ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំកន្លែងបញ្ចុះ ឬបូជាសព ដោយជំងឺកូវីដ-១៩ មិនមានហានិភ័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំកន្លែងបញ្ចុះ ឬបូជាសព ដោយជំងឺកូវីដ-១៩ មិនមានហានិភ័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំកន្លែងបញ្ចុះ ឬបូជាសព ដោយជំងឺកូវីដ-១៩ មិនមានហានិភ័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

ដើម្បីឱ្យមានសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាល្ងាចថ្ងៃចន្ទ ទី១២ កក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយតាមរយៈ Video Conference មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ទៅតាមការណែនាំនេះ ឱ្យទទួលបានជោគជ័យ និងមិនមានហានិភ័យពីការឆ្លងដោយជំងឺកូវីដ-១៩។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឡើងឱ្យមានកិច្ចប្រជុំនេះ គឺក្នុងគោលបំណងអនុវត្តន៍ឱ្យចំទិសដៅទៅតាមការណែនាំ ដោយសារតែយើងជាអ្នកអនុវត្តន៍ផ្ទាល់ទៅលើការងារទាំងនេះ ។

លោក បន្តថា ក្នុងនាមអាជ្ញាធរយើងត្រូវមើលពីសារៈសំខាន់ទាំងអស់គ្នា លើកទឹកចិត្តគ្នា មានបញ្ហាយើងរួមគ្នាដោះស្រាយ ។ កន្លងមកនេះអាជ្ញាធររបស់យើងអនុវត្តន៍បានល្អ ។ សពជាង ៧០០នាក់ហើយយើងធ្វើបានល្អ មិនមានបញ្ហាឆ្លងដោយជំងឺកូវីដ-១៩ ។ នេះជាមោទនភាពរបស់ក្រុមការងារគ្រូពេទ្យរបស់យើង ដែលអនុវត្តន៍បានល្អលើវិធានការក្រសួងសុខាភិបាល ទាំងការវេចខ្ចប់សព និងការការពារខ្លួន ដោយគិតមកដល់ពេលនេះមានសពដែលស្លាប់ដោយកូវីដ-១៩ ចំនួន ៧១១នាក់ហើយ ដែលក្រុមការងារយើងបានចាត់ចែងវេចខ្ចប់ បានល្អនិងទទួលបានជោគជ័យមិនមានហានិភ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីរបស់យើង ធ្វើការបញ្ជាក់ឱ្យបានលម្អិតបន្ថែមទៀតទៅលើសេចក្តីណែនាំនេះ ទាំងការជុំវិញការបញ្ចុះ ឬបូជាសាកសព ។ ការលើកសពដាក់ក្នុងក្ដារមឈូស ដែលមានតម្លៃថ្លៃ អាចប្រើមនុស្សមិនតិចជាង៦នាក់នោះទេ យើងគួរឱ្យពួកគាត់ស្លៀកសំលៀកបំពាក់ PPE ឬយ៉ាងណា ព្រោះការបំពាក់សំលៀកបំពាក់ PPE ពិតជាទទួលបានជោគជ័យ មិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នោះទេ តាមរយៈបទពិសោធន៍កន្លងមកនេះ។

លោក ឃួង ស្រេង

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីអប់រំណែនាំបន្ថែមអំពីសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ។ ការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩នេះ គឺក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។

១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវ ដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុក មុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាស នៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះ។

២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តន៍តាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុសកូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាក សព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើក មឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាសពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយអាល់កុល ជែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។

និង៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួមចម្ងាយ ១,៥ម៉ែត្រ ពីគ្នា និងចម្ងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ ៕

អត្ថបទទាក់ទង