ខ្មែរប៉ុស្ដិ៍ Close

មន្ទីរពិសោធន៍អូស្រ្តាលីប្រហែលជាបានរកឃើញថ្នាំសម្រាប់ព្យាបាលវីរុស Covid-19 ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
មន្ទីរពិសោធន៍អូស្រ្តាលីប្រហែលជាបានរកឃើញថ្នាំសម្រាប់ព្យាបាលវីរុស Covid-19 ហើយ មន្ទីរពិសោធន៍អូស្រ្តាលីប្រហែលជាបានរកឃើញថ្នាំសម្រាប់ព្យាបាលវីរុស Covid-19 ហើយ

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីត្រូវបានផ្តល់នូវភ្លើងខៀវក្នុងការចាប់ផ្តើមការសាកល្បងប្រើប្រាស់ថ្នាំលើមនុស្សដើម្បីព្យាបាលវីរុស Coronavirus។ អ្នកជំងឺដែលមានផ្ទុកវីរុស Covid-19 នឹងត្រូវបានផ្តល់ឱ្យនូវថ្នាំចំនួនពីរ ដែលពីមុនមកត្រូវបាន ប្រើដើម្បីព្យាបាលជំងឺអេដស៍និងជំងឺគ្រុនចាញ់ នៅមន្ទីរពេទ្យប្រហែល 50 នៅក្នុងប្រទេសអូស្រ្តាលី ដោយការធ្វើតេស្តរំពឹងថា នឹងចាប់ផ្តើមនៅចុងខែនេះ។ ថ្នាំទាំងនេះត្រូវបានគេ រាយការណ៍ថា អាចកម្ចាត់ វីរុសនេះបាន។

លោក David Paterson នាយក មជ្ឈមណ្ឌលស្រាវជ្រាវ នៅសកលវិទ្យាល័យ Queensland បាននិយាយថា «មានអ្នកជម្ងឺបានទទួលការព្យាបាលជាមួយថ្នាំទាំងនោះ រួចហើយនៅក្នុងប្រទេសអូស្រ្តាលី និងទទួលបានជោគជ័យផងដែរ។ ក៏ប៉ុន្តែវាមិនទាន់ត្រូវបានអនុវត្តឱ្យបានទូលំទូលាយ នៅឡើយទេ។» លោកបានបន្តថា «អ្វីដែលយើងចង់ធ្វើនៅពេលនេះ គឺ ការសាកល្បងព្យាបាលដ៏ធំមួយនៅទូទាំងប្រទេសអូស្រ្តាលី នៅទូទាំងមន្ទីរពេទ្យចំនួន50 ហើយយើងនឹងប្រៀបធៀបថ្នាំមួយទល់នឹងថ្នាំមួយផ្សេងទៀត និងការបញ្ចូលគ្នារវាងថ្នាំទាំងពីរ»

សាកលវិទ្យាល័យ Stanford ផ្នែកវេជ្ជសាស្ត្រ បាន រាយការណ៍កាលពីថ្ងៃសុក្រថា :ថ្នាំព្យាបាលជំងឺគ្រុនចាញ់ពីមុនដែលត្រូវបានគេស្គាល់ថាជា chloroquine ប្រហែលជាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនៅប្រទេសចិននិងសិង្ហបុរី។ ក៏មានភ័ស្តុតាងដែលបញ្ជាក់ថា ថ្នាំប្រើសម្រាប់ជំងឺអេដស៍អាចព្យាបាលអ្នកជម្ងឺនៅប្រទេសចិនដែលជាមជ្ឈមណ្ឌលដំបូងនៃការរាតត្បាតជាសកល។ ទិន្នន័យសាកល្បងនៃការប្រើប្រាស់ថ្នាំនេះមិនត្រូវបានធ្វើឡើងដោយប្រទេសចិនទេ។ អ្នក វិទ្យាសាស្ត្របានច្រានចោលរបាយការណ៍ ដែលបានផ្សព្វផ្សាយតាមអុីនធើណេតថា អ្នកជំងឺប្រមាណ 12,000នាក់ បានជាសះស្បើយទាំងស្រុងពីវីរុស Covid-19 នៅក្នុងប្រទេសចិនបន្ទាប់ពីការប្រើប្រាស់ថ្នាំ Chloroquine។

លោក Paterson បាននិយាយថា ការធ្វើតេស្តនៅ មន្ទីរពិសោធន៍ដោយប្រើថ្នាំទាំង2 បញ្ចូលគ្នាបានបង្ហាញថាវាអាចព្យាបាលវីរុសនេះបាន។ អ្នកជំងឺនឹងមិនមានផ្ទុកវីរុស នេះនៅក្នុងប្រព័ន្ធរាងកាយរបស់ពួកគេទេ បន្ទាប់ពីបញ្ចប់ការព្យាបាល។ ការសម្រេចចិត្តនៅថ្ងៃទី18 ខែមីនា ក្នុងការធ្វើតេស្តលើមនុស្សបានធ្វើឡើងបន្ទាប់ពីអ្នកស្រាវជ្រាវបានអំពាវនាវជាសកលឱ្យមានការបរិច្ចាគថវិកា ដើម្បីគ្របដណ្តប់លើការចំណាយដែលប៉ាន់ស្មានថាមានចំនួន 750,000 ដុល្លារអូស្ត្រាលី (451,415 ដុល្លារអាមេរិក)។

