ខ្មែរប៉ុស្ដិ៍ Close

លោក ស៊ុន ចាន់ថុល​៖ និស្សិត​ខ្មែរ​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 10

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា លោក​ចង់ឃើញ​កូន​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​បន្តបន្ទាប់ មាន​សមត្ថភាព​ដូច​បុព្វបុរស​សម័យមុន ដែលមាន​សមត្ថភាព​ក​សាង​ប្រាង្គ​ប្រាសាទ​ដ៏​ស្រស់បំព្រង និង​មាន​គុណភាព​ជាប់​បាន​រាប់រយ​ពាន់​ឆ្នាំ ថែមទាំង​ល្បីល្បាញ​ពាសពេញ​សកលលោក​ទៀតផង និង​បាន​សម្តែង​មោទនភាព​ថា និស្សិត​ខ្មែរ​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​។

​ការ​ថ្លែង​បែបនេះ​របស់​លោក ស៊ុន ចាន់ថុល គឺនៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់ រវាង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​​អង្គារ ទី​១២ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា យើង​មានលទ្ធភាព​កសាង​គ្រឹះស្ថានសិក្សា ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​កូន​ខ្មែរ ប៉ុន្តែ​កូន​ខ្មែរ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ខ្ពស់ និង​មុត​ស្រួច ក្នុង​ការយក​ចំណេះដឹង​ទាំងនោះ​ទៅ​បម្រើ​ជាតិ​មាតុភូមិ​នៃ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង ប្រកបដោយ​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ពាសពេញ​ពិភពលោក​។

​ជាមួយគ្នានេះដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នេះ​គឺជា​ប្រវត្តិសាស្ត្រ ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន ដោយ​កន្លងមក​មិនទាន់​ឃើញ​មាន​គ្រឹះស្ថាន​ណាមួយ​ផ្ដោតលើ​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវដែក​ទេ​។ លោក​បាន​គូសបញ្ជាក់​បន្ថែមទៀតថា ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​មូលនិធិ​នានា​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ផ្ដល់​អាហារូបករណ៍​ជូន​និស្សិត​ដែល​ជួប​ការលំបាក ប៉ុន្តែ​មាន​សមត្ថភាព និង​មហិច្ឆតា​ចង់​សិក្សា​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​។​

​លើសពីនេះ​ទៀត លោកទេសរដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​របស់​ក្រសួង​ទាំងពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​រហូត​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យកត់សម្គាល់ និង​បានបង្ហាញ​ពី​កិច្ចសហការ​ខ្ពស់​ជាមួយ​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា ក្នុងការ​បញ្ជូន​និស្សិត​ចុះ​ធ្វើ​កម្មសិក្សា​នៅតាម​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ផងដែរ​៕

អត្ថបទទាក់ទង