ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 117
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍន៍ភាពជា​ដៃគូ កាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បី ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភព​លោក​ជា​ពិសេសជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្នដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។

ក្នុងសន្ទរកថា ថ្លែងក្នុង «ពិធីប្រារព្ធខួបកំណើត ១០០ឆ្នាំ របស់បិតាជាតិបង់ក្លាដែស» និង «ទិវាបុណ្យឯករាជជាតិបង់ក្លាដែស ខួបលើកទី៥០» ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាម​ប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរ​ចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់​សម្គាល់ជាច្រើន ក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយ​ចក្ខុ​វិស័យវែងឆ្ងាយរបស់ ឯកឧត្តមបិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ។

ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមប្រធានាធិបតី អាប់ឌុល ហាមីត និង លោកជំទាវ​នាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា ប្រទេសបង់ក្លាដែស សម្រេចបាននូវកំណើនសេដ្ឋកិច្ច​ខ្ពស់ វឌ្ឍនភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ សម្ដេចតេជោបានលើកឡើងថា ជោគជ័យដ៏ធំធេងនេះបានផ្តល់លទ្ធភាពឱ្យបង់ក្លាដែស​អាច​បំពេញបាននូវលក្ខខណ្ឌតម្រូវ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ ២០២១នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងរម្លឹកថា ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ជិតស្និទ្ធ និងជាពិសេសរវាង ព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស ឯកឧត្តម បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុងសន្និសីទ​នៃ​ចលនាមិនចូលបក្សសម្ព័ន្ធ នៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ ១៩៧៣។

សម្ដេចតេជោគូស​បញ្ជាក់ថា កម្ពុជា និងបង់ក្លាដែសបានបង្កើតទំនាក់ទំនងការទូត​ជាផ្លូវការ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់​ទំនង​របស់យើង។ ក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងទៅនេះ សម្ដេចពិតជាមានសេចក្តីសោម​នស្សរីករាយ ដោយកត់សម្គាល់ឃើញថា ប្រទេសយើងទាំងពីរតែងតែខិតខំរក្សាបាន​នូវ​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិត​ទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ។ សម្ដេចប្រមុខរាជរដ្ឋាភិ​បាល​ថ្លែងសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរក៏ត្រូវបាន​ធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះ ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់សម្ដេច​ផ្ទាល់នៅ​បង់ក្លាដែស ក្នុងខែមិថុនា ឆ្នាំ ២០១៤ និងទស្សនកិច្ចផ្លូវការ របស់ លោកជំទាវនាយករដ្ឋ​មន្ត្រី សេក្ខ ហាស៊ីណា នៅកម្ពុជា ក្នុងខែ ធ្នូ ឆ្នាំ ២០១៧ បាននាំមកនូវការចុះហត្ថលេខា​លើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ប្រទេសយើងទាំងពីរក៏​បាន​ឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់មួយខ្សែក្នុងរាជធានីភ្នំពេញ និងមួយខ្សែក្នុងរដ្ឋធានីដាក្កា តាមព្រះបរមនាមរបស់ព្រះវររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់​នូវការគោរព និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា បើទោះបីជាសម្ដេចមិន​អាច​ទៅ​ចូលរួមព្រឹត្តិ​ការណ៍ជាប្រវត្តិសាស្ត្រនេះដោយផ្ទាល់នៅទីក្រុងដាក្កា ដោយសារការ​រីករាលដាល​នៃជំងឺ​កូវីដ-១៩ក៏ដោយ ក៏សម្ដេចសូមសម្ដែងនូវអំណរសាទរដ៏ស្មោះអស់ពី​ដួងចិត្ត និងសូម​ប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តមប្រធានាធិបតី អាប់ឌុល ហាមីត លោកជំទាវ​​នាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែស​ជាមិត្តទាំង​អស់ សូមប្រកបដោយសុខភាពមាំមួន សុភមង្គល និងវិបុលភាព៕

អត្ថបទទាក់ទង