លោក កែ គឹមយ៉ាន ណែនាំដល់អតីតសកម្មជនទណ្ឌិត សម រង្ស៊ី កុំទៅប្រព្រឹត្តបទល្មើសខុសច្បាប់ នាំឱ្យមានទោស និងបំផ្លាញប្រទេសជាតិ
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្រ្ត បានទទួលជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំមូលដ្ឋាន និងអតីតសកម្មជនគណបក្សសង្រ្គោះជាតិដែលចេញមុខប្រកាសមិនគាំទ្រផែនការរបស់ទណ្ឌិត សម រង្សី។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់អស់លោកទាំងអស់និងថ្លែងអំណរគុណដល់បងប្អូនក្នុងនាមជាមហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលមានការភ្ញាក់រលឹកទាន់ពេលវេលាដើរលើផ្លូវត្រូវមិនទៅចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់បំផ្លាញជាតិ ហើយត្រឡប់មកចូលរួមកសាងមូលដ្ឋានយើងឲ្យរីកចម្រើនជាមួយគ្នា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា សុខសន្តិភាពគឺទុនវិនិយោគមួយដ៏ធំសម្រាប់ប្រជាពលរដ្ឋយេីងគ្រប់រូប មានសន្តិភាពមានការរីកចម្រើន និងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាពកុំនិយាយឲ្យសោះពីការរីកចម្រើននិងភាពសុខសាន្ត គឺនាំមកតែភាពសោកសៅបែកបាក់កូនៗគ្មានឱកាសបានទៅរៀនសូត្រ បាត់បង់អនាគត។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាខិតខំបង្កបង្កេីនផល និងឆ្លៀតចាប់យកផលផ្លែផ្កានៃសន្តិភាពដើម្បីអនាគតយើងកូនចៅយើង កុំទៅប្រព្រឹត្តនូវអ្វីផ្ទុយពីច្បាប់នូវឲ្យមានទោស នាំទុក្ខដល់គ្រួសារ និងបំផ្លាញប្រទេសជាតិ។
ជាការឆ្លើយតប ទៅនឹងទឹកចិត្តដ៏មហាទិគុណរបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បងប្អូនអតីតថ្នាក់ដឹកនាំមូលដ្ឋាន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងខេត្តបន្ទាយមានជ័យ បានប្តេជ្ញាមិនគាំទ្រដល់ទណ្ឌិត សម រង្ស៊ី ជាដាច់ខាត ព្រោះទណ្ឌិតរូបនេះ កំពុងតែរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា ហេីយកម្ពុជាមានសម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំយើងគឺគ្រប់គ្រាន់នាំកម្ពុជាទៅមុខបាន៕