រាជរដ្ឋាភិបាល កំពុងពិចារណាក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ឡាវ នៅត្រង់ខេត្តរតនៈគិរី
អភិបាលខេត្តរតនគិរីបានឲ្យដឹងថារាជរដ្ឋាភិបាលកំពុងពិចារណាក្នុងការបើកច្រកទ្វារព្រំដែនអន្តរ ជាតិកម្ពុជា ឡាវ នៅត្រង់ខេត្តរតនៈគិរី ដើម្បីជំរុញកំណើនទេសចរណ៍និងពាណិជ្ជកម្ម។
លោក ថង សាវុធ អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា តាំងពីបង្កើតខេត្តរតនគិរីមកដល់បច្ចុប្បន្ននេះ ខេត្តមិនទាន់មានផ្លូវ ឬច្រកទ្វារណាមួយជាមួយប្រទេសឡាវនោះទេ ក្នុងការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុន្តែមានតែច្រកទ្វាររបៀងសត្វតែប៉ុណ្ណោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី ១៣ ខែ កក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី លោកបានឲ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងសិក្សាមើលថានឹងបើកចក្រណាមួយ ដែលផ្តល់នូវសារៈសំខាន់សម្រាប់ខេត្តទាំងពីរ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ទាំងក្នុងការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម ។
លោកបន្តថា ប្រសិនជាអាចបើកច្រកទ្វារព្រំដែនជាមួយប្រទេសឡាវ នឹងអាចតភ្ជាប់ច្រកទ្វារនេះជាមួយនឹងផ្លូវជាតិសំខាន់បន្ថែមទៀត ទៅក្នុងក្របខ័ណ្ឌ គម្រោងអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ដែលមានប្រទេសកម្ពុជា ឡាវ និងវៀតណាម។
លោកលើកឡើងថា៖ «ខេត្តមិនទាន់មានផ្លូវណាមួយ ឬក៏របៀងណាមួយ តភ្ជាប់ជាមួយនឹងប្រទេសឡាវទេ មិនទាន់មានទេ។ ហើយការដែលស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការស្នើសុំរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺស្នើសុំចង់បាននូវការបើកច្រកទ្វារទ្វេភាគីមុន រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដោយឡែក ខេត្តរតនគិរីរបស់យើងខ្ញុំក៏មានផែនការបើកច្រកទ្វារទ្វេភាគីនេះមួយដែរ ដែលកំពុងសុំគោលការណ៍រាជរដ្ឋាភិបាល រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីសិក្សាមើល តើយើងនឹងរៀបចំបើកច្រកណាមួយ ដែលជាច្រកផ្តល់នូវសារៈសំខាន់សម្រាប់ខេត្តទាំងពីរ ប្រជាជននៅជិតខាងក៏ដូចជាប្រទេសយើងទាំងពីរ» ។
សូមបញ្ជាក់ថា ខេត្តរតនគិរី មានចម្ងាយពីរាជធានីភ្នំពេញប្រវែង ៥៨៨ គីឡូម៉ែត្រ មានព្រំប្រទល់ខាងលិចជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខាងជើងជាប់ខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំណែកខាងត្បូងវិញជាប់នឹងខេត្តមណ្ឌលគិរី៕