ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន០២នាក់ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ-១៩ ថ្មីទាំង២នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

២៖ ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៩២នាក់ ដែលនៅក្នុងចំនួននេះមាន បុគ្គលទាំង ០២ខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៩០នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន៤៦នាក់ សណ្ឋាគារមួយទៀតចំនួន ៤០នាក់ និងស្ថានទូតអាមេរិក ចំនួន០៤នាក់។

រីឯអ្នកជាសះស្បើយម្នាក់នោះ គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ ជាអ្នកដំណើរមក ពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤៧៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥៧នាក់ និងអ្នកជំងឺ១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទទាក់ទង