ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជនជាតិខ្មែរ ៤នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីករណីស្លាប់អ្នកជំងឹកូវីដ-១៩ ចំនួន ៤នាក់ទៀត ដោយសារជំងឺកូវីដ-១៩។

ក្រសួងបានបញ្ជាក់ថា អ្នកស្លាប់ទាំង ៤នាក់រួមមានដូចខាងក្រោម៖

១៖ បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤៖២០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមាន កូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។

ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧៖២០នាទីព្រឹក។ តាមការការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

២៖ បុរសជនជាតិខ្មែរអាយុ ៧២ឆ្នាំ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន នៅថ្ងៃទី០៩ ខែមេសាឆ្នាំ២០២១ ដោយមានរោគសញ្ញា ក្អកហត់ រួមទាំងមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតំរងនោមដំណាក់កាលចុងក្រោយប្រចាំកាយ។ បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩ ហើយអ្នកជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

ដោយស្ថានភាពរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖០២នាទី រសៀល។ តាមការសន្និដ្ឋានបុរសរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតំរងនោមប្រចាំកាយ។

៣៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅខេត្តព្រះសីហនុបានចូលសម្រាក ពេទ្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០នាទី។ បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ ជាមួយរោគសញ្ញាហត់ដង្ហក់ខ្លាំង មានស្ថានភាពពិបាកដកដង្ហើមដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗ ដើម្បីជួយសង្គ្រោះប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេល់ម៉ោង ១៣៖៤០នាទី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។

៤៖ ស្ត្រីជនជាតិខ្មែរអាយុ ៤០ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ រួចត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលព្យាបាលចាក់អង្រៃ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖១០នាទី។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏មិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦៖២៨នាទី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល ចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

សូមបញ្ជាក់ថា គិតដល់ត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អ្នកជំងឹកូវីដ-១៩ ចំនួន ៤៩នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង