ខ្មែរប៉ុស្ដិ៍ Close

សត្វត្រយងចង្កំ.ក.ស ៥សំបុក ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
សត្វត្រយងចង្កំ.ក.ស ៥សំបុក ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី សត្វត្រយងចង្កំ.ក.ស ៥សំបុក ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី

មន្រ្តីជំនាញបរិស្ថានបានរកឃើញ សត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករាកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី ដែលជាប្រភេទសត្វជិតផុតពូជនៅប្រទេសកម្ពុជា។

បើតាមលោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿនទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំ.ក.ស មានការធ្លាក់ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះផងដែរ ។

លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការ អង្កេតតាមដានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី ដែលនេះជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។

លោកបញ្ជាក់បន្ថែមថា «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញចំនួន ៥សំបុក ក្នុងនោះ ១សំបុកបានបរាជ័យ ដែលតាមការអង្កេតរបស់ពួកយើង ការបរាជ័យរបស់ពួកវាគឺបណ្ដាលមកពីសត្វក្អែក និងខ្លែងចូលស៊ី មិនមែនដោយសារមនុស្សទេ ប៉ុន្តែកាលពីមុន ក៏មានការរំខានដោយមនុស្សដែរ មានអ្នកឡើងយកពង កូនរបស់វា រំខានដល់មេវា មួយទៀតគឺមានកាប់ដើមដែលមានសំបុកពងកូន ឬក៏កាប់ក្បែរហ្នឹងធ្វើឱ្យសំបុកវាបរាជ័យ»។

លោកបន្ថែមថា ក្រោយពីបានរកឃើញ មន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស តែងតែចុះ អង្កេតជាប្រចាំ ១សប្តាហ៍ម្តង និងធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍ កុំឱ្យទៅរំខានដល់សត្វត្រយងចង្កំ.ក.ស និងសត្វផ្សេងៗទៀតដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។

លោកនាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសត្វព្រៃរបស់យើងដែលជិតផុតពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាតំបន់ការពារ និងអភិរក្សសត្វព្រៃដទៃទៀត ឱ្យបានគង់វង្ស ជាពិសេស សត្វត្រយងយក្ស ដែលជានិមិត្តសញ្ញារបស់ជាតិយើង ៕

អត្ថបទទាក់ទង