ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមនៅអ៊ុយក្រែនកំពុងធ្វើឱ្យប្រទេសជប៉ុន ពិចារណាឡើងវិញ នូវជម្រើសនុយក្លេអ៊ែររបស់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 94
សង្គ្រាមនៅអ៊ុយក្រែនកំពុងធ្វើឱ្យប្រទេសជប៉ុន ពិចារណាឡើងវិញ នូវជម្រើសនុយក្លេអ៊ែររបស់ខ្លួន សង្គ្រាមនៅអ៊ុយក្រែនកំពុងធ្វើឱ្យប្រទេសជប៉ុន ពិចារណាឡើងវិញ នូវជម្រើសនុយក្លេអ៊ែររបស់ខ្លួន

បន្ទាប់ពីមានជម្លោះនៅប្រទេសអ៊ុយក្រែន លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុននិងបច្ចុប្បន្នជាប្រធានគណបក្សដ៏ធំ គឺគណបក្ស Liberal Democratic Party (LDP) ដែលកំពុងតែកាន់អំណាច បានស្នើឱ្យជប៉ុនពិចារណារៀបចំទីតាំងដើម្បីដាក់អាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីជប៉ុន ដែលសកម្មភាពនេះក៏កំពុងតែកើតឡើងនៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ដូចជាអាល្លឺម៉ង់ផងដែរ។

ការលើកឡើងរបស់ លោក Abe ត្រូវបានធ្វើឡើងដោយពឹងផ្អែកទៅលើបរិបទដែលប្រទេសអ៊ុយក្រែនបានប្រកាសបោះបង់ចោលអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ១៩៩៤ ដែលជាហេតុធ្វើឱ្យប្រទេសនេះត្រូវរងគ្រោះរហូតមកដល់សព្វថ្ងៃ។

សេចក្តីប្រកាសនេះក៏ត្រូវបានស្នើឡើងដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការកើនឡើងនៃការឈ្លានពានផ្នែកយោធារបស់ប្រទេសចិននៅក្នុងលំហដែនសមុទ្ររបស់ប្រទេសជប៉ុន បូកផ្សំនឹងស្ថានភាពដ៏គ្រោះថ្នាក់ នៅលើឧបទ្វីបកូរ៉េ ក៏ដូចជាការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងដែលកំពុងតែមានអាវុធនុយក្លេអ៊ែរផងដែរ។

ការជជែកដេញ ដោលគ្នាចំពោះបញ្ហាដែលថា តើជប៉ុនគួរផ្តល់ទីតាំងសម្រាប់ដាក់អាវុធនុយក្លេអ៊ែរ ឬគួរតែក្លាយជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរខ្លួនឯងតែម្តង គឺមិនមែនជារឿងថ្មីនោះទេ។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ សៀវភៅដែលសរសេរដោយលោក John Endicott ក៏បានលើកឡើងអំពីជម្រើសនៃអាវុធនុយក្លេអ៊ែរនេះផងដែរ។

នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ប្រធានខុទ្ទកាល័យលោក Yasuo Fukuda និងនាយករងខុទ្ទកាល័យរបស់លោក Shinzo Abe ដែលក្រោយមកលោកទាំងពីរសុទ្ធតែបានឡើងធ្វើជានាយករដ្ឋមន្ត្រី បានលើកឡើងជាថ្មីម្តងទៀតអំពីទស្សនវិស័យនេះ។ ប៉ុន្តែទស្សនវិស័យនេះត្រូវបានក្រុមអ្នកវិភាគសន្តិសុខជប៉ុនបដិសេធវិញភ្លាមៗ។

