ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ក្រោមប្រធានបទ«ផ្តល់ក្តីស្រលាញ់ដល់ធម្មជាតិ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
កម្ពុជាប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ក្រោមប្រធានបទ«ផ្តល់ក្តីស្រលាញ់ដល់ធម្មជាតិ» កម្ពុជាប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ក្រោមប្រធានបទ«ផ្តល់ក្តីស្រលាញ់ដល់ធម្មជាតិ»

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឱ្យដឹងថា ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅកម្ពុជាសម្រាប់ឆ្នាំ២០២១នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ផ្តល់ក្តីស្រលាញ់ដល់ធម្មជាតិ»

ថ្លែងបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦ ខែមីនានេះ ឯកឧត្ដម បានពន្យល់ថា ពេលនេះគឺជាពេលវេលាដែលឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីសារសំខាន់ និងចំណងភ្ជាប់រវាងធម្មជាតិ និងជីវចម្រុះ ទៅនឹងការរស់រាន និងសុខុមាលភាពរបស់មនុស្សទាំងអស់គ្នា។ ឯកឧត្ដម បានបន្តថា ព្រៃឈើ គឺជាសួតសម្រាប់ចម្រោះនូវបរិយាកាសកខ្វក់ ដែលជាធាតុមួយដ៏សំខាន់នៃធនធានធម្មជាតិ ដោយព្រៃឈើមានតម្លៃខ្ពស់មិនអាចប៉ាន់ប្រមាណបានលើផ្នែកថែរក្សាការពារ លំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យអាកាសធាតុមានភាពកាន់តែប្រសើរឡើង ធ្វើឱ្យខ្យល់បរិសុទ្ធ រក្សាបាននូវនិយ័តភាពប្រភពទឹក ការពារទីជម្រាល និងជីវចម្រុះ។

សូមបញ្ជាក់ថា នៅឆ្នាំនេះទិវាមួយម៉ោងសម្រាប់ភពផែនដី ត្រូវបានរៀបចំឡើងដោយមានកម្មវិធីលើប្រព័ន្ធឌីជីថល(បណ្តាញសង្គមអនឡាញ) ក្នុងស្មារតីរួមសាមគ្គីភាពជាមួយប្រជាជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក ខណៈស្ថិតក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖

រាល់សកម្មភាពចូលរួមទាំងអស់ ទោះបីតិច ឬច្រើន ដែលអនុលោមតាមច្បាប់ ប្រកបដោយការទទួលខុសត្រូវ និងភាពស្មោះត្រង់ គឺសុទ្ធតែមានប្រយោជន៍ទាំងអស់ ដើម្បីជាការចូលរួមចំណែកក្នុងការថែរក្សានិងការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស និងជួយទប់ស្កាត់ឱ្យបានកុំឱ្យជីវចម្រុះបាត់បង់ ក៏ដូចជាជួយកាត់បន្ថយនូវហេតុប៉ះពាល់ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ សម្រាប់ជាប្រយោជន៍ដល់មនុស្ស និងធម្មជាតិ។

លោក សេង ទៀក នាយក អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF យល់ថា នេះជាស្មារតីមួយដែលផ្តល់នូវក្តីសង្ឃឹម ក៏ដូចជាការលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការសហការរួមគ្នា ដើម្បីថែរក្សា និងការពារធម្មជាតិ ទន្លេ ព្រៃឈើ ព្រមទាំងជីវចម្រុះដ៏ស្រស់ស្អាត និងមានតម្លៃ ជាសកលរបស់កម្ពុជា ក៏ដូចជាចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព ដែលជាទីកន្លែងដែលមនុស្សរស់នៅយ៉ាងសុខដុមជាមួយធម្មជាតិ៕

អត្ថបទទាក់ទង