ខ្មែរប៉ុស្ដិ៍ Close

តំបន់លឿង ៖ អាជ្ញាធរភ្នំពេញបញ្ចប់ការអនុវត្តបម្រាមគោចរ និងអនុញ្ញាតឲ្យអាហារដ្ឋានអាចទទួលភ្ញៀវវិញ ប៉ុន្តែត្រូវគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាដាច់ខាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
តំបន់លឿង ៖ អាជ្ញាធរភ្នំពេញបញ្ចប់ការអនុវត្តបម្រាមគោចរ និងអនុញ្ញាតឲ្យអាហារដ្ឋានអាចទទួលភ្ញៀវវិញ ប៉ុន្តែត្រូវគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាដាច់ខាត តំបន់លឿង ៖ អាជ្ញាធរភ្នំពេញបញ្ចប់ការអនុវត្តបម្រាមគោចរ និងអនុញ្ញាតឲ្យអាហារដ្ឋានអាចទទួលភ្ញៀវវិញ ប៉ុន្តែត្រូវគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាដាច់ខាត

សម្រាប់តែតំបន់លឿងប៉ុណ្ណោះ ការអនុវត្តវិធានការមួយចំនួនក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ មានដូចជា ការអនុវត្តបម្រាមគោលចរហាមឃាត់ការធ្វើដំណើរនៅចន្លោះម៉ោងប្រាំបីយប់រហូតដល់ម៉ោងបីទៀបភ្លឺ ការផ្អាកជាបណ្តោះអាសន្នអាជីវកម្មអាហារដ្ឋានមិនឲ្យទទួលភ្ញៀវចូលទទួលទាន និងការផ្អាកជាបណ្តោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ត្រូវបានបិទបញ្ចប់។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី ២១ឧសភាម្សិលមិញ។

សម្រាប់អាជីវកម្មអាហារដ្ឋានបើកទទួលភ្ញៀវឡើងវិញទាំងអស់នឹងត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាដាច់ខាត មានជាអាទិ៍ការពាក់ម៉ាស ការរក្សាគម្លាត ការធ្វើអនាម័យសម្លាប់មេរោគ ការវាស់កម្តៅជាដើម ដើម្បីធ្វើយ៉ាងណាបង្ការការឆ្លងជំងឹកូវីដ-១៩។ ដោយឡែកសម្រាប់អាជីវកម្មកម្សាន្ត រួមមានខារ៉ាអូខេ រង្គសាល អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត ក្លឹបហាត់ប្រាណ និងអាជីវកម្មធំៗមួយចំនួនទៀត នៅមិនទាន់អាចដំណើរការអាជីវកម្មខ្លួនវិញបាននៅឡើយនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី។

ជាមួយការបិទបញ្ចប់ការអនុវត្តបម្រាមគោលចរនេះដែរ រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ក៏បានសម្រេចបើកឲ្យដំណើរឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ ដោយអាជីវករតាមផ្សារទាំងអស់អាចលក់ដូរជាប្រក្រតីឡើងវិញ លើកលែងតែចំពោះផ្សារមិនរៀបរយមួយចំនួន មានដូចជាផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវជាដើម ដោយអាជ្ញាធរអះអាងថាជាការបន្តបង្ការការរាលដាលជំងឺកូវីដ-១៩។

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុវត្តបម្រាមគោលចរហាមឃាត់ការធ្វើដំណើរនៅពេលរាត្រីសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃ១មេសា បន្ទាប់ពីរាជធានីភ្នំពេញមានការឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈការរាលដាលជំងឺកូវីដ-១៩ក្នុងសញ្ញាណធ្ងន់ធ្ងរនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអនុវត្តជាបន្តនូវវិធានការមួយចំនួន ដូចជា ការផ្អាកលក់គ្រឿងស្រវឹងចាប់ពីថ្ងៃទី១០មេសា ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញរយៈពេល២១ថ្ងៃចាប់ពីថ្ងៃទី១៥មេសារហូតដល់ថ្ងៃទី៥ឧសភា និងការផ្អាកជាបណ្តោះអាសន្នការលក់ដូរនៅតាមផ្សារទាំងអស់នៅថ្ងៃទី២៤មេសា៕ RFI

អត្ថបទទាក់ទង