ខ្មែរប៉ុស្ដិ៍ Close

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមការងារបច្ចេកទេស ឱ្យសហការគ្នាជិតស្និទ្ធ និងមានទិសដៅតែមួយ ដើម្បីផ្លូវ ៣៨ខ្សែនៅសៀមរាប បញ្ចប់តាមផែនការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 26
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមការងារបច្ចេកទេស ឱ្យសហការគ្នាជិតស្និទ្ធ និងមានទិសដៅតែមួយ ដើម្បីផ្លូវ ៣៨ខ្សែនៅសៀមរាប បញ្ចប់តាមផែនការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមការងារបច្ចេកទេស ឱ្យសហការគ្នាជិតស្និទ្ធ និងមានទិសដៅតែមួយ ដើម្បីផ្លូវ ៣៨ខ្សែនៅសៀមរាប បញ្ចប់តាមផែនការ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការអន្តរក្រសួងសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប បានក្រើនរំលឹកដល់ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវនៅខេត្តសៀមរាបទាំង៣៨ខ្សែ សហការគ្នាឱ្យបានជិតស្និទ្ធ មានជំហររឹងមាំ និងទិសដៅតែមួយ ដើម្បីបញ្ចប់ការសាងសង់ផ្លូវតាមផែនការ និងមានគុណភាពរឹងមាំ។

ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលលោកដឹកនាំក្រុមការងារបច្ចេកសាងសង់ផ្លូវទាំង៣៨ខ្សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ។

គណៈកម្មការអន្តរក្រសួង បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែននគរូបនីយកម្ម និង សំណង់ ចំនួន៩ ត្រួតពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅខេត្តសៀមរាប ដើម្បីធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំស្របតាមស្តង់ដារបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក្ខនោះ។ ក្រុមការងារបច្ចេកទេសទាំង៩នេះ រួមមាន៖
១៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន១៣ខ្សែអនុវត្ត ដោយកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់
២៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ ខ្សែ អនុវត្តដោយកងវិស្វកម្ម តេជោហ៊ុន សែន ខេត្តសៀមរាប
៣៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែ អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប
៤៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់
៥៖ ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ
៦៖ ក្រុមការងារត្រួតពិនិត្យ តាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប
៧៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់មិនស្ថិតនៅក្រោមខ្សែផ្លូវទាំង ៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
៨៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារ កាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំ ដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ
៩៖ ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសសាងសង់ផ្លូវនេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយសហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីលើនោះ ត្រូវចុះត្រួតពិនិត្យតាមដានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ឱ្យស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស។

«ត្រូវចុះពិនិត្យផ្ទាល់ជាទៀងទាត់ ដើម្បីធានាគ្រប់ដំណាក់កាលនៃការសាងសង់ គឺអនុលោមតាមគោលការណ៍ ដែលបានកំណត់ និងត្រូវធ្វើការរាយការណ៍ជាប្រចាំជូនក្រុមការងារ ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជូនទៅគណៈកម្មការអន្តរក្រសួងផងដែរ»។ នេះជាការណែនាំបន្ថែមរបស់លោកទេសរដ្ឋមន្ត្រី។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ប្រសិនបើអង្គភាពអនុវត្តគម្រោងសាងសង់ណាមួយ មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា សៀវភៅបន្ទុក ប្លង់គោល ប្លង់លម្អិត និងបច្ចេកទេសសាងសង់ពាក់ព័ន្ធ ឱ្យបានម៉ឹងម៉ាត់ នោះទេ ក្រុមការងារនឹងមិនអនុញ្ញាតបន្តនីតិវិធីដើម្បីធ្វើការទូទាត់ប្រាក់ជាដាច់ខាត»។

សូមបញ្ជាក់ តាមរយៈការសិក្សាលម្អិតរចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនៅក្នុងខេត្តក្រុងសៀមរាប ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖
ប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ ឡើងវិញ
ប្រភេទទី២៖ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូAC កម្រាស់៧សង់ទីម៉ែត្រពីលើ
ប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ
ប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវ សាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ៕

អត្ថបទទាក់ទង