ខ្មែរប៉ុស្ដិ៍ Close

បុរសខ្មែរ ដែលឆ្លងជំងឺ COVID-19 នៅខេត្តកោះកុង បានធូរសះស្បើយច្រើន និងអាចចេញពីពេទ្យនាពេលឆាប់ៗ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 16

លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា បុរសជនជាតិខ្មែរដែលឆ្លងជំងឺ COVID-19 វ័យ ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោះ សង្កាត់ដងទង់ ខេត្តកំពត ត្រូវបានធូរសះស្បើយច្រើន និងអាចចេញពីពេទ្យនាពេលឆាប់ៗនេះ។

លោកវេជ្ជៈបណ្ឌិត បានបន្ថែមទៀតថា សម្រាប់អ្នកជំងឺ មិនទាន់ឲ្យវិលទៅលំនៅដ្ឋានវិញទេ ដោយបន្តស្ថិតក្រោមការព្យាបាលពីគ្រូពេទ្យជំនាញសិន ហើយបានយកកំហាករបស់គាត់ទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រម្តងទៀត ទើបដឹងច្បាស់ថា តើគាត់ឆ្លងផុតពីជំងឺ COVID-19 ហើយនៅ ឬបានជាសះស្បើយ ហើយឬនៅ? តែចំពោះសុខភាពគាត់រាល់ថ្ងៃ មានភាពរឹងមាំវិញហើយ។

លោកវេជ្ជៈ ទៅ ម៉ឹង បានបន្តថា បើវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ចេញលទ្ធផលថា អ្នកជំងឺអវិជ្ជមានវិរុស COVID-19 មន្ទីរពេទ្យបង្អែកខេត្តនឹងឲ្យគាត់វិលត្រឡប់ ទៅលំនៅដ្ឋានវិញ។

លោកបានបញ្ជាក់ទៀតថា ចំពោះវិធានការការពារជំងឺឆ្លង COVID-19 នេះក្រុមលោកគ្រូពេទ្យ នៅតែបាញ់ថ្នាំជុំវិញបរិវេណកន្លែង បន្ទប់ព្យាបាលគាត់ជាប្រចាំ ដើម្បីការពារកុំឲ្យជំងឺ COVID-19 រីករាលដាលបន្ត ហើយសូមឲ្យបងប្អូន មន្ត្រីគ្រប់ស្ថាប័នចូលសហការ ជាមួយមន្ទីរពេទ្យ ក្រសួងសុខភិបាល ដើម្បីទប់ស្កាល់ COVID-19 ទាំងអស់គ្នា។

ជាមួយគ្នានោះ ប្រធានមន្ទីរសុខាភិបាល សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនឯង ធ្វើតាមការណែនាំ របស់ក្រុមលោកគ្រូពេទ្យ និងក្រសួងសុខាភិបាលណែនាំ ពីព្រោះជំងឺ COVID-19 នេះវាកើតរីករាលដាល់ពាសពេញពិភពលោក ការពារប្រសើរជាងព្យាបាល។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា មានចំនួនសរុប ៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស ៦៥នាក់ ដែលក្នុងនោះមានចិន ១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមានម្នាក់ បានជាសះស្បើយហើយ) កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង ៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ ៣៥នាក់។ សម្រាប់ខេត្តកោះកុងមានអ្នកឆ្លង COVID-19 ចំនួន២នាក់ផងដែរ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ-១៩ ថ្មីណាផ្សេងទៀត៕

Fresh News

អត្ថបទទាក់ទង