ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថាន គ្រោងបង្កើតស្លាកយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 25
ក្រសួងបរិស្ថាន គ្រោងបង្កើតស្លាកយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា ក្រសួងបរិស្ថាន គ្រោងបង្កើតស្លាកយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើបង្កើតស្លាកយីហោ «ស្រូវមិត្តក្រៀល» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀល នៅកម្ពុជា។

សត្វក្រៀល ដែលជាប្រភេទសត្វស្លាបមួយ ដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។

នេះជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅអំឡុងពេលទស្សនកិច្ច ពិនិត្យមើលគម្រោងស្រូវមិត្តក្រៀល និងពិធីផ្តល់អំណោយបន្ទាន់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលរស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងថា កិច្ចផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់កសិករនៅមូលដ្ឋាន ថែមទាំងផ្តល់សារៈសំខាន់ ដល់សត្វក្រៀល និងសត្វស្លាបតំបន់ដីសើមផ្សេងទៀត ដែលមានវត្តមាននៅតាមវាលស្រែ។

លោក នេត្រ ភក្ត្រា បានបន្តថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាននិងកំពុងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាននៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។

លោកបានឱ្យដឹងថា ចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា ៥០% ត្រូវបានច្រូតនិងវេចខ្ចប់ដាក់លក់លើទីផ្សារ និងដោយឡែកប្រមាណ ៥០%ទៀត ត្រូវបានរក្សាទុកក្នុងស្រែ ដើម្បីជាចំណីបន្ថែមដល់សត្វក្រៀល និងជាចំណីរបស់ប្រភេទសត្វស្លាបផ្សេងទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ការការពារ និងអភិរក្សសត្វក្រៀលទទួលបានជោគជ័យ លុះត្រាតែមានការគិតគូរពីជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់

ក្រសួងបរិស្ថាននឹងបន្តធ្វើការជាមួយអង្គការពាក់ព័ន្ធ ក្នុងការស្វែងរកទីផ្សារសម្រាប់ស្រូវមិត្តក្រៀលនេះ ដើម្បីធ្វើឱ្យការសាកល្បងនេះទទួលបានជោគជ័យ ដែលអាចឈានទៅដល់ការជំរុញ និងលើកទឹកចិត្តប្រជាកសិករនៅតំបន់នេះ ចូលរួមដាំស្រូវមិត្តក្រៀលនេះ ហើយលក់បានក្នុងតម្លៃខ្ពស់ ព្រោះបានផ្សារភ្ជាប់នឹងការអភិរក្សជីវៈចម្រុះ ជាពិសេសចូលរួមក្នុងការការពារ និងអភិរក្សប្រភេទសត្វ កម្រៗដែលងាយរងគ្រោះអាចបន្តស្ថិតស្ថេរគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

បើតាមលោក ប៊ូ វរសក្ស នាយកស្តីទីរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងជានាយកកម្មវិធីប្រចាំកម្ពុជា របស់អង្គការជីវិតសត្វស្លាបអន្តរជាតិ បានឱ្យដឹងថា «យើងអនុវត្តគម្រោងសាកល្បង ធ្វើស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងគោលបំណងដើម្បីធានាថា តំបន់ការពារទេសភាពអន្លង់ព្រីង នៅតែបន្តដើរតួនាទីដ៏សំខាន់ ក្នុងការគាំទ្រដល់សត្វក្រៀលកុំឱ្យផុតពូជ។ យើងត្រូវធ្វើឱ្យវាលស្រែនៅជុំវិញតំបន់នេះ ក្លាយជាទីជម្រក និងជាកន្លែងផ្តល់ចំណីដ៏មានសុវត្ថិភាព ដល់ពួកវាមកដល់ពេលនេះ យើងបានជួលដីធ្វើស្រូវមិត្តក្រៀល ជាមួយនឹងប្រជាសហគមន៍ចំនួន ១៦គ្រួសារ ដែលមានផ្ទៃដីទំហំ ១៧ហិចតា រយៈពេល១០ឆ្នាំ ដើម្បីសាកល្បងដាំស្រូវឱ្យក្រៀលស៊ី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍មូលដ្ឋាន»។

បើតាមលោក ប៊ូ វរសក្ស ប្រជាពលរដ្ឋនៅតំបន់នេះ បានចូលរួមជាមួយគម្រោង ស្រូវមិត្តក្រៀល ហើយចំនួនកសិករដែលនឹងអនុវត្តគម្រោងនេះ នឹងមានចំនួនកើនឡើងក្នុងឆ្នាំខាងមុខ។

