ខ្មែរប៉ុស្ដិ៍ Close

សិលាចារឹកបន្ទាយស្រី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 33
សិលាចារឹកបន្ទាយស្រី សិលាចារឹកបន្ទាយស្រី

ក្រោយពីបាន​រៀបចំ​«ប្រវត្តិឈ្មោះ​ប្រាសាទ​ ​និង​ស្រុកបន្ទាយស្រី» រួច​មក ​ហេង ឧត្តម សូម​​បន្ត​ប្រធាន​ស្តី​ពី«​បន្ទាយស្រី»ទៀត​ តែ​សូម​​ផ្តោត​សំខាន់ ទៅ​លើ «​សិលាចារឹក»។​

ការ​ចុះ​លេខ​បញ្ជី​សិលាចារឹក​ គឺ​​​តាង​អក្សរផ្សេងៗគ្នា​។ ​K. ឬ Ka. ​តំណាង​សម្គាល់​ថា ខ្មែរ។ ចាម តាងដោយ​ អក្សរ​ C. មកពីឈ្មោះថា​ Campā ហើយ IMA អក្សរកាត់របស់​ Inscription moderne d’Angkor គឺ​សម្រាប់តែចុះ​លេខ​បញ្ជី ចំពោះ​សិលាចារឹក​​នគរវត្ត​ សម័យ​ទំនើប។ នេះ​បើ​តាម​ការ​ពន្យល់​របស់​គ្រូ​បង្រៀន​ភាសា​វិទ្យា នៅសកលវិទ្យាល័​យភូមិន្ទ​ភ្នំពេញ លោក ហ៊ុន ឈុនតេង និងដែល​ជាអ្នកជក់ចិត្ត​សិក្សាផ្ទាំងអក្សរថ្ម។

​​​អ្នក​ស្រាវជ្រាវ​ធំ​ៗ ​ដែល​សិក្សាសិលាចារឹក​នៅបន្ទាយស្រីរួច​មកហើយ គឺលោក Louis Finot លោក George Cœdès អ្នក​ស្រីបណ្ឌិត ពៅ សាវរស លោក​ Philip N. Jenner​ ។ល​។ កូនសិស្ស​របស់​អ្នក​ប្រាជ្ញ​ទាំងនេះ ដូចជា​ បណ្ឌិត អាំង ជូលាន កញ្ញាបណ្ឌិត ឆោម គន្ធា និង​បណ្ឌិត វង់ សុធារ៉ា​ ក៏​សិក្សាពិចារណា​រឿង​នេះដែរ​។ នរវិទូ អាំង ជូលាន បាន​យក​ផ្ទាំងសិលាចារឹក​បន្ទាយស្រី លេខ K.569 ទៅ​​ពន្យល់​ ក្នុងសៀវភៅ «មូលដ្ឋានរៀនខ្មែរបុរាណ» បោះ​ផ្សាយ​នៅឆ្នាំ​២០១៣។ បុរាណវិទូ Éric Bourdonneau ក៏ទើប​នឹង​សិក្សា​ពិចារណា​ស៊ីជម្រៅ​បន្ថែម​ទៀត នា​ឆ្នាំ​២០១៧ ។

