ខ្មែរប៉ុស្ដិ៍ Close

ទីលានទុកដាក់សំរាមខ្នាតធំ ស្របតាមស្តង់ដារបច្ចេកទេស២កន្លែង មានទីតាំងនៅខេត្តផ្សេងគ្នា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងថ្ងៃតែ១ 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 160
ទីលានទុកដាក់សំរាមខ្នាតធំ ស្របតាមស្តង់ដារបច្ចេកទេស២កន្លែង មានទីតាំងនៅខេត្តផ្សេងគ្នា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងថ្ងៃតែ១  ទីលានទុកដាក់សំរាមខ្នាតធំ ស្របតាមស្តង់ដារបច្ចេកទេស២កន្លែង មានទីតាំងនៅខេត្តផ្សេងគ្នា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងថ្ងៃតែ១ 

ទីលានទុកដាក់សំរាមស្របតាមលក្ខណៈបច្ចេកទេស ខ្នាតធំ ចំនួន២កន្លែង គឺក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ ដោយវត្តមានលោក លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីលានទុកដាក់សំរាមនេះ គឺសាងសង់ឡើង ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ នៃកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានក្រុមហ៊ុន អ៊ឹង ស៊ីមស៊ា ខនស្ត្រាក់សិន ជាអ្នកទទួលបន្ទុកសាងសង់ និងគ្រប់គ្រងគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រគល់ជូនដល់អាជ្ញាធរនៃខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ទទួលគ្រប់គ្រង និងអនុវត្តការងារបន្តទៀត។

សម្រាប់ខេត្តកំពង់ឆ្នាំ គឺស្ថិតនៅភូមិត្រពាំងស្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ និងខេត្តពោធិ៍សាត់ស្ថិតនៅក្នុងភូមិទួលម្កាក់ ឃុំរលាប ក្រុងពោធិ៍សាត់។ ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំងត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិចតា។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៦៤ ហិចតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជំរៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១២០.០០០ ម៉ែត្រគីប។ គម្រោងនេះបានចំណាយថវិការសាងសង់ប្រមាណ ១,៣៩លានដុល្លារអាមេរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៥,៥០ ហិចតា ។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៧២ ហិចតា (បណ្ដោយ៨៥ម៉ែត្រ ទទឹង៨៥ម៉ែត្រ និងជំរៅ០,៦៥ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១៤០.០០០ ម៉ែត្រគីប។ គម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ ១,៦៧លានដុល្លារអាមេរិក ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១៥ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧) សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។

ក្នុងពិធីសម្ពោធទីលានទុកដាក់សំរាមនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអរគុណចំពោះធនាគារ ADB ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ទីលានទុកដាក់សំរាមទាំងពីរកន្លែងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ការរៀបចំទីលានទុកដាក់សំរាមនេះ និងការរៀបចំប្រពន្ធចម្រោះទឹកកខ្វក់ ក៏ជាគោលនយោបាយមួយដ៏សំខាន់ ក្នុងការថែទាំសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល។ លោកបន្តថា បើយើងគ្មានទឹកស្អាតទទួលទាន គ្មានកន្លែងបញ្ចេញទឹកកខ្វក់ទៅវិញ ទឹកកខ្វក់នោះនឹងចូលទៅដល់ ទឹកអូរ ទឹកទន្លេរបស់យើង គឺវាធ្វើឱ្យមានផលប៉ះពាល់ដល់សុខុមាលភាព និងសុខភាពរបស់យើង៕

 

អត្ថបទទាក់ទង