ខ្មែរប៉ុស្ដិ៍ Close

ក្រុមអ្នកអភិរក្សស្រាវជ្រាវពីវត្តមានសត្វដំរីនៅតំបន់ទន្លេស្រែពក បន្ទាប់ពីឃើញមានតម្រុយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 29
ក្រុមអ្នកអភិរក្សស្រាវជ្រាវពីវត្តមានសត្វដំរីនៅតំបន់ទន្លេស្រែពក បន្ទាប់ពីឃើញមានតម្រុយ ក្រុមអ្នកអភិរក្សស្រាវជ្រាវពីវត្តមានសត្វដំរីនៅតំបន់ទន្លេស្រែពក បន្ទាប់ពីឃើញមានតម្រុយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មន្រ្តីផ្នែកស្រាវជ្រាវសត្វព្រៃ បានចុះតាមដាន និងប្រមូលសំណាកលាមកសត្វដំរីក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ក្រោយពីឃើញមាន តម្រុយពួកវាឆ្លងកាត់នៅតំបន់នោះ។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអ្នកជំនាញផ្នែក ស្រាវជ្រាវសត្វព្រៃ របស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF នៅក្នុងសប្ដាហ៍ទី៤ នៃខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះស្រាវជ្រាវនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដោយតាមដានស្លាកស្នាមដានជើង និងប្រមូលសំណាកលាមករបស់ សត្វដំរី ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើDNA ខណៈហ្វូងដំរីបានបន្លាស់ទីពីដែនជម្រកសត្វព្រៃមួយ ទៅកាន់ដែនជម្រក សត្វព្រៃមួយទៀត និងឆ្លងកាត់តំបន់របៀងអភិរក្សជីវៈចម្រុះក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ ឯកឧត្តម មានប្រសាសន៍ថា «នៅខាងភូមិភាគប៉ែកឦសាន្តហ្នឹង គឺនៅរតនគិរី នៅមណ្ឌលគិរីហ្នឹង គឺដំរីដែលយើងជឿជាក់ថា វាមាននៅកន្លែងហ្នឹង គឺមានប្រមាណជាជាង១០០ក្បាល។ កាលពីប៉ុន្មានថ្ងៃមុន ក៏យើងបានរកឃើញដានជើងដំរីនៅក្នុងដែនជម្រកសត្វព្រៃ កែវសីមាផងដែរ ដែលនេះបានបញ្ជាក់ និងកត់សម្គាល់ថា នៅក្នុងតំបន់ហ្នឹងមានសត្វដំរីព្រៃរបស់យើង។»

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ អ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បានប្រទះឃើញហ្វូងដំរីព្រៃដែលមានចំនួន១៤ក្បាល ដើរស៊ីឫស្សីក្នុងតំបន់ព្រៃឈើនៅក្នុងភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមា។ បើយោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ បានបង្ហាញថា ក្នុងពេលបច្ចុប្បន្នសត្វដំរីអាស៊ី មានវត្តមានកម្ពុជានៅសល់ប្រហែលចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដោយសារទីនោះជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប មានប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅដល់ពួកវា និងសត្វព្រៃផ្សេងៗទៀត។

បើតាមការបញ្ជាក់ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រក របស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាព អន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN)។ ការរេចរឹលទីជម្រក គឺជាកត្តាធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពល អវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទសត្វដ៏សំខាន់នេះ៕

អត្ថបទទាក់ទង