ចាប់តាំងពីពេលនោះមក គេនៅតែបន្តធ្វើការពិភាក្សាគ្នានៅក្នុងចំណោមសហគមន៍អ្នកនយោបាយ និងអ្នកប្រាជ្ញអំពីបញ្ហាដែលថា តើជប៉ុនគួរក្លាយជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ឬចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការផ្តល់ជាទីតាំងសម្រាប់ដាក់អាវុធនុយក្លេអ៊ែរ ឬក៏ត្រូវរក្សាស្ថានភាពគ្មានអាវុធនុយក្លេអ៊ែរដូចបច្ចុប្បន្ន។

ប៉ុន្តែការលើកឡើងអំពីបញ្ហានេះជាថ្មី នៅអំឡុងពេលចុងក្រោយនេះ គឺជារឿងដែលស្ថិតនៅក្នុងបរិបទផ្សេងគ្នា។ សម្រាប់លើកនេះប្រធានក្រុមប្រឹក្សាទូទៅនៃគណបក្ស LDP «លោក Tatsuo Fukuda ដែលកំពុងតែកាន់តំណែងដ៏មានឥទ្ធិពលនៅក្នុងគណបក្សកាន់អំណាច ហើយអាចនឹងឡើងធ្វើជានាយករដ្ឋមន្ត្រីនៅពេលអនាគត» បានផ្តល់យោបល់ថា «យើងមិនត្រូវគេចវេះចេញពីការជជែកវែកញែកណាមួយនោះទេ»។

បេក្ខភាពប្រធានគណបក្ស LDP កាលពីឆ្នាំមុន និងបច្ចុប្បន្នជាប្រធានរៀបចំគោលនយោបាយរបស់គណបក្ស LDP គឺលោក Sanae Takaichi ក៏ពេញចិត្តនឹងការជជែកពិភាក្សាអំពីបញ្ហានេះដែរ។ ហើយគណបក្សប្រឆាំងអភិរក្សតូចៗមួយចំនួនក៏ចង់បញ្ចូលបញ្ហាជម្រើសនុយក្លេអ៊ែរនេះទៅក្នុងការពិភាក្សាអំពីគោលនយោបាយ ស្របពេលដែលពួកគេកំពុងតែធ្វើការពិចារណាអំពីគោលបំណងជាយុទ្ធសាស្ត្ររបស់ប្រទេសជប៉ុនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រឆាំងធំៗបានធ្វើការជំទាស់យ៉ាងខ្លាំងចំពោះការរំពឹងទុកបែបនេះ ហើយក៏បានបន្តលើកហេតុផលដើម្បីគាំទ្រដល់ការរក្សាស្ថានភាពគ្មានអាវុធនុយក្លេអ៊ែររបស់ជប៉ុននៅពេលបច្ចុប្បន្ននេះ។

សំណើរបស់លោក Abe ត្រូវបានច្រានចោលភ្លាមៗ ដោយលោកនាយករដ្ឋមន្ត្រី Fumio Kishidaនិងមេដឹកនាំ របស់គណបក្ស Komeito ដែលជាគណបក្សដៃគូរបស់គណបក្ស LDP ដែលកំពុងតែកាន់អំណាច។

សូម្បីតែរដ្ឋមន្ត្រីការពារជាតិ លោក Nobuo Kishi ដែលត្រូវជាប្អូនប្រុសរបស់លោក Abe ក៏បានច្រានចោលចំពោះគំនិតក្នុងការរៀបចំទីតាំងដើម្បីដាក់អាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីជប៉ុននេះផងដែរ ។ ការប្រកាសជំហររបស់លោក Kishi អាចជាការប្រកាសដើម្បីឱ្យស្របគ្នាជាមួយនឹងចៅហ្វាយរបស់លោក គឺលោក នាយករដ្ឋមន្ត្រី Kishida ជាជាងការឆ្លុះបញ្ចាំងអំពីគំនិតរបស់លោកផ្ទាល់ចំពោះបញ្ហានេះ។

