ខ្មែរប៉ុស្ដិ៍ Close

គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥ ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 20
គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥ ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​ គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥ ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​

​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥ ដោយមាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យនេះ​នៅក្នុង​ប្រទេស​កម្ពុជា។​

​ក្នុងឱកាស​នោះ លោករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា គោលនយោបាយ​ជាតិ ស្តីពី​ដំឡូង​មី ​២០២០-២០២៥ ត្រូវបាន​ណែនាំ​ឱ្យ​បង្កើតឡើង​នៅក្នុង​ឯកសារ​គម្រោង​កម្មវិធី​ពិពិធ​កម្ម និង​ពង្រីក​ការនាំ​ចេញពី​កម្ពុជា​ដំណាក់កាល​ទី​ពីរ ផ្នែក​ដំឡូង​មី (CEDEP II ) និង​មានចែង​នៅក្នុង​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៤-២០១៨​ គោលនយោបាយ​ជាតិ​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​ជា​អន្តរក្រសួង និង​ជួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ហើយ​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។​

​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីរូបនេះ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា គោលនយោបាយ​ជាតិ​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​កម្ពុជា ក្លាយជា​ទីតាំង​ផលិត​កែច្នៃ និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី មួយ​ប្រកបដោយ​ភាពជឿ​ទុកចិត្ត សម្រាប់​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​ពិភពលោក និង​មាន​គោលដៅ​សំខាន់​ចំនួន​៣ គឺ​៖ ១-​ការផ្លាស់ប្តូរ​ពី​ផលិតកម្ម​ដំឡូង​មី​បែប​ប្រពៃណី ឬ​គ្រួសារ ឱ្យទៅជា​ផលិតកម្ម​ដំឡូង​មី​បែប​ពាណិជ្ជកម្ម​។ ២-​ការគាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូង​មី​ឱ្យមាន​សក្តានុពល និង​ទាក់ទាញ​វិនិយោគ ដើម្បី​កែច្នៃ​ផលិតផល​ពី​ដំឡូង​មី ដែលមាន​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ។ ៣-​ការលើកកម្ពស់​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម តាមរយៈ​ការ​ជ្រៀតចូល និង​ចាប់យក​ចំណែក​ទីផ្សារ ដោយ​ផ្សាភ្ជាប់​ទៅនឹង​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ក្នុងការ​នាំចេញ​។​

​ទន្ទឹមនឹងនេះ លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា តាមរយៈ​ការវិភាគ​ដំណាំ​ដំឡូង​មី​ត្រូវបាន​គេ​រកឃើញថា បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ ហេតុនេះ​ដើម្បី​ទាញយក​សក្តានុពល​នេះ កម្ពុជា​គួរតែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​តម្លៃ​របស់ខ្លួន​ដោយ​ពង្រឹងសមត្ថភាព​ដែលមាន​ស្រាប់ និង​បង្កើត​សមត្ថភាព​ថ្មី​ដើម្បី​ចាប់យក​កាលានុវត្តភាពទីផ្សារ ដែល​កំពុង​រីកចម្រើន​សម្រាប់​កំណើនសេដ្ឋកិច្ច​រួម​ និង​ពង្រីក​សេដ្ឋកិច្ច​របស់ខ្លួន ក្នុងការ​ចូលរួម​ដើម្បី​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០៣០ និង​២០៥០​។​

លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា គោលនយោបាយ​ជាតិ​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ដំណើរ​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ដែល​នឹង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​បន្ថែម ប្រកបដោយ​បរិ​យាប​ន្ន​ដល់​កម្ពុជា ក្នុង​បរិបទ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​គាំទ្រ​ដល់​ផែនការ​របស់​រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅពេល​ខាងមុខ​៕

អត្ថបទទាក់ទង