ខ្មែរប៉ុស្ដិ៍ Close

ជំនួបថ្នាក់ដឹកនាំកម្ពុជា-ជប៉ុន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី​ក្នុងភាពជាដៃគូអភិវឌ្ឍ​លើគម្រោងវិនិយោគថ្មីៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
ជំនួបថ្នាក់ដឹកនាំកម្ពុជា-ជប៉ុន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី​ក្នុងភាពជាដៃគូអភិវឌ្ឍ​លើគម្រោងវិនិយោគថ្មីៗ ជំនួបថ្នាក់ដឹកនាំកម្ពុជា-ជប៉ុន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី​ក្នុងភាពជាដៃគូអភិវឌ្ឍ​លើគម្រោងវិនិយោគថ្មីៗ

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងជាពិសេសស្វែងរកព័ត៌មាន ឬទិន្នន័យថ្មីៗ ដែលក្រសួងផែនការសម្រេចបាន ដើម្បីជាមូលដ្ឋានគ្រឺះសម្រាប់ក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

មានប្រសាសន៍ក្នុងជំនួប លោកឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងនូវការអបអរសាទរ កោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអាចទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិភពលោក និងប្រទេសជប៉ុន បានកំពុងជួបប្រទះដូចគ្នា ហើយស្ថិតក្នុងកាលៈទេសៈនេះ ជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងប្រកាសផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់កម្ពុជាផងដែរ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវការកសាងសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងក្រោយ នៃការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងជំនួបនេះផងដែរ លោកឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងពីសារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន៖ ជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា , ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, ជំរឿន និងអង្កេតផ្សេងៗទៀត ដែលវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្ត ដើម្បីសម្រេចបាននូវប្រភពទិន្នន័យមួយដែលមានគុណភាព និងមានសារៈសំខាន់ ជាជំនួយស្មារតីដល់ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាក្រុមហ៊ុនវិនិយោគរបស់ជប៉ុន ស្វែងរកឱកាសវិនិយោគថ្មីៗទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនាមលោកជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា រីករាយក្នុងការជួយជ្រោមជ្រែង សហការឱ្យមានការវិនិយោគថ្មីៗទៀត ដល់កម្ពុជា។

មានប្រសាសន៍សំណេះសំណាល លោកទេសរដ្ឋមន្ត្រី បានថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងស្មារតី និងសម្ភារៈ ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន ចំពោះសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាដូចសព្វថ្ងៃ ជាពិសេសក្នុងអំឡុងពេលសម័យអ៊ុនតាក់ ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។

លោក ក៏បានថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការចៃកា(JICA) ក្នុងកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយក្រសួងផែនការ ចាប់តាំងពីឆ្នាំ២០០៥ មកដល់ដំណាច់ឆ្នាំ២០០៥ ភាគីជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់ក្រសួងផែនការ រួមមានទាំងការបណ្តុះបណ្តាលមន្ត្រីជំនាញ ប្រមាណជាង៦០០នាក់,ផ្តល់នូវអគារកម្ពស់៥ជាន់ សម្រាប់ដំណើការធ្វើជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨ , រួមសហការគ្នាជាមួយអង្គការUNFPA ក្នុងការធ្វើជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨, ការធ្វើបញ្ជីសហគ្រាសទូទាំងប្រទេសឆ្នាំ២០០៩ , ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលជាការងារជាតិដំបូងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមទាំងការអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០១៣ , អង្កេតចន្លោះជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ និងជំនួយបច្ចេកទេស សម្ភារៈ ដល់មន្ទីរផែនការ នៅថ្នាក់ក្រោមជាតិ ទាំង២៥រាជធានីខេត្តផងដែរ។

លោក បានបន្ថែមថា នៅរយៈពេលដ៏ខ្លីខាងមុខ ក្រសួងផែនការ នឹងរៀបចំប្រកាសលទ្ធផលជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ជាផ្លូវការ ហើយទិន្នន័យជំរឿននេះ គឺជាប្រភពទិន្នន័យដ៏សំខាន់ សម្រាប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងជាពិសេសក្រុមហ៊ុនវិនិយោគជប៉ុន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា កម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ មិនមែនកើតមកដោយឯកឯងនោះទេ ជប៉ុនគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ លោកសូមសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបង្កើតឡើងដោយខ្លួនឯង នូវសន្តិភាព និងការអភិវឌ្ឍមួយដ៏ពិតប្រាកដ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យមួយដ៏វែងឆ្ងាយ ប្រកបដោយការអភិវឌ្ឍ រីកចម្រើន ហើយលោក ក៏បានមើលឃើញពីការរីកចម្រើនខាងវិស័យបច្ចេកវិទ្យា ឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលទៅថ្ងៃមុខ ជប៉ុនក៏អាចនឹងមានឱកាសរៀនសូត្រពីកម្ពុជាលើវិស័យបច្ចេកវិទ្យា ឌីជីថល ផងដែរ។

ជាចុងក្រោយ លោក ក៏បានថ្លែងនូវអំណរគុណផងដែរចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់នូវអាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា មានមច្ឆិតាក្នុងកំណែ

ទម្រង់សេដ្ឋកិច្ចស៊ីជម្រៅ ប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ស្របតាមការរីកចម្រើនផ្នែកវិស័យបច្ចេកវិទ្យាសកល។ ជាទីបញ្ចប់ លោក បានផ្តាំផ្ញើនូវការសួរសុខទុក្ខ តាមរយៈលោកអគ្គរដ្ឋទូត ជូនចំពោះទីប្រឹក្សា និងជំនាញការJICAទាំងអស់ ដែលធ្លាប់មកធ្វើការនៅក្រសួងផែនការកន្លងមក សូមជូនពរឱ្យមានសុខភាពល្អ ជៀសផុតពីជំងឺបៀតបៀន និងសូមជូនពរលោកឯកអគ្គរដ្ឋទូត និងសហសេវិក មានសុខភាពល្អ និងជោគជ័យ ក្នុងឱកាសបំពេញភារកិច្ចដ៏មានសារៈសំខាន់នៅកម្ពុជា៕

អត្ថបទទាក់ទង