ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ជប៉ុន ឈរនៅខាងអ្នកការពារប្រជាធិបតេយ្យ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 57
លិខិតមិត្តអ្នកអាន៖ ជប៉ុន ឈរនៅខាងអ្នកការពារប្រជាធិបតេយ្យ លិខិតមិត្តអ្នកអាន៖ ជប៉ុន ឈរនៅខាងអ្នកការពារប្រជាធិបតេយ្យ

ទីបំផុតទៅ ប្រទេសជប៉ុនបាន ប្រគល់ជូនសម្ភារៈដូចបានសន្យាដល់ គ.ជ.ប ដើម្បីគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ។ សម្ភារៈដែលជប៉ុន ប្រគល់ជូន គ.ជ.ប ជារួមមាន៖ ហឹបឆ្នោតចំនួន ១១ ០០០ ហឹប និង រថយន្តប្រភេទ Pickup សម្រាប់បម្រើការងារឲ្យការបោះឆ្នោតចំនួន ៤០ គ្រឿង។ ជំនួយទាំងនេះ មានតម្លៃជាទឹកប្រាក់ ៨០០ លាន យ៉េន ដែលជប៉ុនបានសន្យាផ្តល់ជូន គ.ជ.ប ដើម្បីគាំទ្រដល់ដំណើរការបោះឆ្នោត នៅកម្ពុជា។

ជំនួយរបស់ជប៉ុនពេលនេះ មានអត្ថន័យច្រើនយ៉ាងសម្រាប់កម្ពុជា៖

អត្ថន័យទី១៖ ជំនួយនេះបញ្ជាក់ថា ជប៉ុនឈរនៅខាងអ្នកការពារ ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ឥតងាករេ។ ជាជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ទីក្រុងតូក្យូ គឺដើម្បីបុព្វហេតុលើកស្ទួយប្រជាធិបតេយ្យ នៅកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។

អត្ថន័យទី២៖ ជំនួយរបស់ជប៉ុន បញ្ជាក់ថា មិត្តជប៉ុន ជាអ្នកជួយប្រទេសកម្ពុជាពិតប្រាកដ គឺជួយប្រជាជនកម្ពុជាដោយស្មោះត្រង់ ដោយគ្មានបង្កប់ភាពពិសពុល នៅពីក្រោយខ្នងដូចប្រទេសខ្លះ ដែលមានមហិច្ឆតាចង់លូកដៃចូលកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជា តាមរយៈការប្រើប្រាស់កូនជឹងរបស់ខ្លួន ឲ្យមកបង្កបញ្ហាគ្រប់បែបយ៉ាង។

តែលុះដល់កូនជឹងរបស់ខ្លួន មិនបានចូលរួមបោះឆ្នោតស្រាប់តែដកជំនួយវិញ។ នេះគេហៅថា ជំនួយហុតទឹកសម្លឹងកាក ប៉ុន្តែ ពេលមើលទៅមិនឃើញ កាកក៏ដកចានលែងឲ្យហុត។ ជំនួយបែបនេះខ្មែរមិនត្រូវការទេ តែកម្ពុជាត្រូវការជំនួយស្មោះត្រង់ ដូចមិត្តជប៉ុននេះជាដើម គឺជាជំនួយដែលគ្មានចំណង។