លោក Kishida បានបញ្ជាក់ភ្លាមៗថា «ប្រទេសជប៉ុននឹងប្រកាន់ខ្ជាប់នូវគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង៣ ដែលត្រូវបានអនុម័តកាលពីឆ្នាំ ១៩៦៧ ដែលមិនអនុញ្ញាតឱ្យមានវត្តមាន, មិនមានការផលិត និងមិនអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅលើទឹក ដីរបស់ជប៉ុននោះឡើយ»។ គោលការណ៍ទាំងនេះនៅតែត្រូវបានគេបន្តរក្សាដដែល បើទោះបីជាប្រទេសជប៉ុនបានធ្វើការកែប្រែយ៉ាងច្រើននៅក្នុងវិស័យការពារជាតិ និងសន្តិសុខសម្រាប់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ។

ការអត្ថាធិប្បាយរបស់លោក Abe អាចនឹងសមស្របនៅក្នុងបរិបទបច្ចុប្បន្ន ដែលប្រទេសជប៉ុនកំពុងតែទទួលរងសម្ពាធពីបរិយាកាសយុទ្ធសាស្ត្រដែលមានការវិវត្តន៍យ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងនៅក្នុងសកលលោក។

ក្នុងនាមជានាយករដ្ឋមន្ត្រី លោក Abe បានដាក់ចេញនូវគំនិតផ្តួចផ្តើមគោលនយោបាយជាច្រើន ដែលមិនធ្លាប់កើតមាន នៅក្នុងទសវត្សរ៍មុនៗ ដូចជាការដកបម្រាមលើការនាំចេញទាក់ទងនឹងវិស័យការពារ, អនុញ្ញាតឱ្យប្រទេសជប៉ុនធ្វើការជាមួយប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូក្នុងការធ្វើការស្វ័យការពាររួមគ្នា, បង្កើតក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដំបូងរបស់ប្រទេសជប៉ុននិងការដាក់ចេញ នូវយុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) ជាលើកដំបូងដែលមិនធ្លាប់មាន។

រដ្ឋាភិបាលលោក Kishida មិនត្រឹមតែបានប្រកាសអំពីការធ្វើបច្ចុប្បន្នភាពទៅ លើយុទ្ធសាស្ត្រសន្តិសុខជាតិ NSS ដែលត្រូវបានដាក់ចេញដំបូងកាលពីឆ្នាំ២០១៣ ប៉ុណ្ណោះទេ រដ្ឋាភិបាលលោកក៏បានធ្វើការសន្យាធ្វើការកែប្រែគោលការណ៍ណែនាំកម្មវិធីការពារជាតិ និងកម្មវិធីការពារពាក់កណ្តាលអាណត្តិដែលត្រូវបាន ដាក់ចេញកាលពីឆ្នាំ ២០១៣ និង ២០១៨ ផងដែរ។ ការធ្វើបច្ចុប្បន្នភាព និងការកែប្រែទាំងអស់នេះត្រូវបានអនុវត្តនៅក្នុង ស្ថានភាពនៃការផ្លាស់ប្តូរយ៉ាងឆាប់ រហ័សនៃបរិយាកាសជាយុទ្ធសាស្ត្រ។

រដ្ឋាភិបាលលោក Kishida ទំនងជានឹងអាចបន្តសកម្មភាពទៅមុខថែមទៀត ហើយនឹងអាចធ្វើការពិចារណាក្នុងការបង្កើនសមត្ថភាពវាយប្រហារដើម្បីធានាឱ្យបាននូវបូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនជប៉ុន ព្រមទាំងការពារទ្រព្យសម្បត្តិយោធារបស់អាមេរិកនៅក្នុងប្រទេសជប៉ុនដែលរួមមានទាំងបុគ្គលិកការពារជាតិអាមេរិកប្រមាណ៥ម៉ឺននាក់ ។

ការដាក់កំហិតលើខ្លួនឯងរយៈពេលវែងចំពោះការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុន ដែលបានកំណត់ទំហំថវិកាមិនឱ្យលើសពី ១% នៃផលិតផលក្នុងស្រុកសរុប ក៏ទំនងជានឹងត្រូវធ្វើការកែប្រែនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

