ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលទទូចដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នទ្វេដងចំពោះកូវីដ-១៩ ព្រោះកម្ពុជាមានអ្នកស្លាប់ជាលើកដំបូងហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 34
ក្រសួងសុខាភិបាលទទូចដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នទ្វេដងចំពោះកូវីដ-១៩ ព្រោះកម្ពុជាមានអ្នកស្លាប់ជាលើកដំបូងហើយ ក្រសួងសុខាភិបាលទទូចដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នទ្វេដងចំពោះកូវីដ-១៩ ព្រោះកម្ពុជាមានអ្នកស្លាប់ជាលើកដំបូងហើយ

ក្រសួងសុខាភិបាលបានបន្តអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រយ័ត្នទ្វេដង ស្របពេលដែលកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងហើយ ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យទទួលបានប្រសិទ្ធភាព ល្អប្រសើរធានាបានសុវត្ថិភាពផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០:៤០នាទីព្រឹក មានបុរសជនជាតិខ្មែរម្នាក់ដែលមានអាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារ ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា ដែលសពនេះ ត្រូវបានរកឃើញថា មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

លោកជំទាវបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ដែលទទួលមរណៈភាពនេះ ដោយសារតែស្ថានភាពជំងឺសួតធ្ងន់ធ្ងរ ខ្វះអុកស៊ីហ្សែន ពិបាកដកដង្ហើម។

លោកជំទាវបន្តថា ជំងឺកូវីដ-១៩ បាននិងកំពុងវាយលុកខ្លាំងនៅក្នុងប្រទេស ដោយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួង សុខាភិបាល បានដាក់ចេញនៅវិធានការជាបន្តបន្ទាប់ដើម្បីបង្ការនិងទប់ស្កាត់ ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាអនុវត្តន៍វិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

« នៅក្នុងដំណាក់កាលនេះគឺជាដំណាក់កាលសំខាន់បំផុត ដែលខ្ញុំសូមធ្វើការអំពាវនាវសារជាថ្មីម្ដងទៀត ជូនទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឥឡូវនេះយើងឃើញហើយមានករណីស្លាប់ទី១ នៅកម្ពុជារបស់យើង ដោយសារការវាយលុកពីវីរុសកូវីដ-១៩ ដូច្នេះយើងមិនដឹងថាតើទៅមុខទៀតនេះសភាពការណ៍ទៅជាយ៉ាងណាទេ ប៉ុន្តែអ្វីដែលសំខាន់នោះ ដើម្បីឱ្យយើងអាចទប់ស្កាត់បាន ដើម្បីឱ្យយើងអាចកាត់ផ្ដាច់បាន នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ពីបុគ្គលមួយទៅបុគ្គលមួយ គឺជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមអនុវត្តនូវវិធានការ សុខាភិបាល វិធានការ ៣ការពារនិង៣កុំនេះឱ្យបានជាប់លាប់ជាទីបំផុត »។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានករណីឆ្លងកូវីដ-១៩សរុបចំនួន១១៦៣ករណី អ្នកកំពុងសម្រាកព្យាបាលមានចំនួន៥៦៥ករណី អ្នកព្យាបាលជាសះស្បើយមានចំនួន៥៩៧ករណី និងអ្នកស្លាប់មានចំនួន១ករណី ៕

អត្ថបទទាក់ទង