ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ តើក្រុមប្រឆាំងបានធ្វើអ្វីខ្លះក្នុងពេលដែលកម្ពុជា កំពុងរងគ្រោះនៃរលកកូវីដ-១៩?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 62
ទស្សនៈមិត្តអ្នកអាន៖ តើក្រុមប្រឆាំងបានធ្វើអ្វីខ្លះក្នុងពេលដែលកម្ពុជា កំពុងរងគ្រោះនៃរលកកូវីដ-១៩? ទស្សនៈមិត្តអ្នកអាន៖ តើក្រុមប្រឆាំងបានធ្វើអ្វីខ្លះក្នុងពេលដែលកម្ពុជា កំពុងរងគ្រោះនៃរលកកូវីដ-១៩?

ចំណងជើងនៃសំណួរនេះគឺហាក់ដូចជាបានដាស់ស្មារតីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស អាចធ្វើការវាយតម្លៃ និងបែងចែកយ៉ាងច្បាស់ក្រឡែតថា តើនរណាជាទេវតាមកប្រោសព្រំ និងថែទាំជីវិតប្រជាជន ហើយតើនរណាជាបិសាចដែលតាមព្យាបាទ ញុះញង់ រុញច្រានជីវិតប្រជាជនឱ្យធ្លាក់ទៅរកជ្រោះមរណៈនៃការរាតត្បាតដោយជំងឺកូវីដ-១៩។

កម្ពុជាមកដល់បច្ចុប្បន្ននេះ បានឆ្លងកាត់នូវការវាយប្រហារដោយរលកកូវីដ-១៩ ចំនួន៣ដំណាក់កាលរួចមកហើយ។ ដោយឡែកព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ធំៗចំនួន២លើកគឺព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកា  និង២៨វិច្ឆិកា ឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រយុទ្ធប្រឆាំង និងបិទបញ្ចប់ប្រកបដោយជោគជ័យ។

ការផ្ទុះឡើងនៃរលកកូវីដ-១៩លើកទី៣ ដែលហៅថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលកំពុងបន្តមកដល់ពេលនេះ បើទោះបីជាមិនទាន់បានបិទបញ្ចប់នៅឡើយក្តី ក៏ស្ថានភាពហាក់បីដូចជាកំពុងត្រូវបានគ្រប់គ្រងបាន និងកាន់តែមានភាពធូរស្រាលបន្តិចម្តងៗ ហើយដែលយើងទាំងអស់គ្នាសង្ឃឹមយ៉ាងមុតមាំថានឹងអាចបិទបញ្ចប់បានក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន។

ស្របពេលដែលប្រជាជនកម្ពុជា កំពុងឆ្លងកាត់នូវទុក្ខលំបាកនៃរលកកូវីដ-១៩ ទាំង៣ដំណាក់កាលនេះ ក្រុមប្រឆាំងដែលមានមេឧទ្ទាមក្រៅច្បាប់កំពុងគេចខ្លួនរស់សំងំសុខតែម្នាក់ឯងនៅក្រៅប្រទេសនោះ បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីញុះញង់ប្រជាជនឱ្យភ្លេចគិតពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវងាកទៅរកសេចក្តីស្លាប់គ្រប់ជំហ៊ាន។ ជាក់ស្តែង តាំងពីដំណាក់កាលដំបូងដែលស្ថានភាពកូវីដ-១៩មិនទាន់កើតមាននៅកម្ពុជា មេឧទ្ទាមក្រៅច្បាប់ បានឃោសនាបំភ័យប្រជាពលរដ្ឋឱ្យមានការជ្រួលច្របល់ពីការចំលងរោគទៅវិញ ដោយចោទប្រកាន់រាជរដ្ឋាភិបាលដែលបានធ្វើសកម្មភាពមនុស្សធម៌ជួយសង្គ្រោះនាវាខ្នាតយក្សឈ្មោះ វេសស្ទើដាម (Westerdam) ដឹកអ្នកដំណើរដែលបានជាប់គាំងនៅកណ្តាលមហាសមុទ្រថាជាការនាំជម្ងឺចូលប្រទេសទៅវិញ។ ប៉ុន្តែ នៅទីបំផុតអ្នកដំណើរគ្រប់ជាតិសាសន៍នៅលើនាវាត្រូវបានសង្គ្រោះ និងគ្មានការចំលងរោគកូវីដ-១៩ម្នាក់សោះឡើយ ហើយត្រូវបានរដ្ឋាភិបាលនៃប្រទេសនានាដែលមានប្រជាជនខ្លួនជាប់គាំងនៅលើនាវា ផ្ញើសារថ្លែងអំណរគុណប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយកិត្តិយសបំផុត។