អត្ថន័យទី៣៖ ជំនួយរបស់ជប៉ុន ដែលប្រគល់ជូន គ.ជ.ប ពេលនេះជាព្រនង់សំពងពួក ប្រឆាំងដឹកនាំដោយ សម រង្ស៊ី ឲ្យភ្ញាក់ខ្លួនដូចខ្មោច ៧ ថ្ងៃថា ជប៉ុនមិនឈរនៅខាងអ្នកបំផ្លាញប្រជាធិបតេយ្យដូចពួកអ្នកកំពុងធ្វើសព្វថ្ងៃនេះឡើយ។ សម រង្ស៊ី និងបក្ខពួក គួរតែភ្ញាក់ខ្លួន ស្វាងពីដេកហើយនាំគ្នាគិតពិចារណា មករកផ្លូវត្រឹមត្រូវវិញ ដោយនាំគ្នាជួយធ្វើអ្វីដែលជា ប្រយោជន៍ជាតិ ទៅតាមលទ្ធភាពរបស់ខ្លួន ប្រសើរជាជាងដើរត្រាក់ៗទៅធ្វើបាតុកម្មប្រទេសនេះបន្តិច ប្រទេសនោះបន្តិចឲ្យបរទេសផ្តាច់ជំនួយពី កម្ពុជា ធ្វើឲ្យកិត្តិយសជាតិអាប់ឱន។ បរទេសដូចជប៉ុន នេះមិនមែនជាបរទេសធន់ដូចចៅហ្វាយរបស់ សម រង្ស៊ីទេណា សូមកុំច្រឡំ ឲ្យសោះ។ ស្តាយកម្លាំងណាស់ដែលខំឥតបានការ, បើទុកពេលទៅធ្វើអ្វីល្អៗ សម្រាប់ជួយប្រជាជន និងប្រទេសជាតិវិញមិនដឹងល្អ យ៉ាងណាទេ។

អត្ថន័យទី៤៖ ជំនួយរបស់ជប៉ុន សបញ្ជាក់ថា ការបោះឆ្នោតថ្ងៃទី ២៩ កក្កដានេះ មានតម្លៃគ្រប់គ្រាន់ពីព្រោះមានទាំងការ ជួយគាំទ្រ ពីប្រទេសធំៗដូចជាជប៉ុន ចិន រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀត, មានទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ជិត ៧ ម៉ឺននាក់ និងមានទាំងការប្រកួតប្រជែងដ៏ទូលំទូលាយរវាងគណបក្សចំនួន ២០។ នេះជាតម្លៃពិត តម្លៃសាកល នៃដំណើរការបោះឆ្នោត ដែលកំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និងប្រកបដោយសុខ សន្តិភាព គ្មានហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព ដែលជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

សរុបមក បងប្អូនប្រជាពលរដ្ឋខ្មែរទាំងឡាយ បានឃើញច្បាស់ហើយអំពីភាពត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាពសង្គម និងជាពិសេសការពារដំណើរការរៀបចំ ការបោះឆ្នោត ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ភាពត្រឹត្រូវនេះហើយដែលទទួលបានការគាំទ្រពីអន្តរជាតិ។

ចំណែកឯក្រុមអ្នក បំផ្លាញសន្តិភាព បំផ្លាញប្រជាធិបតេយ្យ បំផ្លាញភាព សុខសាន្តរបស់ប្រជាជន និងជាពិសេសការប៉ុនប៉ងបំផ្លាញ ដំណើរការបោះឆ្នោតបានទទួលបរាជ័យទាំងស្រុង។

ដូច្នេះ ក្នុងនាមខ្មែរដែល ស្រឡាញ់ប្រជាធិបតេយ្យ ស្រឡាញ់សន្តិភាព យើងទាំងអស់គ្នានឹងឈរនៅខាងភាពត្រឹមត្រូវជាមួយមិត្តជប៉ុន ដោយយើងទាំងអស់គ្នានឹងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ឲ្យបានគ្រប់ៗគ្នា។ ការឈរ នៅខាងអំពើល្អជាគុណធម៌ របស់មនុស្សជាតិនៅលើ សាកលលោក ជាពិសេសជាគុណធម៌ដ៏បវររបស់ពូជសាសន៍ខ្មែរ។

អរគុណមិត្តជប៉ុន និងបណ្តាមិត្តបរទេសជាច្រើនទៀតដែលឈរ នៅខាងអំពើល្អជាមួយពួកយើង ដើម្បីរួមគ្នាកម្ចាត់អំពើអាក្រក់ ឲ្យអស់ពីកម្ពុជា៕

ដោយ: សាស្ត្រចារ្យ វិជ្ជាសាស្ត្រសង្គម ខេត្តកំពង់ចាម

 

អត្ថបទទាក់ទង