ខ្មែរប៉ុស្ដិ៍ Close

កសិករដំាតាង៉ែនធម្មជាតិនៅស្រុកបន្ទាយស្រីកំពុងប្រមូលផលលក់ជូនភ្ញៀវទេសចរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 51
កសិករដំាតាង៉ែនធម្មជាតិនៅស្រុកបន្ទាយស្រីកំពុងប្រមូលផលលក់ជូនភ្ញៀវទេសចរ កសិករដំាតាង៉ែនធម្មជាតិនៅស្រុកបន្ទាយស្រីកំពុងប្រមូលផលលក់ជូនភ្ញៀវទេសចរ

សៀមរាប៖ កសិករដំាតាង៉ែនធម្មជាតិនៅស្រុកបន្ទាយស្រី កំពុងប្រមូលផលលក់ជូនភ្ញៀវទេសចរ ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្កើនប្រាក់ចំណូលជួយលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារផង ។

អ្នកស្រី បឿង សំណាង អាយុ៥៨ឆ្នាំ ម្ចាស់ចម្ការតាង៉ែនជើងភ្នំគូលេន មានទីតាំងស្ថិតនៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រីនិងគ្រួសារបានចាប់ផ្តើមដាំដំណាំតាង៉ែនអស់រយៈពេល៧ឆ្នាំមកហើយ លើផ្ទៃដីប្រមាណ៣ហិកតា ដោយមានដើមតាង៉ែនជាង៥០០ដើម ហើយមកដល់ពេលនេះ ចម្ការអ្នកស្រី ប្រមូលផលបានចំនួន៣ឆ្នាំហើយ។

អ្នកស្រីបន្តថា ជាមធ្យមតាង៉ែនមួយដើម អាចប្រមូលផលបានប្រមាណ២០គីឡូក្រាម ដោយលក់ចេញបានតម្លៃ៥០០០រៀលក្នុងមួយគីឡូក្រាម ។ តាង៉ែនដែលកំពុងប្រមូលផលនេះ ជាផ្លែឈើធម្មជាតិសុទ្ធសាធ មិនមានប្រើប្រាស់សារធាតុគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកទទួលទានឡើយ ។

អ្នកស្រី បឿង សំណាង បានសំណូមពរដល់កសិករដទៃទៀត ដែលមានដីទំនេរ សូមកុំទុកចោល សូមនាំគ្នាដំាដំណាំគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

រដ្ឋបាលស្រុកបន្ទាយស្រី បានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យស្រុកបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជា«ដែនដីកសិទេសចរណ៍»ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត ។

តាមរយៈការងារនេះ រដ្ឋបាលស្រុកកំពុងជំរុញដល់ប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃ និងមានទីផ្សារទូលំទូលាយ សម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការនិងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង៕