សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានសមត្ថភាពអាចផ្ទុកយន្តហោះដឹកជញ្ជូនខ្នាតធំសម្រាប់ការហោះហើរចេញ-ចូលក្រៅប្រទេស
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ព្រលានយន្តហោះនៅភ្នំពេញ (ពោធិ៍ចិនតុង) មិនអាចទប់ទល់ការរីកចម្រើនទៅមុខបានទេ ទើបចាំបាច់ត្រូវតែពង្រីកការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះឡើង នៅលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីពង្រីកដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មទេសចរណ៍។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ព្រលានយន្តហោះភ្នំពេញ ខ្នាតមធ្យមដឹកជញ្ជូនបានត្រឹមក្នុងស្រុកតែប៉ុណ្ណោះ រីឯខេត្តសៀមរាបក៏ដូចគ្នាផងដែរ ដឹកជញ្ជូនបានតែភ្ញៀវទេសចរណ៍កំសាន្តក្នុងស្រុក បើពង្រីកនៅខេត្តសៀមរាប នាំឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទអង្គរ នៅពេលហោះហើរចុះឡើង។ ហើយព្រលានយន្តហោះនៅក្នុងខេត្តព្រះសីហនុ ក៏ដូចគ្នាផងដែរ បានត្រឹមហោះហើរក្នុងស្រុក ដូច្នេះមានតែព្រលានយន្តហោះថ្មី ដែលរាជរដ្ឋាភិបាលសម្រេចសាងសង់នៅពេលនេះ គឺបម្រើឱ្យសេវាដឹកជញ្ជូនខ្នាតធំ សម្រាប់ការហោះហើរចេញ-ចូល ក្រៅប្រទេស ចូលមកក្នុងប្រទេសកម្ពុជា៕