បន្ទាយស្រី​ មាន​សិលាចារឹក​ ចំនួន​១១ ​ចុះបញ្ជីលេខរួចស្រេច​ហើយ​ តែ​មួយ​ទៀត​ ជា​គំនូសសញ្ញា មិន​ទាន់​ចុះលេខ​។ ​ក្នុង​ចំណោម​​សិលាចារឹកជាង​១០ផ្ទាំងនេះ​ ​ចារជា​ភាសា​​សំស្ត្រឹតមួយ​ចំនួន។ ខ្លះ​​ជាភាសា​ខ្មែរបុរាណ និងខ្លះទៀត មាន​​លាយគ្នា ទាំងសំស្ក្រឹត​ផង​ និង​ខ្មែរបុរាណផង​។​ សិលាចារឹក គេហៅ​សាមញ្ញថា​ អក្សរថ្ម ដែល​ចុះលេខ K.842 បាន​បញ្ជាក់​ឲ្យ​គ្រប់គ្នា​​ដឹងឈ្មោះ​ដើម​របស់​ បន្ទាយស្រី។​ នៅក្នុង​សម្ភាសន៍​ជា​សំឡេង លោក វ៉ាន់ វី គ្រូបង្រៀនភាសាវិទ្យា នៅភ្នំពេញ ពន្យល់​ពី​សិលាចារឹកមួយ​​នេះ ដោយ​បញ្ជាក់​បន្ថែម​ថា សិលាចារឹក មាន​វ័យប្រមាណ​​១ពាន់​ឆ្នាំ​​ គឺជា​តឹងតាង​ប្រកែកមិនបាន ដែល​អាច​​ស្រាយ​ចម្ងល់​ ជុំវិញ​ អ្នក​សាងសង់​«បន្ទាយស្រី» និងរជ្ជកាល​នៃ​រាជ្យ​ស្តេច​ ដែល​ប្រាសាទនេះ បាន​ប្រតិស្ឋដ្ឋានឡើង។

ក្នុង​បទសម្ភាស​នេះដែរ គ្រូបង្រៀនភាសាវិទ្យា លោក ហ៊ុន ឈុនតេង ជា ​ បញ្ជាក់ថា ក្នុង​ចំណោម​សិលាចារឹកបន្ទាយស្រី ទាំងជាង​១០ ​​​​គឺ​នៅ​ម្តុំ​ច្រកចូលទី​៣ មាន​ច្រើន​ជាងគេ រហូត​ដល់ទៅ​ ៥ ផ្ទាំង។

ចំណែក បេក្ខបណ្ឌិតបុរាណវិទ្យា កញ្ញា Chloé Chollet ​មានឈ្មោះខ្មែរថា បុប្ផា កំពុងបន្តការសិក្សា​ នៅសាលា École Pratique des Hautes Études នៃក្រុងប៉ារីស ក៏​បាន​ចូលរួម​បញ្ចេញ​មតិ​យោបល់​និង​បកស្រាយសង្ខេប​ខ្លះ ពី​សិលាចារឹក​បន្ទាយស្រី ដោយ​នាង​ខំប្រឹង​និយាយ​ភាសា​ខ្មែរ​ផង​។ បើតាម​ស្រីក្រមុំ​បារាំងរូបនេះ សិលាចារឹកបន្ទាយស្រី បាន​ថែ​រក្សា​នៅ​គង់វង្ស​ច្រើន។​ ខ្លះត្រូវ​រក្សា​ទុក​នៅ អភិរក្សអង្គរ ​Dépôt de la Conservation d’Angkor តែ​ចំនួន​ច្រើន​ គឺនៅ​នឹង​​​ប្រាសាទ។ ​រូបចម្លាក់​មួយ តាំងនៅសារមន្ទីរជាតិភ្នំពេញ​។​

រីឯនៅ​ដើម​សម្ភាសន៍​តែម្តង បណ្ឌិត ញឹម សុធាវិន្ទ ​អ្នក​ស្រាវជ្រាវប្រវត្តិសាស្ត្រ​និងបុរាណវិទ្យា សូម​បំភ្លឺ​វែកញែកឈ្មោះ «បន្ទាយស្រី» ដោយ​លម្អិតពី​ពាក្យ​នីមួយៗ និង​ដោយ​សង្កត់ធ្ងន់ថា «ស្រី» ត្រង់កន្លែងនេះ មិន​បាន​សេចក្តីថា «មនុស្ស​ភេទស្រី» ដូចគេ​ភាន់ច្រឡំ​ និងមាន​សរសេរ​ក្នុង​សៀវភៅ​មួយ​ចំនួន​នោះឡើយ។

សូម​អញ្ជើញ​ចុះ​ស្តាប់​សំឡេង​ទាំងស្រុង៕​ ហេង ឧត្តម / RFI

អត្ថបទទាក់ទង