ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់សិស្ស និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 140
ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់សិស្ស និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់សិស្ស និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញចែកប្រគល់ វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្ស និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១,៩៦៣នាក់ ក្នុងនោះមាននារី ៨៧៣នាក់។

ប្រសាសន៍សំខាន់ៗមួយចំនួនរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន រួមមានខ្លឹមសារដូចខាងក្រោម÷

ទី១- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់សាកលវិទ្យាធនធានមនុស្សកុំឲ្យបោះបង់ចោលនូវជំនាញវិជ្ជាជីវៈ ព្រោះជាជំនាញសំខាន់មួយសម្រាប់ផ្តល់ចំណេះដឹង និងការងារដល់យុវជនខ្មែរ ហើយលើកទឹកចិត្តដល់សាកលវិទ្យាល័យបន្តបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ បន្តទៅទៀត។

ទី២- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកទឹកចិត្តដល់សិស្ស និងនិស្សិតឲ្យប្រឹងប្រែងពង្រឹងសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ មិនអាចនៅនឹងថ្កល់នោះទេ ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័សនេះ។

ទី៣- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ក្របខណ្ឌការងារមានការប្រកួតប្រជែងគ្នា ដូច្នេះត្រូវពង្រឹងសមត្ថភាពបន្ថែម បើមិនដូច្នោះទេគឺមិនអាចរកការងារបានល្អធ្វេី និងប្រាក់ខែច្រេីនឡេីយ។

ទី៤- លោកនាយករដ្ឋមន្រ្ដីរី ហ៊ុន សែន បានថ្លែងថា ស្ថានការណ៍នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ មានទាំងល្អ និងអាក្រក់ ហើយមានតែព្រឹត្តិការណ៍នៅឧបទ្វីបកូរ៉េទេ ដែលជាព្រឹត្តិការណ៍ដ៏ល្អបំផុត។ តាមរយៈស្ថានការណ៍នេះ នាំឲ្យលែងមានការព្រួយបារម្ភពីការផ្ទុះឡើងនៃសង្គ្រាមឧបទ្វីបកូរ៉េ។

បើទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្រ្ដី នៅតែបង្ហាញការព្រួយបារម្ភថា តើនៅពេលមានការជួបចរចារវាងអាមេរិក និងកូរ៉េខាងជើង អាចនឹងជះឥទ្ធិពលដល់ការបង្រួបបង្រួមឧបទ្វីបកូរ៉េដែរឬទេ?លោកនាយករដ្ឋមន្រ្ដីបានទស្សន៍ទាយថា ជំនួបអាមេរិក និងកូរ៉េខាងជេីង នោះអាមេរិកអាចនឹងមានការទាមទារឲ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពផលិតអាវុធនុយក្លេអ៊ែរ ហើយកូរ៉េខាងជើងនឹងមានការទាមទារឲ្យអាមេរិកដកកងទ័ពពីកូរ៉េខាងត្បូង។ ដូច្នេះការទាមទារនេះ អាចនឹងនាំឲ្យមានការមិនត្រូវគ្នា។ តែទោះជាយ៉ាងណាលោកនាយករដ្ឋមន្រ្ដីបានសាទរចំពោះការវិវឌ្ឍន៍នូវស្ថានការណ៍ដ៏ល្អប្រសើរនៅឧបទ្វីបកូរ៉េ

ទី៥- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហាញក្តីបារម្ភចំពោះការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា និងការផ្ទុះជម្លោះការទូតរវាងរុស្ស៊ី ជាមួយប្រទេសអង់គ្លេស និងនៅអឺរ៉ុប។

ទី៦- លោកនាយករដ្ឋមន្រ្ដីរី ហ៊ុន សែន ក៏បានបង្ហាញក្តីបារម្ភចំពោះសង្គ្រាមពាណិជ្ជកម្មរវាងចិន ជាមួយអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត។ ការប្រកួតប្រជែងពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចនេះ នឹងនាំផលប៉ះពាល់ដល់អ្នកប្រើប្រាស់។

ទី៧- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា បេីទោះបីកម្ពុជា ជាប្រទេសតូច ក៏ត្រូវតាមដានស្ថានការណ៍វិវឌ្ឍន៍របស់ពិភពលោកដែរ។ ក្នុងន័យនេះលោកនាយករដ្ឋមន្រ្ដីស្នើថ្នាក់ដឹកនាំកម្ពុជា ត្រូវចេះតាមដានការវិវឌ្ឍន៍ស្ថានការណ៍របស់ពិភពលោក ដើម្បីបានដឹងពីការប្រែប្រួលរបស់ពិភពលោក។

ទី៨- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា នៅថ្ងៃទី៣០ ខែមេសា នេះ គឺជាខួប១៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ ១៩ឆ្នាំ កម្ពុជាបានធ្វើប្រធានអាស៊ាន២ដង គឺឆ្នាំ២០០២ និងឆ្នាំ២០១២ ហើយតាមរយៈការធ្វើប្រធានអាស៊ាននេះ កម្ពុជាបានរួមចំណែកជាច្រើនសម្រាប់សមិទ្ធផលរបស់អាស៊ាន។

ទី៩- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍កន្លងទៅនេះ លោកបានស្នើថា បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយហើយនោះ ត្រូវឈានទៅពិនិត្យកិច្ចចរចាពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(TPP)។ បើចូលគឺប្រទេសអាស៊ាននៅសេសសល់ ៦ផ្សេងទៀត ត្រូវចូលទាំងអស់គ្នា។ បើខ្លះចូល ហើយខ្លះៗអត់ចូលអាចនាំឲ្យមានការបែកបាក់ក្នុងអាស៊ាន។

ទី១០- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា មានលក្ខខណ្ឌសំខាន់ចំនួន៤ ដែលនាំឲ្យលោកសម្រេចយកកម្ពុជាចូលសមាជិកអាស៊ានកាលពី១៩ឆ្នាំមុន។

លក្ខខណ្ឌទាំង៤នោះរួមមាន÷

  • ១- គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង,
  • ២- ស្មារតីសហគមន៍ គឺគោលការណ៍កុងសង់ស៊ីស ដែលរាល់ការសម្រេចអ្វីត្រូវការមតិរួម,
  • ៣- ពាក់ព័ន្ធសមាហរណកម្មអាស៊ាន ដែលកម្ពុជាទទួលបានផលប្រយោជន៍បានច្រើន,
  • និងទី៤- ច្រកទ្វារចេញនៃការទូតរបស់កម្ពុជា។

ទី១១- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនជំទាស់ការសម្រេចចិត្តយកកម្ពុជាចូលអាស៊ាន។ អាស៊ានមិនមែនជារបស់លោកនាយករដ្ឋមន្រ្ដីទេ គឺជារបស់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយស្នើតាមក្រសួងស្ថាប័ននានាដាក់ទង់អាស៊ានផងដែរ។

ទី១២- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២២ ដល់ពេលកម្ពុជាស្នើធ្វើជាប្រធានអាស៊ាន ហើយលោកចង់ស្នើឲ្យប្រើពេលតែ៤ម៉ោង សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ ដូចប្រទេសសិង្ហបុរី។

ទី១៣- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃនេះ គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ហើយ ការចុះឈ្មោះនេះនឹងធ្វើដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ តាមរយៈសកម្មភាពនេះបង្ហាញថា បក្សដែលងាប់ហើយគ្មានពេលរស់ឡើងវិញនោះទេ ក្នុងពេលដំណើរការបោះឆ្នោតកំពុងតែធ្វើទៅតាមនីតិវិធី។

ទី១៤- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រតិកម្មជាមួយការលើកឡើងរបស់អតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី ចំពោះការលើកឡើងថា នឹងមានការចាប់ខ្លួនសម្តេចតេជោបើមិនពន្យារពេលបោះឆ្នោត។លោកនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា បើនរណាមានក្បាលប៉ាន់ដែក មកចាប់លោកទៅ គឺមិនមែននាយករដ្ឋមន្ត្រីមួយរូបមានអង្គរក្ស និងអាចបញ្ជាកងទ័ពរាប់ម៉ឺននាក់ ចេះតែឲ្យគេមកចាប់ងាយៗនោះទេ។

ទី១៥- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចាត់ទុកការរិះគន់ក្នុងការបង្កើតបក្សថ្មីនានាពីទណ្ឌិត សម រង្ស៊ី ថា ជាទង្វើមិនបានស៊ីខ្លួនឯង ចង់ឲ្យគេអត់ស៊ីជាមួយខ្លួន។

ទី១៦- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវបានរាំងខ្ទប់ដោយបុគ្គល ឬក្រុមណាមួយនោះទេ ហើយប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែបន្ត។ តើឆ្កួតអីបានជាក្រុមបក្ស ដែលរំលាយតែងតែចោទបក្សថ្មីនានាថាជាអាយ៉ងឲ្យបក្សកាន់អំណាច។

ទី១៧- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បុគ្គលណាចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតវាជាសិទ្ធិរបស់ពួកគេ តែដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅតែដំណើរការទៅមុខ។លោកនាយករដ្ឋមន្រ្ដី បានប្រកាសការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោត ហើយក្នុងឋានៈជាគណបក្សប្រជាជនកម្ពុជា គឺគោរពគ្រប់នីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ទី១៨- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា សម្តេចតេជោកំពុងពិចារណានឹងចេញឃោសនារកសំឡេងឆ្នោតនៅកន្លែងណា?

ទី១៩- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ជាចុងក្រោយថា ការបោះឆ្នោតមិនមានការពន្យារពេលនោះទេ បើចង់ពន្យារពេលត្រូវទៅកែច្បាប់ និងកែរដ្ឋធម្មនុញ្ញ។ គ.ជ.ប គ្មានសិទ្ធិពន្យារការបោះឆ្នោតឡើយ។

ទី២០- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងរំលឹកអនុស្សាវរីយ៍កាលគ្រាកម្សត់មួយចំនួនកាលនៅជាក្មេងវត្ត។លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា ព្រោះតែសម្តេចតេជោធ្លាប់ក្រ ធ្លាប់អត់ឃ្លាន ធ្លាប់លំបាក ទើបដឹងថា ភាពក្រ អត់ឃ្លាន និងលំបាកយ៉ាងម៉េច?លោកនាយករដ្ឋមន្រ្ដី តែងតែយល់សប្តិឃើញគ្រាលំបាក ពេលនៅជាក្មេងវត្ត ជាទាហាន និងពេលអត់ឃ្លានក្នុងរបប ប៉ុល ពត ហេីយមិនធ្លាប់យល់សប្តិឃើញភាពស្រណុកស្រួលក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ៕

អត្ថបទទាក់ទង