មានការជំរុញជាបន្ទាន់ក្នុងការបង្កើតថ្នាំព្យាបាលវីរុស Covid-19 ពីព្រោះវ៉ាក់សាំងសម្រាប់វីរុសនេះ ត្រូវបានគេរំពឹងថានឹងត្រូវចំណាយពេលយ៉ាងហោចណាស់ 18ខែ។ ស្ថាប័នសិក្សានិងក្រុមហ៊ុនឱសថជាង30 កំពុងសហការគ្នាក្នុងការស្វែងរកវ៉ាក់សាំង ក្រោមកម្មវិធីសម្របសម្រួលដោយក្រុមមិនស្វែងរកប្រាក់ចំណេញដែលមានឈ្មោះថា Coalition for Epidemic Preparedness។

មន្ទីរពិសោធន៍នៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងធ្វើតេស្តសាកល្បងវ៉ាក់សាំងជាលើកដំបូងលើសត្វ ដោយប្រើប្រាស់គម្រូហ្សែនដែលត្រូវបានបង្កើតឡើងសម្រាប់វីរុស Sars និងវីរុស Mers ដែលបានផ្ទុះឡើងក្នុងឆ្នាំ 2002-2004 និងឆ្នាំ2012។

វិទ្យាស្ថានស្រាវជ្រាវ Kaiser Permanente Washington ដែលមាន មូលដ្ឋាននៅទីក្រុង Seattle បានចាប់ផ្តើមការសាកល្បងវ៉ាក់សាំងលើមនុស្សនៅថ្ងៃទី16 ខែមីនា ហើយកម្មវិធីស្រាវជ្រាវ2 ផ្សេងទៀត នៅសាកលវិទ្យាល័យ Queensland និង Imperial College London ក៏រំពឹងថានឹងចាប់ផ្តើមសាកល្បងលើអ្នកជំងឺក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតផងដែរ។

វ៉ាក់សាំងចំបងចំនួន 3 ឬ 4 មុខ នឹងត្រូវបានបង្កើតឡើង ហើយគម្រូដែលទទួលបានជោគជ័យបំផុតនឹងត្រូវបានជ្រើសរើសសម្រាប់ការចែកចាយ។ កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវទទួលបានការវិវត្តមួយនៅថ្ងៃទី17 ខែមីនា នៅពេលវិទ្យាស្ថាន Peter Doherty បានប្រកាសថាខ្លួនទទួលបានជោគជ័យក្នុងការកំណត់ពីរបៀបដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ការស្រាវជ្រាវបានបង្ហាញថា អ្នកជំងឺបានជាសះស្បើយពីវីរុសនេះ ដូចដែលពួកគេជាសះស្បើយពីជំងឺផ្តាសាយដែរ។

ការរកឃើញនេះមានសារសំខាន់ណាស់ ពីព្រោះវាជាលើកទីមួយ ដែលអាចឱ្យគេយល់អំពីរបៀបដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រយុទ្ធប្រឆាំងនឹងវីរុស Coronavirus នេះ។ ក្រុមស្រាវជ្រាវបានតាមដានដំណើរជាសះស្បើយរបស់ស្ត្រីអាយុ 47 ឆ្នាំម្នាក់ មកពីទីក្រុង Wuhan ដែលជា ចំណុចចាប់ផ្តើមនៃវីរុសនេះដែលនាងមានរោគសញ្ញាពីស្រាលទៅមធ្យម និងមិនមានប្រវត្តិបញ្ហាសុខភាពពីមុនទេ។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសអូស្ត្រាលី ហើយបានជាសះស្បើយឡើងវិញក្នុងរយៈពេល 2 សប្តាហ៍។

លោកស្រី Kedzierska បាននិយាយថា «កោសិកាភាពស៊ាំដែលត្រូវបានរកឃើញជាមួយនឹងអ្នកជម្ងឺផ្តាសាយត្រូវបានគេ ប្រទះឃើញនៅក្នុងចរន្តឈាមរបស់នាង 3ថ្ងៃមុនពេលសុខភាព របស់នាងចាប់ផ្តើមមាន ភាពប្រសើរឡើង។»

ផ្អែកលើ បទពិសោធន៍ជាមួយអ្នកជំងឺគ្រុនផ្តាសាយ គេអាចព្យាករណ៍ពីការជាសះស្បើយឡើងវិញ ហើយនោះជាអ្វីដែលបានកើតឡើងនៅក្នុង Covid-19 ដែលព័ត៌មាននេះនឹងអនុញ្ញាតឱ្យគេអាចវាយតម្លៃវ៉ាក់សាំងណាមួយដែលអាចត្រាប់តាមការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយមនុស្ស។ មជ្ឈមណ្ឌលស្រាវជ្រាវនេះត្រូវបានផ្តល់ថវិកាបន្ថែមដែល បានចូលរួមដោយ មហាសេដ្ឋីចិន Jack Ma ដើម្បីពង្រីកការកំណត់ភាពស៊ាំរបស់អ្នកជំងឺឱ្យបានច្រើនជាងមុន ដើម្បីតាមដានដំណាក់កាលនៃដំណើរការនៃការជាសះស្បើយឡើងវិញ។

លោកស្រី Kedzierska បានឱ្យដឹងថា «យើងដឹងថា យើងអាចបង្កើតការឆ្លើយតប ភាពស៊ាំទៅនឹងវីរុស ហើយលទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចែករំលែកជាមួយ មន្ទីរពិសោធន៍ស្រាវជ្រាវ ដទៃទៀតផងដែរ។»

អត្ថបទទាក់ទង