ហេតុអ្វីបានជាវិស័យសុខាភិបាលឥណ្ឌាអាចធ្លាក់ក្នុងស្ថានភាពហានិភ័យឆាប់រហ័ស?
រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាដែលមានប្រជាពលរដ្ឋចំនួន ១ ៣០០លាននាក់ហាក់មានអ្នកឆ្លង និងអ្នកស្លាប់តិចតួចដោយមេរោគកូរ៉ូណាថ្មី។ គិតត្រឹមថ្ងៃសុក្រ ទី១៣ មីនា និងផ្អែកតាមតួលេខផ្លូវការ ឥណ្ឌាមានអ្នកឆ្លងចំនួន ៨១ នាក់ និងមានអ្នកស្លាប់ម្នាក់។ ចំនួននេះតិចតួចខ្លាំងណាស់ បើធៀបនឹងអ្នកឆ្លង Covid-១៩ ចំនួន ១៤០ ០០០នាក់នៅទូទាំងពិភពលោក។ តែជាមួយនឹងចំនួនប្រជាពលរដ្ឋដ៏ច្រើនសម្បើមលំដាប់ទី២ ក្នុងលោកបន្ទាប់ពីប្រទេសចិន ឥណ្ឌាក៏នៅមិនទាន់រួចខ្លួនទាំងស្រុងពីករណីឆ្លងរាលដាលនៃ Covid-១៩ ដែរ។ ខណៈនេះ រដ្ឋាភិបាលទីក្រុងញូដែលីបានផ្តើមចាត់វិធានការបង្ការជាបណ្តើរៗ។ តែគ្រប់គ្នាកំពុងបារម្ភថា វិស័យសុខាភិបាលឥណ្ឌាអាចនឹងធ្លាក់ក្នុងហានិភ័យយ៉ាងឆាប់រហ័ស បើឥណ្ឌាជួបករណីឆ្លងរាលដាលដូចនៅចិន ឬដូចនៅអឺរ៉ុបពេលនេះ។
វិធានការបង្ការដែលឥណ្ឌាកំពុងធ្វើក៏មិនខុសគ្នានឹងវិធានការដែលប្រទេសផ្សេងបានធ្វើ និងកំពុងបន្តធ្វើ គឺបិទព្រំដែនជាមួយប្រទេសជិតខាង និងកាត់បន្ថយជាអតិបរមាលើការផ្តល់ទិដ្ឋាការសម្រាប់ជនបរទេសដែលចង់ចូលក្នុងប្រទេសឥណ្ឌា។ សូម្បីតែអ្នកមានដើមកំណើតឥណ្ឌា និងកំពុងរស់នៅបរទេសក៏មិនអាចត្រឡប់ចូលប្រទេសឥណ្ឌាបានដែរ។ ចំណែកអ្នកធ្វើដំណើរជាជនជាតិឥណ្ឌាដែលត្រឡប់ចូលស្រុកកំណើតវិញ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសដែលកំពុងឆ្លងរាលដាលដោយ Covid-១៩ ត្រូវបញ្ជូនទៅដាក់កន្លែងដាច់ឆ្ងាយពីគេឯងយ៉ាងតិច ១៤ថ្ងៃ។ ដោយឡែកនៅក្នុងតំបន់ទេសចរណ៍មួយចំនួនដូចយ៉ាង Rajasthan អ្នកទេសចរណ៍បរទេសដែលកំពុងមានវត្តមាននៅឥណ្ឌាស្រាប់ត្រូវបង្ហាញលិខិតពេទ្យដល់សណ្ឋាគារទើបអាចជួលបន្ទប់បាន។
អ្នកទេសចរស្រ្តីជនជាតិអាល្លឺម៉ង់ម្នាក់បានត្អូញត្អែរថា រូបគាត់បានឈរតម្រង់ជួររយៈពេល ២ម៉ោងទើបទទួលបានលិខិតពេទ្យបញ្ជាក់ពីស្ថានភាពសុខភាពរបស់គាត់។ ក្រៅពីវិធានការបិទព្រំដែននៅខាងក្រៅ រដ្ឋាភិបាលក្រុងញូដែលីក៏បានចាត់វិធានការបង្ការនៅខាងក្នុង ដូចយ៉ាងបិទសាលារៀន និងរោងកុននៅតាមទីក្រុងមួយចំនួនសម្រាប់ខែមីនានេះ។ បន្ទាប់មក រដ្ឋអំណាចក៏បានអំពាវនាវឲ្យពលរដ្ឋចៀសវាងការប្រមូលផ្តុំ ជួបជុំច្រើននាក់ តែមិនបានកម្រិតចំនួនដូចបណ្តាប្រទេសផ្សេងទេ។ ចំណោទនៅត្រង់ថា រដូវនេះនៅឥណ្ឌាជារដូវរៀបការ ហើយការប្រារព្ធពិធីមួយនេះបានគ្រោងអស់ជាច្រើនខែ និងរហូតដល់ឆ្នាំផងក៏មានសម្រាប់អ្នកខ្លះ។ វិធានការបង្ការក៏មាននៅតាមកន្លែងធ្វើការដោយមានក្រុមហ៊ុន និងរោងចក្រមួយចំនួនបានស្នើឲ្យបុគ្គលិកធ្វើការពីផ្ទះ ពិសេសបុគ្គលិកដែលអាចធ្វើការងារពីផ្ទះបាន ដោយមិនចាំបាច់មានវត្តមាននៅកន្លែងធ្វើការផ្ទាល់។
ឥណ្ឌាបានចំណាយតិចតួចសម្រាប់វិស័យសុខាភិបាល
