ខ្មែរប៉ុស្ដិ៍ Close

អគារផ្នែកសម្ភព និងថែទាំងទារក មានតម្លៃជាង១លានដុល្លារ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ជាអំណោយរបស់ប្រជាជនកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 27
អគារផ្នែកសម្ភព និងថែទាំងទារក មានតម្លៃជាង១លានដុល្លារ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ជាអំណោយរបស់ប្រជាជនកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកសម្ភព និងថែទាំងទារក មានតម្លៃជាង១លានដុល្លារ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ជាអំណោយរបស់ប្រជាជនកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(ពោធិ៍សាត់)៖ អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប្រើប្រាស់ថវិកាសាងសង់ជាង ១លានដុល្លារ ជាអំណោយរបស់ប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ KOFIH ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការក្រោមអធិបតីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ពិធីនេះបានការអញ្ជើញចូលរួមពីលោក Yun Hyuncheol តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូក្រសួង, លោក លោកស្រី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់, លោកគ្រូ អ្នកគ្រូពេទ្យ, ក្រុមយុវជន និងសិស្សានុសិស្សជាច្រើនទៀត។

បន្ទាប់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងរាយការណ៍ពីសមិទ្ធផលដែលទទួលបាន ចំពោះវិស័យសុខាភិបាលក្នុងខេត្តរួចមក, លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចំពោះព្រះសង្ឃ និងជូនចំពោះលោក លោកស្រី មន្ត្រីរាជការ បុគុ្គលិកសុខាភិបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តពោធិ៍សាត់។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំពុះពារគ្រប់ឧបសគ្គ បង្ការ និងទប់ស្កាត់ឱ្យខាងតែបាន ចំពោះការរីលរាលដាលជំងឺកូវីដ-១៩ កុំឱ្យចូលទៅដល់សហគម។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល ក៏បានខិតខំអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏បានរីកដុះដាល តាំងពីថ្នាក់កណ្តាលដល់ទីប្រជុំជន រហូតដល់ជនបទដាច់ស្រយាល ធ្វើឱ្យប្រជាពលរដ្ឋយើង អាចមកទទួលសេវាសុខាភិបាលនៅគ្រប់ទីកន្លែង។ ជាក់ស្តែងការសម្ភោធដាក់ឱ្យដំណើរការ អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នេះ គឺជាការគិតគូរមួយទៀត របស់រាជរដ្ឋាភិបាល ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសុវត្ថិភាពរបស់មាតា និងទារក ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង ក៏បានកោតសរសើរដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ និងសូមឱ្យបន្តកាយវិការដ៏ល្អប្រពៃនេះ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីរួមចំណែកក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។

សាស្ត្រចារ្យ ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រី បុគ្គលិកសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែទាំអគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ថ្មីនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនគ្រប់ៗរូប។

សូមបញ្ជាក់ថា អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នេះ ជាអំណោយរបស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជា តាមរយៈមូលនិធិ KOFIH (Korea Foundation for International Health Care)។ អគារនេះចាប់ផ្តើមសាងសង់ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ និងបញ្ចប់កាសាងសង់ នៅខែកញ្ញា ឆ្នាំ២០២០ នៅលើផ្ទៃដី ៣៩x១៦ម៉ែត្រ កម្ពស់០២ជាន់ ដែលចំណាយថវិកា សរុបចំនួន ១,២២៩,៥៣៧.៩៨ ដុល្លារអាមេរិក៕

អត្ថបទទាក់ទង