ខ្មែរប៉ុស្ដិ៍ Close

សត្វទន្សោងឈ្មោល១ក្បាលត្រូវបានមន្ត្រីឧទ្យានុរក្សប្រទះឃើញងាប់ដោយសារជាប់អន្ទាក់ព្រានក្នុងដែនជម្រកសត្វព្រៃព្រះរកា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
សត្វទន្សោងឈ្មោល១ក្បាលត្រូវបានមន្ត្រីឧទ្យានុរក្សប្រទះឃើញងាប់ដោយសារជាប់អន្ទាក់ព្រានក្នុងដែនជម្រកសត្វព្រៃព្រះរកា សត្វទន្សោងឈ្មោល១ក្បាលត្រូវបានមន្ត្រីឧទ្យានុរក្សប្រទះឃើញងាប់ដោយសារជាប់អន្ទាក់ព្រានក្នុងដែនជម្រកសត្វព្រៃព្រះរកា

ខេត្តព្រះវិហារ៖ សត្វទន្សោងឈ្មោលដ៏ធំ១ក្បាលដែលជាប្រភេទសត្វដ៏កម្រស្ទើរតែនឹងផុតពូជទៅហើយនោះ អកុសលត្រូវបានមន្ត្រីឩទ្យានុរក្សប្រចាំស្នាក់ការចល័តលេខ៩១ដើរល្បាតព្រៃប្រទះឃើញងាប់កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅត្រង់ចំនុចលេខនិយាមការ.០៥.១៤.១៤៦ ១៥.៥៣.០០៧នៅក្នុងដែនជម្រកសត្វព្រៃព្រះរកាដែលជាតំបន់ការពារធនធានធម្មជាតិ។

លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់អ្នកសារពត៏មាននៅព្រឹកថ្ងៃទី២០ ខែកុម្ភះ ២០២១នេះថា ហេតុបណ្តាលអោយសត្វទន្សោងឈ្មោល១ក្បាលដែលមានទម្ងន់រហូតដល់ទៅ១០០០គ.ក្របានងាប់នោះ គឺដោយសារតែការជាប់អន្ទាក់ជើងខាងមុខផ្នែកខាងស្តាំដែលពួកអ្នកព្រានព្រៃបានដាក់អន្ទាក់ចោលដើម្បីទាក់និងចាប់សត្វព្រៃនោះ។

លោកបន្ថែមទៀតថា ការងាប់របស់សត្វទន្សោងឈ្មោលដ៏ធំ១ក្បាលខាងលើនេះ បើតាមការសន្និដ្ឋានរបស់លោកគឺ វាបានងាប់ប្រហែលរយ: ពេល១យប់១ថ្ងៃទៅហើយ ទើបមន្ត្រីឩទ្យានុរក្សរបស់លោកចុះដើរល្បាតព្រៃជួបសាកសពសត្វទន្សោងដ៏ធំ១ក្បាលខាងលើនេះ។

បច្ចុប្បន្នសាកសពសត្វទន្សោងដ៏ធំ១ក្បាលខាងលើនេះ ត្រូវបានមន្ត្រីឩទ្យានុរក្សចល័តស្នាក់ការលេខ៩១ ដឹកទាំងយប់យកមកប្រគល់អោយមន្ទីរបរិស្ថានខេត្ត ដើម្បីសិក្សានិងស្រាវជ្រាវបន្ថែមទៀត ទៅលើពពួកសត្វព្រៃដ៏កម្រហើយស្ទើរនឹងផុតពូជទៅហើយនោះ។

ជាមួយគ្នានោះ លោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចប្រជាព្រានព្រៃទាំងអស់មេត្តាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពបរបាញ់និងដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃយកមកធ្វើជាមុខជំនួញដែលច្បាប់ហាមឃាត់ ពីព្រោះកត្តាទាំងអស់ខាងលើ វាប្រឈមទៅនឹងទោសជាប់ពន្ធនាគារទៅតាមបទបញ្ញាតិនៃច្បាប់ការពារធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង