ខ្មែរប៉ុស្ដិ៍ Close

ពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
ពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី ពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី

នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរី លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការតំណាងលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងសុរិយោដី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងរបស់លោក លី ឧសភា ជាប្រធានថ្មី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ខេត្តរតនគិរី ជំនួសលោក ទឹម ស៊ីណាត ប្រធានមន្ទីរចាស់ដែលត្រូវបានផ្ទេភារកិច្ចទៅបម្រើការងារនៅក្រសួងវិញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុនអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៩ក្នុងខេត្តនិងមន្រ្តីរាជការក្រោមឱវាទ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីជាច្រើនរូបទៀតផងដែរ។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់លោក ថង សាវុន រួចមកលោក ឆាន់ សាផាន បានផ្ដាំផ្ញើមួយចំនួនដល់លោក លី ឧសភា ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពការងារដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៃការផ្ដល់សេវាសាធារណៈ ជាពិសេសផ្ដោតលើសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការងារដីធ្លី និងការសាងសង់សំណង់ផ្សេងៗ ដើម្បីសម្រេចការងារនេះ ទាមទារនូវកិច្ចសហប្រតិបត្តិការពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលត្រូវពន្លឿនការងារឱ្យបានស្មើដៃគ្នាក្នុងគោលបំណងសម្រេចការផ្ដល់សេវាទៅតាមបរិបទពេលវេលាដែលបានកំណត់។

លោកបានមានប្រសាសន៍ថា ប្រធានមន្ទីរ និងប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ ត្រូវគ្រប់គ្រងមន្ត្រីឱ្យបានហ្មត់ចត់ និងមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម និងមានវិធានការលើកទឹកចិត្តដល់មន្រ្តី បុគ្គលិក ដែលធ្វើការទៀតទាត់ និងមានគុណផលការងារល្អ។ ពាក់ព័ន្ធ លើការងាររដ្ឋបាលដីធ្លី ត្រូវបន្តខិតខំជម្រះទិន្នន័យក្បាលដីកកស្ទះកន្លងមក ក្នុងកម្មវិធីចុះបញ្ជីដីធ្លីទូទៅ ក៏ដូចជាការចុះបញ្ជីដីតាមបទបញ្ជាលេខ ០១បប ។

លោកក៏ស្នើដល់គណៈកម្មការរដ្ឋបាល ជួយពន្លឿនការពិនិត្យសម្រេចឯកសារវិនិច្ឆ័យក្បាលដី ពិសេសទាក់ទងនឹងការសម្រេចពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអាចចែកប័ណ្ណជូនប្រជាពលរដ្ឋទាន់ពេលវេលា។ គណៈកម្មាធិការសុរិយោដីថ្នាក់ក្រុង ស្រុក និងខេត្តត្រូវបន្តជំរុញដោះស្រាយឱ្យអស់នូវទំនាស់ដែលនៅសេសសល។ ទន្ទឹមនេះ ត្រូវជំរុញដោះស្រាយបណ្ដឹងដែលអង្គភាពជំនាញបានទទួល។ លោកបន្តទៀតថា លើការងាររៀបចំដែនដី រដ្ឋលេខាធិការបានជំរុញមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តរតនគិរីត្រូវបញ្ចប់ផែនការរៀបចំដីខេត្តនិងប្លង់គោលប្រើប្រាស់ដីស្រុកអូរយ៉ាដាវ និងស្រុកកូនមុំ ។ ទប់ស្កាត់ និងរុះរើសំណង់ខុសច្បាប់ដែលរំលោភលើដីសាធារណៈដូចជាដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសនៅតាមទីក្រុង ទីប្រជុំជន និងទប់ស្កាត់ឱ្យខាងតែបានរាល់ការសាងសង់សំណង់ខុសច្បាប់រំលោភលើដីសាធារណៈ តទៅមុខទៀត ។

លោកក៏បានបញ្ជាក់ថា ចំពោះការងារសំណង់ ត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុឱ្យយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ។ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងជាមួយមហាជន ប្រជាជន ធ្វើការតាមដានគ្រប់ការដ្ឋានដែលត្រូវចាប់ផ្ដើមរៀបចំការសាងសង់។ ក្នុងករណីពិនិត្យឃើញមានការខុសឆ្គងនឹងបទបញ្ញត្តិសំណង់ ទោះចំពោះអ្នកមាន ឬគ្មានលិខិតអនុញ្ញាតសាងសង់ ត្រូវការហាមឃាត់ផ្អាកការសាងសង់ជាបណ្ដោះអាសន្នភ្លាម បន្ទាប់មកត្រូវបំពេញបែបទតាមនីតិវិធី និងគោលការណ៍ជាធរមាន ៕

អត្ថបទទាក់ទង