ខ្មែរប៉ុស្ដិ៍ Close

ល្ងាចនេះ កម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួនជាង៣០ម៉ឺនដូស ដែលជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
ល្ងាចនេះ កម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួនជាង៣០ម៉ឺនដូស ដែលជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់​ ល្ងាចនេះ កម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួនជាង៣០ម៉ឺនដូស ដែលជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ បានបញ្ជាក់ថា កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។

ក្រសួងបានបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា វេលាម៉ោង៧ និង៥០នាទីយប់។

ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងនេះ គឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកល ដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ(UNICEF)។

បើតាមក្រសួងសុខាភិបាល កម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ៕