ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ រៀបចំសម្អាតមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវ១៧៨ ដើម្បីទទួលសម្តេចតេជោក្នុងពិធីសម្ពោធសមិទ្ធផលថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ រៀបចំសម្អាតមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវ១៧៨ ដើម្បីទទួលសម្តេចតេជោក្នុងពិធីសម្ពោធសមិទ្ធផលថ្មី អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ រៀបចំសម្អាតមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវ១៧៨ ដើម្បីទទួលសម្តេចតេជោក្នុងពិធីសម្ពោធសមិទ្ធផលថ្មី

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួនធ្វើការសម្អាតមហាវិថីឈ្នះឈ្នះ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ឲ្យបានល្អដើម្បីទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសម្ដេចទាំងទ្វេនឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី ១៨ធ្នូឆ្នាំ២០២១ខាងមុខនេះ។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានធ្វើការណែនាំទៅក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនសំរាម ធ្វើការបោស កើប ប្រមូលនិងដឹកជញ្ជូនសំរាមអោយបានស្អាត ហើយធុងសំរាមដែលមានសភាពចាស់ៗ ក៏តែត្រូវប្តូរថ្មីឲ្យបានស្អាត ដើម្បីលើកសោភ័ណភាពនៅលើកំណាត់ផ្លូវនេះឲ្យបានល្អប្រសើរ ។

បន្ថែមពីលើនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ត្រូវសម្អាតបាញ់ទឹកលាងផ្លូវ កើបអាចម៌ដីនិងជួសជុលផ្លូវផងដែរដើម្បីឱ្យស្ថានភាពមហាវិថីឈ្នះឈ្នះនេះ មានសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ។

ក្រោយពីបញ្ចប់ការពិនិត្យមហាវិថីឈ្នះឈ្នះហើយ លោក ឃួង ស្រេង ក៏បានបន្តដំណើរចុះទៅពិនិត្យស្ថានភាពផ្លូវក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈនៅលើកំណាត់ផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញបន្តទៀត ដោយសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel) នៅព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។

គួរបញ្ជាក់ផងដែរថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

បន្តមកទៀតនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ជាពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទរថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទហាមធ្វើចរាចរឆ្លងកាត់កំណាត់ មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

អត្ថបទទាក់ទង