ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ឧបត្ថម្ភដល់គ្រួសារមានសមាជិកស្លាប់ដោយជំងឺកូវីដចំនួន៣០ម៉ឺនរៀល និងជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតរយៈពេល៥ខែ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ឯកសារ 23

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ការឧត្ថម្ភជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០.០០០រៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់បា្រក់សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ។

នេះតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» និងសម្រាប់គ្រួសារដែលមាន អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងគ្រួសារ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចផ្តល់ជូននូវការឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព នៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ឆ្នាំ២០២១ នៅទូទាំងប្រទេសដូចខាងក្រោម៖

ក. សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩

ផ្តល់ជូនការឧបត្ថម្ភជាសាច់បា្រក់ចំនួន ៣០០,០០០រៀល និងបូកបន្ថែមនូវការឧបត្ថម្ភ ជាសាច់បា្រក់ សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាត សម្រាប់រយៈពេល៥ខែ ស្របតាមមូលដ្ឋានគណនាដែលត្រូវបានកំណត់សម្រាប់ «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ។ ការឧបត្ថម្ភនេះ ផ្តល់ជូនបន្ថែមពីលើជំនួយសង្គមជាធរមាន ទាំងឡាយដែលគ្រួសារប្រជាពលរដ្ឋគោលដៅទទួលបាន និងត្រូវបានបើកផ្តល់ជូនជាសាច់ប្រាក់សរុប តែមួយលើក តាមរយៈធនាគារវីង ។

ខ. សម្រាប់គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព

  • គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ស្ថិតនៅក្នុងភូមិសាស្ត្រក្រៅពីរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភសរុប តាមទំហំគ្រួសារ ដូចគ្នានឹងការឧបត្ថម្ភជាសាច់ប្រាក់ ជូនដល់គ្រួសារប្រជាពលរដ្ឋគោលដៅ ដែលស្ថិតនៅក្រោមកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដែរ ។
  • កម្មករ-និយោជិតឆ្លងជំងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រ-សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប និងដែលស្ថិតនៅក្នុងភូមិសាស្ត្រ ក្រៅពីរាជធានីភ្នំពេញ, ក្រុងតា-ខ្មៅ និងក្រុងព្រះសីហនុ នឹងទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភសរុប ចំនួន១៦ម៉ឺនរៀល/ម្នាក់ ដែលនឹងត្រូវបើកផ្តល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  • គ្រួសារប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ប្រភេទ «ក្រ-១» និង «ក្រ-២» ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងដែលកំពុងបន្តទទួលបាននូវជំនួយឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់ទ្រទ្រង់ជីវភាពពីរដ្ឋជារៀងរាល់ខែ នឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភថែមទៀតទេ ។
  • គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក៏ដូចជាកម្មករ-និយោជិតឆ្លងជំងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប នៅក្នុងរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភថែមទៀតទេ ព្រោះរដ្ឋបានផ្តល់ជំនួយឧបត្ថម្ភជាសាច់ប្រាក់ក្រោមកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ជូនរួចហើយ។

យន្តការ, នីតិវិធី និង កាលបរិច្ឆេទនៃការបើកផ្តល់អន្តរាគមន៍ជំនួយសង្គមខាងលើនេះ នឹងត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់ក្រុមបឹ្រក្សាជាតិគាំពារសង្គម៕

អត្ថបទទាក់ទង