ស្ថាន អគ្គ កុងស៊ុល កម្ពុជាប្រចាំនៅប្រទេសវៀតណាម អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈដែលរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅ ទីក្រុង ហូជីមិញ
(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានវត្តមាននៅទីក្រុងហូជីមិញ ប្រុងប្រយ័ត្នឲ្យ បានខ្ពស់ខណៈដែលរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅទីក្រុងហូជីមិញ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅក្រុងហូជីមិញ។
ការអំពាវនាវខាងលើ បានធ្វើឡើង បន្ទាប់ពីនៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ សារព័ត៌មាន Thanhnien.vn បានចុះផ្សាយតាមគេហទំព័រថាមានករណីឆ្លងជំងឺកូវដ ១៩ ក្នុងសហគមន៍នៅទីក្រុងហូជីមិញ គឺអ្នកជំងឺទី ១៣៤៧ ជាជនជាតិវៀតណាម។
ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូត បានបញ្ជាក់ថា ក្នុងកំឡុងពេលពីថ្ងៃទី ១៨-២៥ ខែវិច្ឆិកា តាមការសើបអង្កេតបឋមអ្នកជំងឺ ១៣៤៧ បានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនដូចជាទៅបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌល KEY English នៅខណ្ឌតិនឋិញ និងសាខាផ្សេងទៀតនៅខណ្ឌទី១០ ទៅហាងកាហ្វេ និងទៅការ៉ាអូខេនៅទីក្រុងហូជីមិញ។
តាមសេចក្តីជូនដំណឹងខាងលើ សរុបចំនួនមនុស្សដែលបានប៉ះពាល់ផ្ទាល់ (F1) ជាមួយអ្នកជំងឺ ១៣៤៧ តាមការសើបអង្កេតបឋមមានចំនួន ៣៨ នាក់ (បានប្រមូលដាក់ចត្តាឡីស័ក និងយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ ១៩), ចំនួនមនុស្សដែលបានប៉ះពាល់ប្រម៉ោល (F2) គឺ ១៥៤ នាក់ (ក្នុងនោះមាន ៦២ នាក់នៅខណ្ឌតិនចិញ និង ៩២នាក់ខណ្ឌទី ១០)។
ជាមួយគ្នាណោះអាជ្ញាធរមានសមត្ថកិច្ចវៀតណាម កំពុងសស្រាក់សស្រាំតាមប្រមូលអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលដទៃទៀត ដើម្បីយកមកធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យរកមេរោគកូវីដ ១៩៕