ខ្មែរប៉ុស្ដិ៍ Close

    លោកនេត្រ ភក្ត្រា ៖ អន្ទាក់នៅតែជាក្តីព្រួយបារម្ភចំពោះការវិនាសសត្វព្រៃ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1359
    លោកនេត្រ ភក្ត្រា ៖ អន្ទាក់នៅតែជាក្តីព្រួយបារម្ភចំពោះការវិនាសសត្វព្រៃលោក នេត្រ ភក្ត្រា (រូបថតកាលពីពេលកន្លងទៅ)

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបង្ហាញពីក្តីបារម្ភចំពោះអន្ទាក់ដែលត្រូវបានក្រុមព្រានព្រៃដាក់ដើម្បីចាប់សត្វយកទៅធ្វើអាជីវកម្ម។

    ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីសត្វទន្សោង១ក្បាល ទម្ងន់ប្រមាណជិត១តោន ត្រូវបានប្រទះឃើញងាប់ក្នុងព្រៃដោយសារការជាប់អន្ទាក់ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញនូវភាពសោកស្តាយ និងបង្ហាញពីអារម្មណ៍ក្តុកក្តួលពេលឃើញ ប្រភេទសត្វកម្រ ត្រូវបានបាត់បង់ជីវិតដោយសារជាប់អន្ទាក់ ព្រមទាំងបានអំពាវនាវដល់ពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីចូលរូមកិច្ចការពារអភិរក្សសត្វព្រៃ និងបញ្ឈប់បទល្មើសបរបាញ់ និងដាក់អន្ទាក់យកសត្វព្រៃនៅកម្ពុជា។

    បើតាមការឱ្យដឹងពីលោក ប៊ុន សឿង នាយកដែនជម្រកសត្វព្រៃព្រះរកា បានឱ្យដឹងថា ក្រុមមន្ត្រីឧទ្យានុរក្សបានប្រទះឃើញសត្វទន្សោងឈ្មោល១ក្បាលដែលបាត់បង់ជីវិតនេះ ក្នុងអំឡុងពេលចុះល្បាតកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ តាមការសនិ្នដ្ឋាន គឺសត្វទន្សោងនេះ បានងាប់ទើបតែបានមួយថ្ងៃមុនពេលប្រទះឃើញតែប៉ុណ្ណោះ ព្រោះស្ថានភាពរបស់វានៅមិនទាន់ហើមស្អុយនៅឡើយទេ។ ការបាត់បង់ជីវិតសត្វព្រៃដ៏កម្រនេះ គឺជើងស្ដាំរបស់វាមានជាប់ខ្សែអន្ទាក់ ដែលធ្វើឡើងពីខ្សែហ្វ្រាំងកង់។ លោក ប៊ុន សឿង បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេលជិត២ ខែដើមឆ្នាំនេះ ក្រុមមន្ត្រីឧទ្យានុរក្សក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកា បានស្រាវជ្រាវ និងដោះខ្សែអន្ទាក់ក្នុងតំបន់នេះបានប្រមាណ៤០០អន្ទាក់។

    របាយការណ៍ពីក្រសួងបរិស្ថាន បានបង្ហាញថា អន្ទាក់ចាប់សត្វជិត៥ម៉ឺនអន្ទាក់ ត្រូវបានដោះ ចេញពីតំបន់ការពារធម្មជាតិ ខណៈឧបករណ៍នេះ ជាឃាតក លាក់មុខ ដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ និងអាចសម្លាប់មនុស្សផងដែរ។

    ក្រុមអ្នកអភិរក្ស បានឱ្យដឹងថា អន្ទាក់ដែលត្រូវជនល្មើសដាក់ ដើម្បីចាប់សត្វព្រៃ មានដូចជា៖ អន្ទាក់ប្រើចរន្តអគ្គិសនីឆក់ អន្ទាក់ខ្សែកាប អន្ទាក់ខ្សែគោ អន្ទាក់អង្គប់ដែក ដែលអន្ទាក់ទាំងនេះមានតម្លៃថោក ប៉ុន្តែមានគ្រោះថ្នាក់បំផុតចំពោះសត្វព្រៃ និងមនុស្ស៕

    អត្ថបទទាក់ទង