អភិបាលខេត្តកណ្តាល ព្រមានថាស្នើដកតំណែង មន្ត្រីឬកងកម្លាំងណា ដែលកាងទីតាំងល្បែងស៊ីសងខុសច្បាប់ ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
កណ្តាល៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១២៩៤ ម៉ែត្រ ស្ថិតនៅភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត និងស្រុក មេឃុំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបជាង ៥០០ នាក់។
លោកអភិបាលខេត្ត បានឆ្លៀតយកពិធីនេះ ណែនាំដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋអោយបានយល់ច្បាស់ពីផលវិបាកនៃគ្រឿងញៀន និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួម លុបបំបាត់ ទប់ស្កាត់ នូវការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ម្យ៉ាងទៀត លោកក៏បានសង្កត់ធ្ងន់ថា មន្ត្រីឬកងកម្លាំងគ្រប់ប្រភេទ ត្រូវនៅឱ្យឆ្ងាយពីការពាក់ព័ន្ធពីបទល្មើសផ្សេងៗ ពិសេសគឺបទល្មើសគ្រឿងញៀន និងបញ្ហាល្បែងស៊ីសងខុសច្បាប់ បើមានការពាក់ព័ន្ធ នោះនឹងត្រូវដកតំណែង។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ក្រុមហ៊ុនទទួលការ និងអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ដូចខាងក្រោម៖
- ណែនាំដល់មន្ត្រី កងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកកសិផលនាំទៅលក់អោយប្រទេសជតខាង និងត្រូវបំពេញការងារជាមួយប្រទេសជិតខាងប្រកបសន្តិសហប្រតិបត្តិការ ដោយគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
- លើកទឹកចិត្តអោយប្រជាពលរដ្ឋយកចិត្តបន្ថែមទៀតក្នុងការបង្កបង្កើនផលកសិកម្ម ដើម្បីបង្កើនគុណភាព សម្រាប់នាំចេញ។
- ផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្តយនូវគ្រោះថ្នាក់ផ្សេងៗ។
- ផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសន្តិភាពអោយបានគង់វង្សស្ថិតស្ថេរ មានសន្តិភាព ទើបមានការអភិវឌ្ឍ និងប្រជាធិបតេយ្យ។
- អំពាវនាវអោយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន៥០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ ម៉ឺនរៀល៕