ឈានមកដល់ដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំពោរពេញដោយបទពិសោធន៍ បានប្រើប្រាស់បញ្ញាញាណក្នុងការជ្រោងទង់ការពារសុខុមាលភាពជាតិខ្ពស់ ប្រមូលផ្តុំកម្លាំងសរុបប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមយ៉ាងសកម្មដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី៣នេះ តាមរយៈការបរិច្ចាគទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិការបស់ប្រជាជាតិទាំងមូលដើម្បីចរចារកជំនួយ និងទិញវ៉ាក់សាំងមកចាក់ជូនប្រជាជន។ ផ្ទុយមកវិញ ក្រុមប្រឆាំង និងមេឧទ្ទាម មិនត្រឹមតែមិនបានជួយថវិកាអ្វីបន្តិចឡើយ ពួកគេថែមទាំងបំផុសប្រជាពលរដ្ឋកុំឱ្យទៅចាក់វ៉ាក់សាំង បំភ្លៃអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង កុំឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ចេញដើរសេរីល្មើសនិងបំរាមរបស់អាជ្ញាធរដើម្បីឱ្យមានការឆ្លងរាតត្បាតនៃជំងឺធ្ងន់ធ្ងរថែមទៀតផង។

អ្វីដែលក្រុមប្រឆាំងធ្វើសកម្មភាពគឺផ្ទុយនិងវិធានការរបស់រាជរដ្ឋាភិបាលជាប្រចាំ។ នៅក្នុងដំណាក់កាលដែលមិនត្រូវឱ្យប្រជាពលរដ្ឋភ័យខ្លាច ក្រុមប្រឆាំងនាំគ្នាបំផុសប្រជាពលរដ្ឋឱ្យមានការភ័យខ្លាច ប៉ុន្តែនៅពេលដែលដល់ដំណាក់កាលដែលរាជរដ្ឋាភិបាលនែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពួកគេបែរជាបំផុស និងញុះញង់ឱ្យប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្នទៅវិញ។ មានន័យថា បើប្រជាពលរដ្ឋមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងស្លាប់កាន់តែច្រើន នោះគឺជាជោគជ័យរបស់ក្រុមប្រឆាំង ដើម្បីពួកគេអាចទម្លាក់កំហុសនៃការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាល។

ប៉ុន្តែ នៅពេលដែលផែនការបំផុសប្រជាពលរដ្ឋមិនឱ្យចេញទៅទទួលការចាក់វ៉ាក់សាំង ត្រូវបរាជ័យ ដោយប្រជាពលរដ្ឋមិនស្តាប់ និងមិនធ្វើតាម មេឧទ្ទាមក្រៅច្បាប់បែរជាប្រើឧបាយកលបំផុសឱ្យប្រជាពលរដ្ឋនាំគ្នាសម្រុកចេញទៅចាក់វ៉ាក់សាំងវិញម្តង នៅពេលដែលចំនួនវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅមានកំណត់។ នេះជាផែនការដើម្បីញុះញង់ឱ្យប្រជាពលរដ្ឋចេញទៅតវ៉ា ដើម្បីជាឆ្នួនធ្វើឱ្យមានចលាចលក្នុងសង្គម តែទីបំផុតផែនការដ៏អាក្រក់នេះត្រូវបានលោកនាយករដ្ឋមន្ត្រី ប៉ាន់ស្មានដឹងជាមុននិងមានវិធានការណ៍ទប់ស្កាត់បានប្រកបដោយជោគជ័យ។

ជារួម ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដើម្បីជៀសផុតពីការឆ្លងនៃមេរោគកូវីដ-១៩ ក្រៅពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល «៣កុំ ៣ការពារ» និងមិនចេញក្រៅផ្ទះបើមិនមានការចាំបាច់ ប្រជាពលរដ្ឋត្រូវរូតរះទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា តាមគោលដៅអាទិភាពដែលកំណត់ដោយគណៈកម្មការចាក់វ៉ាក់សាំង នោះទើបសហគមន៍យើងឆាប់ទទួលបាននូវភាពស៊ាំឈ្នះនិងជំងឺដ៏កាចសាហាវនេះ។ សំខាន់ជាងនេះទៀត ប្រជាពលរដ្ឋគ្រប់រូបមិនត្រូវជឿលើព័ត៌មានបំភ្លៃ និងការញុះញង់របស់មេឧទ្ទាមក្រៅច្បាប់ និងក្រុមប្រឆាំងក្រៅច្បាប់តទៅទៀតនោះទេ។ បងប្អូនអាចមើលឃើញ និងចេះវាយតម្លៃនូវអ្វីដែលជាអំពើល្អ និងអ្វីដែលជាអំពើអាក្រក់យ៉ាងពិតប្រាកដ។ ជាក់ស្តែង គឺមានតែរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលតែងតែរួមរស់ និងរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ៕

ដោយ៖ ពង្ស សុក្រឹត្យ

អត្ថបទទាក់ទង