ខ្មែរប៉ុស្ដិ៍ Close

ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ នឹងចាប់ផ្ដើមស្ថាបនាកែលម្អឡើងវិញនៅដើមឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 80
ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ នឹងចាប់ផ្ដើមស្ថាបនាកែលម្អឡើងវិញនៅដើមឆ្នាំ២០១៩ ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ នឹងចាប់ផ្ដើមស្ថាបនាកែលម្អឡើងវិញនៅដើមឆ្នាំ២០១៩

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀម កែលម្អ ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ នៅដើមឆ្នាំ២០១៩ខាងមុខ ដើម្បីលើកកម្ពស់គុណភាពផ្លូវសម្រាប់បម្រើដល់ការប្រើប្រាស់ជាប់បានយូរ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ថាសម្រាប់គម្រោងកែលម្អ ផ្លូវជាតិលេខ១ពីអ្នកលឿង ដល់បាវិត និងផ្លូវជាតិលេខ៦ ពីក្រុងសៀមរាប ដល់ក្រឡាញ់ ដែលមាន ប្រវែងសរុបចំនួនជិត១៤៦គីឡូម៉ែត្រគឺរាជរដ្ឋាភិបាលកម្ពុជា បានទទួលកច្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនូវទឹកប្រាក់ ចំនួន៧០លានដុល្លារ។ លោក បានបញ្ជាក់ថាក្រុមហ៊ុនដែលទទួលត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវទាំងពីរនេះត្រូវពិនិត្យការសាងសង់ឱ្យបានត្រឹមត្រូវ ស្របតាមស្ដង់ដារបច្ចេកទេស ដើម្បីធានាគុណភាពប្រើប្រាស់ ជាប់បានយូរ។

លោកបានលើកឡើងថាក្នុងកច្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនូវទឹកប្រាក់ ចំនួន៧០លានដុល្លារនេះ មួយផ្នែក ស្ថិតក្នុងគម្រោង ស្ថាបនាមន្ទីរពិសោធន៍ចំនួន៤កន្លែង នៅ ក្នុងខេត្ដក្រចេះ កំពត សៀមរាប និងខេត្ដពោធិ៍សាត់ ដើម្បីបង្កលក្ខណៈឱ្យក្រសួងសាធារណការ និង ដឹកជញ្ជូនធ្វើការត្រួតពិនិត្យបច្ចេកទេស ការស្ថាបនាផ្លូវថ្នល់ឱ្យកាន់តែមានគុណភាពរឹងមាំបន្ថែមទៀត។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុម ហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International កាលពីល្ងាចថ្ងៃទី៣១ខែតុលា នៅទីស្ដី ការក្រសួងសាធារណការ លោក ស៊ូ ដុង ផាក(Soo Dong Park) ប្រធានក្រុមហ៊ុន Korea Consultants International នៃប្រទេសកូរ៉េដែលទទួលបានការត្រួតពិនិត្យ និងជាទីប្រឹក្សាបច្ចេកទេសក្នុងការស្ថាបនាគម្រោង ទាំងពីរនេះ បានសន្យាថា ក្រុមហ៊ុននឹងគោរពទៅតាមកិច្ចព្រមព្រៀងនេះ ព្រមទាំងអនុវត្តតាមលក្ខណៈបច្ចេកទេស ដើម្បីធានាគុណភាពស្របតាមស្ដង់ដារ។

សូមបញ្ជាក់ថា គម្រោងស្ថាបនាកំណាត់ផ្លូវជាតិទាំងពីរនេះ នឹងធ្វើការលើកកម្រិតផ្លូវពីកម្រាល កៅស៊ីDBST បច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC និងធ្វើការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀង ចេញ៕

អត្ថបទទាក់ទង