្លូវការនេះផងដែរ។

លោកអគ្គលេខាធិការបញ្ជាក់បន្ថែមទៀតថា ជាធម្មតាការទទួលធ្វើម្ចាស់ផ្ទះតែងតែផ្តល់នូវផលចំណេញច្រើន ដូចជា ទទួលបានជាបទពិសោធន៍ នៃការរៀបចំផង និងផលប្រយោជន៍ជាសាធារណៈផង ដោយធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ ដែលជាចំណែកនៃការអភិវឌ្ឍវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕

ប្រភព៖ AKP