ខ្មែរប៉ុស្ដិ៍ Close

មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងជាលើកដំបូងបំផុតចំនួន ៧១ពង នៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងជាលើកដំបូងបំផុតចំនួន ៧១ពង នៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងជាលើកដំបូងបំផុតចំនួន ៧១ពង នៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

កាលពីសប្តាហ៍កន្លងទៅនេះ មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សរុបមានចំនួន ៧១ពង។ យោងតាមរូបភាពទទួលបានពីម៉ាស៊ីនថតសត្វស្វ័យប្រវត្តិបានបញ្ជាក់ថា ពងអណ្តើកហ្លួងទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លួង ០៥ក្បាល ដែលក្រុមការងារបានយកទៅចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលនោះកាលពីជាង ១០ឆ្នាំមុន ដោយក្នុងនោះមាន ៤ក្បាលត្រូវបានក្រុមការងារយកពីតាមឆ្នេរខ្សាច់ក្នុងប្រព័ន្ធព្រែកស្រែអំបិលក្រោយញាស់ភ្លាម និងមួយក្បាលទៀតត្រូវបានពលរដ្ឋនៅខេត្តកោះកុងយកមកប្រគល់ឱ្យកាលពីឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការសមាគមអភិរក្សធនធានធម្មជាតិ (WCS) ចេញផ្សាយនៅថ្ងៃនេះ។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុង និងមេគង្គ នៃអង្គការ WCS បានថ្លែងថា៖

«នេះជាលើកទីមួយហើយដែលអណ្តើកហ្លួងចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលនេះបានពង ក្រោយពេលដែលមេអណ្តើក ហ្លួងទាំងនេះត្រូវបានយកមកចិញ្ចឹមថែទាំតាំងពីឆ្នាំ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវសាងសង់សម្បុកសប្បនិមិត្តដើម្បីភ្ញាស់ពងទាំងនេះ ឬមួយក៏ទុកវាឱ្យញាស់ក្នុងសភាពដើម»។

លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វ និងថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ ផងដែរថា៖ «នេះគឺជារឿងដ៏រំភើប និងដ៏សំខាន់មួយដែលមិនគួរឱ្យជឿថាប្រភេទសត្វអណ្តើកក៏កម្របែបនេះអាចពងនៅទីនេះ។ ការបង្កកំណើតរបស់សត្វអណ្តើកហ្លួងដែលយើងយកមកចិញ្ចឹមគឺជាគោលដៅអភិរក្សមួយសម្រាប់ស្តារប្រភេទអណ្តើកហ្លួងដែលជិតផុតនេះឡើងវិញនៅក្នុងប្រទេសកម្ពុជា។ យើងរំពឹងថាគម្រោងនឹងអាចជំរុញការបង្កាត់ប្រភេទអណ្តើកនេះបានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះ និងអាចយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ»។

លោកស្រីបណ្ឌិត សុនចា លូហ្ស៍ (Dr Sonja Luz) អនុប្រធានផ្នែកអភិរក្ស ស្រាវជ្រាវ និងពេទ្យសត្វ នៃឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី (WRS) បានថ្លែងឱ្យដឹងផងដែរថា៖

«ឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី (WRS) មានក្តីរំភើបដោយបានចូលរួមចំណែកក្នុងគោលដៅដ៏សំខាន់មួយទៀតដើម្បីអភិរក្សប្រភេទអណ្តើកដ៏កម្រនេះ។ ឆ្នាំ២០២១ គឺជាការចាប់ផ្តើមដ៏អស្ចារ្យមួយសម្រាប់អណ្តើកហ្លួង បន្ទាប់ពីយើងបានលែងប្រភេទអណ្តើកនេះចំនួន ១០ក្បាលចូលទៅក្នុងទីជម្រកធម្មជាតិវិញកាលពីចុងខែមករា កន្លងទៅ។ នេះជាការលើកទឹកចិត្តមួយសម្រាប់ពួកយើង ដោយឃើញដៃគូរបស់យើងសម្រេចការងារបានលទ្ធផលល្អ ទោះបីជាស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែងដោយជំងឺរាតត្បាតនៅលើពិភពលោកក្តី ហើយយើងខ្ញុំរីករាយ និងអបអរសាទរសមិទ្ធិផលទាំងនេះទាំងអស់គ្នា។ នេះគឺជាសក្ខីភាពនៃការលះបង់របស់ដៃគូពាក់ព័ន្ធនានារបស់យើងក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្សដើម្បីការពារប្រភេទអណ្តើកហ្លួងនេះ»។

ដោយឡែក លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា៖

«យើងមានមោទនភាពណាស់ដែលទទួលលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្ត និងគាំទ្រពេញទំហឹង និងបន្តកិច្ចការស្រាវជ្រាវនេះទៀតដើម្បីសម្រេចគោលដៅក្នុងពេលអនាគត ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។

អង្គការ WCS បាន និងកំពុងសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំ២០០០ ដើម្បីអភិរក្សប្រភេទអណ្តើកហ្លួងនេះ (មានឈ្មោះវិទ្យាសាស្ត្រថា Batagur affinis) នៅកម្ពុជា។ បន្ទាប់ពីបានរកឃើញវត្តមានប្រភេទនេះសាជាថ្មីក្នុងឆ្នាំ២០០០ នៅតាមប្រព័ន្ធព្រែកស្រែអំបិលភាគនិរតីនៃប្រទេសកម្ពុជា អង្គការ WCS សហការជាមួយរដ្ឋបាលជលបានបង្កើតកម្មវិធីការពារសម្បុកដោយបានជ្រើសរើសអតីតអ្នកដើរប្រមូលពងអណ្តើកឱ្យធ្វើជាអ្នកការពារសម្បុកអណ្តើក។ ក្នុងឆ្នាំ២០០៦ អង្គការ WCS បានសាងសង់មណ្ឌលសម្រាប់ចិញ្ចឹមថែទាំអណ្តើកមួយស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីរក្សាទុកកូនអណ្តើកដែលប្រមូលបានពីតាមឆ្នេរខ្សាច់។ ក្រោយមកក្នុងឆ្នាំ២០១៦ មណ្ឌលនេះត្រូវបានប្តូរទីតាំងទៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ចម្ងាយប្រមាណ ១៥គ.ម ពីក្រុងខេមរភូមិន្ទវិញ។

រៀងរាល់ឆ្នាំ កូនអណ្តើកដែលញាស់នៅលើឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិល ត្រូវបានក្រុមការពារសម្បុកប្រមូលបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងដើម្បីចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ ឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី ជាម្ចាស់ជំនួយដ៏សំខាន់មួយក្នុងចំណោមម្ចាស់ជំនួយជាច្រើនដែលបានផ្តល់មូលនិធិគាំទ្រដល់គម្រោងនេះ។

បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៩២ក្បាល។ អណ្តើកហ្លួងជំទង់ចំនួន ៩៦ក្បាល ត្រូវបាលលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ២០១៥មក ហើយក្រុមការងារគ្រោងនឹងលែង ៥០ក្បាលទៀតនៅចុងឆ្នាំ២០២១ខាងមុខនេះ។ អណ្តើកស្ទើរជំទង់ និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កកំណើតចំនួន ៤។ ចំណែកឯអណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពីប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្កកំណើត៕

អត្ថបទទាក់ទង