ក្រុមអ្នកជំនាញបានបារម្ភពីគ្រោះមហន្តរាយជាយថាហេតុនៃការឆ្លងរាលដាល Covid-១៩ ក្រោមទ្រង់ទ្រាយធំនៅឥណ្ឌា។ ប្រព័ន្ធសុខាភិបាលទន់ខ្សោយ ទីកន្លែងរស់នៅតូចចង្អៀតនៅតាមតំបន់ក្រីក្រ និងភាពក្រីក្រ ជាកត្តាសំខាន់ដែលអាចធ្វើឲ្យឥណ្ឌាពិបាកទប់នឹងការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មីក្រោមទ្រង់ទ្រាយធំ។ នៅឥណ្ឌា មានពលរដ្ឋចំនួន ៧០លាននាក់ជាអ្នកក្រីក្រខ្លាំង ហើយលក្ខខណ្ឌនៃការរស់នៅរបស់ពួកគេមានការលំបាកតាំងពីអនាម័យរហូតដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ នៅតាមតំបន់មួយចំនួន ទីកន្លែងស្នាក់នៅរបស់អ្នកក្រីក្រខ្លាំងមានភាពតូចចង្អៀតខ្លាំងដោយមានការប្រមូលផ្តុំមនុស្សច្រើន។ ចំណែកប្រព័ន្ធសុខាភិបាល និងអនាម័យនៅតាមតំបន់ទាំងនោះក៏មិនគ្រប់គ្រាន់ដែរ។ ប្រសិនបើមានផ្ទុះករណី Covid-១៩ នៅក្នុងតំបន់ទាំងនោះ ការឆ្លងរាលដាលនឹងមានល្បឿនលឿនតែមួយប៉ប្រិចភ្នែក។
ចូរកុំភ្លេចថា វិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាល Covid-១៩ គឺលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ អ្នកមានរោគសញ្ញាត្រូវពាក់ម៉ាស ឬមួយក៏ត្រូវឈរដោយមានគម្លាតយ៉ាងតិច ១ម៉ែត្ររវាងមនុស្សម្នាក់ៗជាដើម។ ពិតណាស់ មានប្រទេសខ្លះបានចាត់វិធានការចាស់ដៃដោយបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាអតិបរមា។ តែប្រទេសដូចឥណ្ឌាពិបាកនឹងធ្វើណាស់ ព្រោះអវត្តមានប្រព័ន្ធសន្តិសុខសង្គមបានបង្ខំឲ្យពលរដ្ឋឥណ្ឌារាប់លាននាក់ចេញទៅធ្វើការដើម្បីចិញ្ចឹមគ្រួសារ។ តាមតួលេខរបស់ធនាគារពិភពលោក ឥណ្ឌាបានចំណាយតែ ៣,៦% នៃផលិតសរុបក្នុងស្រុកសម្រាប់វិស័យសុខាភិបាល ពោលតិចជាងឆ្ងាយពីប្រទេសបារាំងដែលបានចំណាយ ១១,៥%។ ក្នុងករណីដែល Covid-១៩ ឆ្លងរាលដាលខ្លាំងដូចនៅចិន មន្ទីរពេទ្យនៅឥណ្ឌាគ្មានសមត្ថភាពនឹងទទួលអ្នកជំងឺដ៏ច្រើនសម្បើម ហើយក៏ប្រហែលគ្មានសមត្ថភាពក្នុងការចាត់ចែងឲ្យបានទាន់ពេល និងឆាប់រហ័សដែរ។
តែគេមិនត្រូវភ្លេចនិយាយទេថា ឥណ្ឌាធ្លាប់មានបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺឆ្លងរាតត្បាត ពិសេសប្រឈមនឹងជំងឺរបេងដ៏យូរលង់ និងដែលសព្វថ្ងៃបានថយចុះគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ ២០១៨ ឥណ្ឌាក៏បានប្រឈមនឹងមេរោគ Nipah នៅក្នុងរដ្ឋ Kerala ដោយមានមនុស្សស្លាប់តែ ១៧នាក់។ លោក Rajan Sharma ប្រធានសមាគមគ្រូពេទ្យឥណ្ឌាមានសុទិដ្ឋិនិយមថា ស្ថានភាព Covid-១៩ នៅឥណ្ឌានឹងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនៅរង្វង់ពី ១០ ទៅ ១៥ថ្ងៃខាងមុខ។ តែលោក Ashish Jha នាយកវិទ្យាសា្ថនស្រាវជ្រាវនៅ Harvard ស្តីពីសុខភាពសាធារណៈសកលមិនយល់ដូចលោក Rajan Sharma ទេ។ សម្រាប់លោក Ashish មហាប្រទេសដូចឥណ្ឌាដែលមានពលរដ្ឋរស់នៅផ្តុំគ្នាក្នុងទីកន្លែងតូចចង្អៀតមិនអាចគេចផុតពីការឆ្លងរាតត្បាតដោយ Covid-១៩ បានឡើយ៕ RFI