រីឯលោក Marc Hoogeslag អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ IUCN-Netherland បាននិយាយថា ដើម្បីកាត់បន្ថយសម្ពាធពីការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត គឺតម្រូវឱ្យយើងស្វែងរកតុល្យភាពរវាងតម្រូវការរបស់មនុស្ស និងសត្វ។ ការធ្វើស្រូវមិត្តក្រៀល សម្រាប់ការអភិរក្សនៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះ គឺជាគម្រូដ៏ល្អមួយដែលផ្តល់ផលប្រយោជន៍ដល់កសិករ ព្រមទាំងលើកទឹកចិត្តដល់ពួកគាត់ក្នុងការចូលរួមការអភិរក្សសត្វស្លាបព្រៃ ដែលកំពុងរងគ្រោះនៅលើសកលលោកផងដែរ។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងថា មន្ទីរបរិស្ថានខេត្តកំពត បានយកចិត្តទុកដាក់ នៅក្នុងការពារថែរក្សាអភិរក្សជីវៈចម្រុះ នៅតំបន់ការពារទេសភាពអន្លង់ព្រីង។ យើងមានមន្ត្រីឧទ្យានុរក្សប្រចាំការ និងចូលរួមសហការជាមួយអាជ្ញារធរមូលដ្ឋាន និងអង្គការដៃគូនានាក្នុងការការពារ អភិរក្ស និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ និងតម្លៃនៃសត្វស្លាបកម្រ ជាពិសេសសត្វក្រៀល។ ការធ្វើស្រូវមិត្តក្រៀលនេះ គឺបានចូលរួមផ្តល់ចំណីបន្ថែមដល់សត្វក្រៀលដែលតែងតែមករកចំណីនៅតំបន់នេះ នៅរដូវមិនបន្តពូជ។

លោក វ៉ាន់ បូរ៉ា មេឃុំបឹងសាលាខាងត្បូង បានលើកឡើងថា «ខ្ញុំសូមគាំទ្រដល់គម្រោងធ្វើស្រូវមិត្តក្រៀលនេះ ហើយសង្ឃឹមថា នាពេលអនាគតឃុំយើងខ្ញុំនឹងក្លាយជាតំបន់ដ៏មានសុវត្ថិភាព សម្រាប់សត្វក្រៀលមកពឹងអាស្រ័យ»។

ចំណែកឯលោក តឹប ខាយ កសិករនៅភូមិកោះចម្ការបានរៀបរាប់ថា «ខ្ញុំចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលសាកល្បងនេះ ដោយសារបានចំណូលបន្ថែម ហើយការធ្វើស្រូវមិត្តក្រៀលនេះមិនប្រើប្រាស់ជីនិងថ្នាំគីមី ដែលធ្វើឱ្យសត្វក្រៀលមានចំណីស៊ីច្រើនជាងមុន។ លើសពីនេះទៅទៀតការធ្វើស្រូវមិត្តក្រៀល អាចជួយដល់ការអភិរក្សសត្វក្រៀល និងទាក់ទាញភ្ញៀវទេចរមកមើលសត្វក្រៀល ទេសភាពធម្មជាតិ និងវប្បធម៌នៅតំបន់យើងទៀតផងដែរ»។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះអង្គការដៃគូ និងប្រជាកសិកររស់នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ដែលបានចូលរួមសហការក្នុងការអភិរក្សសត្វក្រៀល និងប្រភេទសត្វកម្រផ្សេងទៀត។

ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់រូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រការអនុវត្តគម្រោងស្រូវមិត្តក្រៀល និងទិញអង្ករមិត្តក្រៀល ដើម្បីហូបដែលមានន័យថាប្រជាពលរដ្ឋបានចូលរួមក្នុងការអភិរក្សសត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងសត្វស្លាបផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា សត្វក្រៀលដែលឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Antigone antigone sharpii គឺជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។ យោងតាមការធ្វើជំរឿនសត្វក្រៀល នៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀលមានប្រមាណ ១៩៤ក្បាលប៉ុណ្ណោះ។

ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាពងកូននៅមានកម្រិតទាប។ លើសពីនេះមានកត្តាគំរាមកំហែងផ្សេងៗ ដូចជាការបាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕

អត្ថបទទាក់ទង