ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភាកម្ពុជា និងបង់ក្លាដែស ពង្រឹងទំនាក់ទំនងក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
រដ្ឋសភាកម្ពុជា និងបង់ក្លាដែស ពង្រឹងទំនាក់ទំនងក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរ រដ្ឋសភាកម្ពុជា និងបង់ក្លាដែស ពង្រឹងទំនាក់ទំនងក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរ

លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី បណ្ឌិត ហ្ស៉ីរិន ហ្សាមិន ចាវយូរី (Shirin Sharmin Chaudhury) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឲ្យរឹងមាំឡើងថែមទៀត ដើម្បីលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរ មានដូចជា វិស័យអប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ជាពិសេសទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការនេះ នៅក្នុងជំនួបពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈលោកស្រីប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា។

កម្ពុជានិងបង់ក្លាដែស បានភ្ជាប់ទំនាក់ទំនងគ្នានៅឆ្នាំ១៩៧៣។ ជាទំនាក់ទំនងដែលបង្កើតឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនៈកោដិ្ឋ នរោត្តម សីហនុ អតីតប្រមុខរដ្ឋនៃកម្ពុជា និងអតីតប្រធានាធិបតីបង់ក្លាដែស លោក សេក្ខ មូជីបួរ រ៉ាម៉ាន់។ ឆ្នាំ២០២០ខាងមុខ ប្រទេសបង់ក្លាដែសនឹងប្រារព្ធខួបទំនាក់ទំនងប្រទេសទំាងពីរ ដោយនៅក្នុងឱកាសនោះមហាវិថីមួយ នៅក្នុងប្រទេសបង់ក្លាដែស ដែលដាក់ឈ្មោះ ព្រះនាមសម្តេចឪ នឹងត្រូវសម្ពោធជាផ្លូវការផងដែរ។

លោកស្រីបណ្ឌិត ហ្ស៉ីរិន ហ្សាមិន ចាវយូរី បានស្នើសុំលោកប្រធានរដ្ឋសភា ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរឲ្យបានញឹកញាប់ ជាពិសេសក្រុមមិត្តភាព។ ជាមួយគ្នានេះ លោកស្រីបានគោរពអញ្ជើញលោកប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តាមពេលសមស្របណាមួយ។

លោក ហេង សំរិន បានទទួលសំណើខាងលើ និងបានអបអរសាទរចំពោះសមិទ្ធិផល ដែលសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសសម្រេចបាន ក្រោមការដឹកនាំរបស់លោកស្រី សេក្ខ ហា ស៊ីណា នាយករដ្ឋមន្រ្តី និងលោកស្រីផ្ទាល់ ជាប្រធានរដ្ឋសភា ដែលបានធ្វើឱ្យបង់ក្លាដែស ស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។

លោក ហេង សំរិន បានមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺរួមចំណែកដល់ការការពារ និងថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។

លោកស្រី បណ្ឌិត ហ្ស៉ីរិន ហ្សាមិន ចាវយូរី បានស្នើសុំរដ្ឋសភាកម្ពុជា គាំទ្រដល់ការដោះស្រាយបញ្ហាជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ឲ្យបានឆាប់ ជាពិសេសការធ្វើយ៉ាងណាឲ្យពួកគេបានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញឲ្យបានឆាប់ ដោយហេតុថាបញ្ហានេះជាបន្ទុកធំមួយ របស់បង់ក្លាដែស។ លោក ហេង សំរិន បានគំាទ្រនិងលើកទឹកចិត្តដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី៕

អត្ថបទទាក់ទង