ខេត្តបន្ទាយមានជ័យប្រមូលផលស្រូវវស្សា បានប្រមាណជាង៩០ភាគរយហើយ
ខេត្តបន្ទាយមានជ័យប្រមូលផលស្រូវវស្សា បានប្រមាណជាង៩០ភាគរយហើយ ដោយទទួលបរិមាណផលល្អ បើទោះបីរងការជន់លិចដោយជំនន់ទឹកភ្លៀងក្ដី។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ថា បើទោះបី កន្លងទៅដំណាំស្រូវ របស់ប្រជាកសិករបានរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងក៏ដោយ ប៉ុន្តែកសិករនៅតែបន្ត ថែទាំ ដោយមិនបានបោះបង់ស្រែចោលនោះទេ ហើយទទួលបានផលល្អទៀតផង។
លោកបន្តថា កត្តាដែលជំរុញឱ្យកសិករនៅតែបន្តការថែទាំនិងបង្កបង្កើនស្រូវបែបនេះ ដោយមាន ការចុះពិនិត្យនិងវាយតម្លៃ ជាប់ជាប្រចាំពីខាងមន្ទីរកសិកម្មខេត្ត ជាពិសេសដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការចែកជូន ពូជស្រូវចំនួន១១០០តោនដល់ប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង សម្រាប់ស្តារឡើងវិញថែមទៀត ផង ។
សំឡេង ៖ « យើងចុះពិនិត្យជាប្រចាំ ដើម្បីទីមួយគឺយើងចុះទៅ ពិនិត្យមើលការងារបង្កបង្កើនផល ហើយមួយទៀតយើងចុះស្ទង់ទិន្នផលស្រូវតាមប្រភេទស្រូវនីមួយៗ ដូចជាប្រភេទ ស្រូវកណ្ដាល ស្រូវធ្ងន់ ស្រូវគ្រប់ប្រភេទ ដែលមានទិន្នផលជាមធ្យមប៉ុន្មាន? ហើយយើង ចុះទៅដើម្បីធ្វើការងារនេះជាប់ជាប្រចាំនៅតាមស្រុកទាំងអស់ » ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានផ្ទៃដីបង្កបង្កើនស្រូវវស្សាជាង២៥ម៉ឺនហិកតា ដែលក្នុង១ហិកតា អាចប្រមូលផលបាន ជិត៣តោន ៕