ខ្មែរប៉ុស្ដិ៍ Close

ទូតជប៉ុនសម្តែងក្តីព្រួយបារម្ភចំពោះស្ថានភាពទឹកជំនន់នៅកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42
ទូតជប៉ុនសម្តែងក្តីព្រួយបារម្ភចំពោះស្ថានភាពទឹកជំនន់នៅកម្ពុជា ទូតជប៉ុនសម្តែងក្តីព្រួយបារម្ភចំពោះស្ថានភាពទឹកជំនន់នៅកម្ពុជា

ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ កម្ពុជា បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពទឹកជំនន់នៅកម្ពុជា ដែលបាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា។ ក្នុងសាររបស់ឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជានៅថ្ងៃទី១២ខែតុលានេះ បានលើក ឡើងថា«ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជាដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាជន និងបង្ខំចិត្តឱ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិត ដោយសារទឹកជំនន់និងសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ឯកឧត្តម បានបន្តដោយបួងសួងឱ្យ ប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះ ដោយទឹកជំនន់។

តាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ខែតុលា ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចលង់ រាជធានីខេត្តចំនួន១១ និងបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ ខណៈជិត១ម៉ឺននាក់ ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជាង១០ម៉ឺននាក់។

ខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្ដរមានជ័យ និងខេត្តស្ទឹងត្រែង ហើយផ្ទះសម្បែងដែលត្រូវ រងការវាយប្រហារដោយទឹកជំនន់ដែលមានប្រភពពីដងស្ទឹង ព្រែក និងអូរនេះ មានចំនួន ជិត២ម៉ឺន៥ពាន់ខ្នង ស្របពេលដែលដីស្រែបង្កបង្កើនផលជាង៤ម៉ឺនហិកតានិងផ្ទៃដី ដំណាំកសិកម្មជាង៣ម៉ឺន៤ពាន់ហិកតាផ្សេងទៀត ត្រូវគ្របដណ្តប់ដោយផ្ទៃទឹក។
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា នៅខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងអាចកើតមានឡើងនូវទឹកជំនន់ផងដែរ បន្ទាប់ពីកម្ពស់ទឹកនៅទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ហក់ឡើងខ្ពស់ បន្ទាប់ពីទទួលទឹកភ្លៀងពីប្រព័ន្ធសម្ពាធទាប និងឥទ្ធិពលព្យុះទី១៥ ឈ្មោះ លីនហ្វា(LINFA)៕

អត្ថបទទាក់ទង