ខ្មែរប៉ុស្ដិ៍ Close

ស្រូវបង្កើនរដូវ ដែលត្រូវស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង នៅស្រុកមង្គលបូរី ជាង៨០០០ហិកតា កំពុងលូតលាស់ល្អ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1239

ដំណាំស្រូវបង្កើនរដូវជាង៨០០០ហិកតា របស់ប្រជាកសិករក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលត្រូវបានស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង បានជន់លិចបំផ្លាញកាលពីខែតុលាកន្លងមកនេះ កំពុងលូតលាស់ល្អនៅគ្រប់ទីកន្លែង។

ក្នុងឱកាស ចុះទៅពិនិត្យមើលសកម្មភាពស្តារការដាំដុះដំណាំស្រូវឡើងវិញក្រោយជំនន់ទឹកភ្លៀង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ស្រូវដែលកំពុងមានការលូតលាស់ល្អនេះគឺជាពូជស្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី បាននិងកំពុងដុះចេញពីភក់ និងមានដើមដងលូតលាស់ល្អរាប់ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក ដែលបានផ្តល់នូវក្តីសង្ឃឹមដល់ប្រជាកសិករ ក្នុងការប្រមូលផលស្រូវនេះនាពេលខាងមុខ។

លោកអភិបាលខេត្ត បានឲ្យដឹងថា លោករួមជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារឃុំ បានចុះទៅដល់វាលស្រែ និងបានពិនិត្យមើលស្ថានភាពស្រូវ និងស្ថានភាពទឹក ដើម្បីមានវិធានការឆ្លើយតបដោះស្រាយ ក្នុងករណីមានបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនាពេលខាងមុខ។

យោងរបាយការណ៍របស់ឃុំ បានបង្ហាញថា ក្រោយពីទទួលបានពូជស្រូវបងប្អូនប្រជាកសិករចាប់ផ្តើមមមាញឹកធ្វើការបង្កបង្កើនផលដោយគិតមកត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្នុងឃុំសឿ អនុវត្តន៍បានជាង៤០០០ហិកតា ឃុំចំណោមបានចំនួន៣៥០០ហិកតា និងឃុំរហាត់ទឹក បានចំនួនជាង៨០០ហិកតា គឺលើសផែនការកំណត់ដែលក្នុងឃុំនិមួយៗឱ្យធ្វើតែចំនួន១៥០០ហិកតាប៉ុណ្ណោះ ចៀសវាងបញ្ហាប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនោះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការក្រើនរម្លឹកដល់អាជ្ញាធរដែនដីរួមនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទាំងអស់គ្នាឱ្យរក្សាទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចៀសវាងបញ្ហាប្រឈមការខ្វះខាតទឹកនៅពេលខាងមុខ៕

អត្ថបទទាក់ទង