ខ្មែរប៉ុស្ដិ៍ Close

ជំរឿនបឋមលើកទី៣ បង្ហាញថា សត្វត្មាតមានកំណើនឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 61
ជំរឿនបឋមលើកទី៣ បង្ហាញថា សត្វត្មាតមានកំណើនឡើងវិញ ជំរឿនបឋមលើកទី៣ បង្ហាញថា សត្វត្មាតមានកំណើនឡើងវិញ

ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្ហាញតួលេខបឋមក្រោយជំរឿនសត្វត្មាតលើកទី៣ នៅក្នុងឆ្នាំ២០២១នេះថា វត្តមានសត្វត្មាតនៅកម្ពុជា មានចំនួន១២១ក្បាល ដែលចំនួននេះ មានការកើនឡើងចំនួន៣ក្បាល បើធៀបនឹងការជំរឿនកាលពីឆ្នាំ២០២០ ដែលរកឃើញតែចំនួន១១៩។

អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS បានឱ្យដឹងថា ការជំរឿន នឹងធ្វើឡើងចំនួន២ដងទៀត ដើម្បីឱ្យដឹងពីវត្តមានសត្វត្មាតនៅកម្ពុជាជាក់លាក់។

អង្គការនេះ បានបញ្ជាក់ថា «ការធ្វើជំរឿនសត្វត្មាតនៅកម្ពុជា ធ្វើឡើងចំនួន៥ដង ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី១០ ខែមីនា, ថ្ងៃទី១០ ខែមិថុនា, ថ្ងៃទី២០ ខែមិថុនា, ថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី២០ ខែធ្នូ ជារៀងរាល់ឆ្នាំ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស នៅក្នុងទីតាំងអាហារដ្ឋានត្មាតចំនួន៤កន្លែង គឺអាហារដ្ឋានសត្វត្មាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាតក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ អាហារដ្ឋានត្មាតក្នុងដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី ដោយលទ្ធផល នៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានកត់ត្រាវត្តមានសត្វត្មាតបានចំនួន១២១ក្បាល ក្នុងនោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល»។

ការអង្កេតតាមដានពីប្រជាសាស្រ្តសត្វត្មាតដែលជិតផុតពូជនេះ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ ដើម្បីតាមដាននិន្នាការប្រជាសាស្រ្ត និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិរក្ស ខណៈស្ថានភាពអភិរក្សសត្វត្មាតទាំងបីប្រភេទ មានលក្ខណៈគួរឱ្យព្រួយបារម្ភខ្លាំង ដោយសារការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបំពុល និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទៅលើដំណាំកសិកម្មនៅក្បែរតំបន់ដែលសត្វត្មាតរស់នៅ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាត តាមរយៈបញ្ឈប់សកម្មភាពបរបាញ់ ការដាក់ថ្នាំបំពុល ឬប្រើប្រាស់សារធាតុគីមីលើដីស្រែចម្ការ ខណៈសត្វស្លាបប្រភេទនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ដោយស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់ និងជាមុខព្រួញនៃការទាក់ទាញភ្ញៀវទេសចរ ដែលជាការបង្កើតមុខរបរ និងផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ៕

អត្ថបទទាក់ទង