គណបក្ស LDP ក្រោមការដឹកនាំរបស់លោក Kishida ក៏បានផ្សព្វផ្សាយជាលើកដំបូងអំពីគំនិតនៃការចំណាយថវិកា ២% នៃផលិតផលក្នុងស្រុកសរុបដើម្បីរៀបចំឯកសារគោលនយោបាយ នៅមុនការបោះឆ្នោតសកល ដែលទើបនឹងត្រូវបានធ្វើឡើងកាល ពីខែតុលា ឆ្នាំ ២០២១។

ទោះបីជាការផ្លាស់ប្តូរបែបនេះនឹងមិនអាចកើតឡើងនៅក្នុងពេលឆាប់ៗនេះដោយ សារតែស្ថានភាពសារពើពន្ធមិនល្អរបស់ប្រទេសជប៉ុន និងការប្រឆាំងពីសំណាក់សាធារណជនក៏ដោយ ក៏ការចំណាយលើវិស័យការពារជាតិពិតជានឹងកើនឡើង ដូចអ្វីដែលវាធ្លាប់បានកើនឡើង នៅក្នុងរយៈពេលជាងមួយសវត្សរ៍កន្លងមក នេះអញ្ចឹង។

ប្រទេសជប៉ុនរួមជាមួយនឹងប្រទេសអាល្លឺម៉ង់ ជារឿយៗត្រូវបានគេទទួលស្គាល់ថាជា «រដ្ឋស៊ីវិល»។ ដោយមើលឃើញអំពីជម្លោះនៅប្រទេសអ៊ុយក្រែន ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសដែលបានផ្តល់ជាទីតាំងសម្រាប់ដាក់អាវុធនុយក្លេអ៊ែររបស់អាមេរិក បានធ្វើការបង្កើនថវិកាការពារជាតិរបស់ខ្លួន ហើយពេលនេះប្រទេសជប៉ុនក៏ត្រូវបានគេអំពាវនាវឱ្យធ្វើការដំឡើងដូចគ្នានេះផងដែរ។

សន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិការនិងសន្តិសុខទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងជប៉ុន ក្រោយសង្គ្រាមបានធានាថា ប្រទេសជប៉ុននឹងត្រូវរស់នៅដោយសុខសប្បាយ ក្រោមការការពារបន្ថែមរបស់សហរដ្ឋអាមេរិកដែលរួមមានទាំងការការពារពីការវាយប្រហារពីអាវុធនុយក្លេអ៊ែរផងដែរ។ ការព្រមព្រៀងគ្នានេះ ទំនងជាមិនអាចមានការផ្លាស់ប្តូរនោះទេ បើទោះបីជាប្រទេសជប៉ុនកំពុងទទួលរងការគំរាម កំហែងចំពោះទឹកដី និងដែនអធិបតេយ្យភាពក៏ដោយ។

ប៉ុន្តែការដាក់បំរាមនៅក្នុងគោលនយោបាយយុទ្ធសាស្ត្ររបស់ប្រទេសជប៉ុនដែលបានកំណត់មិនឱ្យចំណាយថវិកាលើសពី ១% នៃផលិតផលក្នុងស្រុកសរុបទៅលើវិស័យការពារជាតិនិងការអភិវឌ្ឍសមត្ថភាពវាយប្រហារនោះ ឥឡូវនេះកំពុងត្រូវបានគេលើកយកមកពិភាក្សាយ៉ាងយកចិត្តទុកដាក់។

«គ្មានគោល នយោបាយដែលពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិណា មួយដែលអាចស្ថិតនៅគង់វង្សជារៀងរហូតនោះទេ វាត្រូវតែមានការផ្លាស់ប្តូរនៅពេលដែលផលប្រយោជន៍របស់ប្រទេសមួយមានការផ្លាស់ប្តូរ»៕ Channel News Asia